ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​មានជំងឺ​បាក់ស្បាត​កម្រិត​ខ្ពស់​គឺ​៧ដង​ខ្ពស់​ជាង​ប្រទេស​នានា​​


ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​និង​របប​ខ្មែរក្រហម​ដែល​បាន​សម្លាប់​រង្គាល​ប្រជា​ពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរលាន​នាក់។​
ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​និង​របប​ខ្មែរក្រហម​ដែល​បាន​សម្លាប់​រង្គាល​ប្រជា​ពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរលាន​នាក់។​
​ភ្នំពេញ៖ ការ​អង្កេត​ដ៏​ទូលំទូលាយ​មួយ​ ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ ​បង្ហាញ​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​ជំងឺ​បាក់ស្បាត​ខ្ពស់​បំផុត​ធៀប​នឹង​ប្រជា​ពលរដ្ឋ​ក្នុង​ពិភព​លោក។​

របាយ​ការណ៍​នៃ​ការ​អង្កេត​ដែល​មាន​ចំណង​ជើងថា​ «ការ​អង្កេត​ផ្លូវចិត្ត​នៃ​កម្ពុជា» ​ដែល​ធ្វើឡើង​ដោយ​ដេប៉ាកតឺម៉ង់​ចិត្ត​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បញ្ជាក់​ថា ​អត្រា​នៃ​ជំងឺ​បាក់ស្បាត​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ជាង​ប្រជាជាតិ​ក្នុង​ពិភព​លោក​ចំនួន​ប្រាំ​ពីរ​ដង។​

លោក​សាស្ដ្រាចារ្យ​ខាន់ ​សារ៉េត ​អ្នក​ជំនាញ​ផ្នែក​ចិត្ត​វិទ្យា​នៃ​សកល​វិទ្យាល័យ​នេះ ​បាន​រៀបរាប់​ក្នុង​ការ​បង្ហាញ​របាយ​ការណ៍​ដោយ​ប្រៀបធៀប​ជាមួយ​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក។​

«ជំងឺ​បាក់ស្បាត​យើង​បាន​រកឃើញ​ថា​ មាន​២,៧​ភាគ​រយ។ ​ហើយ​បើ​យើង​ប្រៀបធៀប​ជាមួយ​របាយ​ការណ៍​អង្គការ​សុខភាព​ពិភព​លោក​ យើង​ឃើញ​ថា​ នៅ​លើ​ពិភពលោក​ជំងឺ​បាក់ស្បាត​ក្នុង​ពិភព​លោក​មាន​តែ​ចំនួន​០,៤​ភាគ​រយ​តែ​ប៉ុណ្ណោះ​ គឺ​មានន័យ​ថា ​ជំងឺ​បាក់ស្បាត​នៅ​ក្នុង​ប្រទេស​យើង​ខ្ពស់​ជាង​គេ​រហូត​ដល់​ទៅ​ប្រាំ​ពីរដង»។​

លោក​សាស្ដ្រាចារ្យ​ខាន់ សារ៉េត​ពន្យល់​ថា ​មូលហេតុ​នៃ​អត្រា​ខ្ពស់​នៃ​ជំងឺ​បាក់ស្បាត​នេះ​ដោយសារ​តែ​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​និង​របប​ខ្មែរក្រហម​ដែល​បាន​សម្លាប់​រង្គាល​ប្រជា​ពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរលាន​នាក់។​

«កាលណា​មាន​បញ្ហា​ផ្លូវ​ចិត្ត​ជា​ ទូទៅ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ក៏​ដូច​ជា​សេដ្ឋកិច្ច​សង្គម​ទាំងមូល​ដែរ​សម្រាប់​ការ​អភិវឌ្ឍ»។​

ការអង្កេត​លើ​បញ្ហា​ផ្លូវចិត្ត​នេះ​ធ្វើឡើង​ដោយ​មាន​ការ​សាកសួរ​លើ​ប្រជា​ពលរដ្ឋ​ចំនួន​២៦៩០​នាក់​នៅក្នុង​ខេត្ត​និង​ ចំនួន​៩ក្នុង​រាជធានី​ភ្នំពេញ។​ ការ​អង្កេត​បាន​ផ្តោត​លើ​ការប៉ះ​ទង្គិច​ផ្លូវចិត្ត ​អំពើហិង្សា ​ការ​ញៀនស្រា​និង​គ្រឿង​ញៀន​ជា​ដើម​ ការ​បាក់ស្បាត ​ការធ្លាក់​ទឹកចិត្ត ​ការ​ថប់​អារម្មណ៍​ ទំនោរ​ធ្វើ​អត្តឃាត​ បញ្ហា​របស់​កុមារ​ទៅកាន់​សាលារៀន​ អត្តចរិត​បំពាន​ឬ​agressive​និង​ការស្វែងរក​ជំនួយ​ព្យាបាល​ជាដើម។​

ការ​អង្កេត​បង្ហាញ​ទៀត​ថា​ ទំនោរ​ទៅរក​ការ​ធ្វើ​អត្តឃាត​មាន​រហូត​ដល់​៤២,៣៥​ភាគរយ​ធៀប​ជាមួយ​នឹង​ចំនួន​មនុស្ស​១០០០០០​នាក់​គឺ​លើសពី​ពីរ​ដង​ បើ​ធៀប​នឹង​អត្រា​ដែល​រក​ឃើញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ដែល​មាន​ចំនួន​ត្រឹមតែ​១៦​ភាគរយ​លើ​ចំនួន​មនុស្ស​ដូចគ្នា​នោះ។​

របាយការណ៍​ដដែល​បង្ហាញ​ថា ​ប្រជា​ពលរដ្ឋ​នៅក្នុង​ខាង​ក្រុម​មនុស្ស​លើ​នេះ​មាន​សញ្ញា​នៃ​រោគ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។​

របាយ​ការណ៍​បន្ថែម​ថា​ ភាពក្រីក្រ​បាន​ជំរុញ​ឲ្យមាន​ការ​ធ្វើ​អត្តឃាត​ បង្ក​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​ជំងឺ​ថប់​អារម្មណ៍​កម្រិត​ខ្ពស់។ ​ម្យ៉ាងវិញ​ទៀត​ភាគ​ច្រើន​លើស​លប់​នៃ​ប្រជាពល​រដ្ឋ​ ដែល​ត្រូវ​បាន​ជួប​សម្ភាស ​បាន​ស្វែងរក​មណ្ឌល​សុខភាព ​នៅ​ពេល​ដែល​ពួកគេ​មាន​បញ្ហា​ផ្លូវចិត្ត។ ប៉ុន្តែក្នុង​ចំណោម​ពួក​គេ ​មានមនុស្ស​មួយ​ចំនួន​ក៏​បាន​ស្វែងរក​ជំនួយ​ពី​គ្រូ​បុរាណ​ខ្មែរ​ផងដែរ។​

ក្រុម​អ្នក​ធ្វើ​ការ​អង្កេត​ក្នុង​របាយ​ការណ៍​នេះ​បាន​ស្នើ​ឲ្យមាន​ការ​យក​ចិត្តទុក​ដាក់​សម្រាប់​សេវា​កម្ម​លើ​រោគ​ផ្លូវ​ចិត្ត​នេះ​ ទាំង​សម្រាប់​កុមារ​និង​មនុស្ស​ពេញវ័យ។​

នៅ​ប្រទេស​កម្ពុជា​ មាន​មណ្ឌល​សេវា​កម្ម​ព្យាបាល​បញ្ហា​ផ្លូវចិត្ត​ត្រឹមតែ​ប្រាំបួន​ប៉ុណ្ណោះ​ក្នុង​ចំណោម​២៤​ខេត្ត​ក្រុង​និង​រាជធានី។​

លោកស្រី​អ៊ុម រ៉ាវី ​សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លើកឡើង​ថា ​បញ្ហា​ផ្លូវចិត្ត​អាច​នាំ​ឲ្យ​បុគ្គល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។​

«ជួន​កាល​បុគ្គល​ ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ អាច​ឈាន​ដល់​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នានា​ និង​ករណី​ខ្លះ​អាច​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ទៀត​ផង»។​
ដោយឡែក​លោក​វេជ្ជបណ្ឌិត​សា​ផុន វន្ថា​ណាក់ ​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល​ កត់​សម្គាល់​ថា ​របាយ​ការណ៍​នៃ​ការ​អង្កេត​នេះ​គឺជា​ការ​ចែក​រំលែក​នូវ​ចំណោះ​ដឹង​មួយ៕
XS
SM
MD
LG