ភ្នំពេញ៖ មន្ត្រីជំនាញផ្នែកជំងឺទឹកនោមផ្អែមបានសំដែងការព្រួយបារម្ភចំពោះស្ថានភាពជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសកម្ពុជាដោយសារប្រជាពលរដ្ឋភាគច្រើននៅមិនទាន់បានយល់ដឹងនិងចាប់អារម្មណ៍អំពីគ្រោះថា្នក់នៃជំងឺនេះនៅឡើយ។
យ៉ាងហោចណាស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាដែលមានអាយុចន្លោះពី២៥ឆ្នាំទៅ៦៤ឆ្នាំប្រមាណជា៣០ម៉ឺននាក់បានកើតជំងឺទឹកនោមផ្អែម ពោលគឺប្រហែលជា៣ភាគរយនៃប្រជាជនមានអាយុក្នុងចន្លោះនេះ។ ហើយភាគច្រើននៃអ្នកជំងឺច្រើនរស់នៅទីក្រុងនិងទីប្រជុំជន។ នេះបើយោងតាមការអង្កេតស្រាវជ្រាវរបស់ក្រសួងសុខាភិបាលកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សី ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមគួរឲ្យព្រួយបារម្ភពី ព្រោះមានប្រជាពលរដ្ឋប្រហែលជា២០ភាគរយតែប៉ុណ្ណោះមានការយល់ដឹងអំពីជំងឺនេះ។
លោកស្រីបានបញ្ជាក់ថា ដោយសារជំងឺទឹកនោមផ្អែមមិនមែនជាជំងឺឆ្លង ហើយការផ្សព្វផ្សាយអំពីជំងឺនេះនៅមានកម្រិតនៅឡើយ ទើបប្រជាពលរដ្ឋភាគច្រើនមិនចាប់អារម្មណ៍ស្វែងយល់ពីជំងឺនេះ។
លោកស្រីបានព្រមានថា ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យអ្នកជំងឺស្លាប់ក្នុងវ័យក្មេងប្រសិនបើអ្នកជំងឺមិនយកចិត្តទុកដាក់ក្នុងការព្យាបាលនិងតាមដាននោះទេ។
«គេថា ជំងឺមិនឆ្លងជាជំងឺមួយដែលថា គ្មាននរណាចាប់អារម្មណ៍ សូម្បីតែសាម៉ីខ្លួន ខ្លួនឯងក៏មិនចាប់អារម្មណ៍ដែរ។ ជួនកាលដល់ពេលដែលធ្លាក់ខ្លួនឈឺខ្លាំងទើបគាត់ចាប់អារម្មណ៍។ នៅពេលដែលគាត់មានសុខភាពល្អ គាត់អត់មានព្យាយាមទៅពិនិត្យសុខភាពរបស់គាត់ទេ។ លោកស្រីវេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សី
នេះជាអត្តចរិតមួយគួរផ្លាស់ប្តូរ។យើងមានការព្រួយបារម្ភណាស់។ បើយើងអត់មានវិធានការទប់ស្កាត់ អប់រំណែនាំទេ វាអាចធ្វើឲ្យ តាំងពីវ័យក្មេងទៅ នឹងអាចប្រឈមកាន់តែខ្លាំង»។
ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃដែលជាតិស្ករក្នុងសរីរាង្គលើសពីកម្រិតធម្មតា។ ជំងឺទឹកនោមផ្អែមមាន២ប្រភេទ។ ប្រភេទទី១ជំងឺច្រើនកើតតែទៅលើកូនក្មេង និងមនុស្សជំទង់ ដែលមានប្រមាណជា៥ទៅ១០ភាគរយនៃអ្នកជំងឺសរុប។ ប្រភេទទី២ ច្រើនកើតនៅលើមនុស្សពេញវ័យ។
ជាមធ្យមអ្នកជំងឺទឹកនោមផ្អែមប្រហែលជា៥០ភាគរយមិនបានដឹងខ្លួនថា មានជំងឺនោះទេ។ មូលហេតុដែលបង្កឲ្យកើតជំងឺទឹកនោមផ្អែមមានដូចជា លក្ខណៈតពូជ របៀបរស់នៅ របបអាហារ ខ្វះលំហាត់ប្រាណ សភាពលើសទំងន់ ឬធាត់ អាយុលើសពីពាក់កណ្តាលជីវិតឡើងទៅ ស្រី្តមានផ្ទៃពោះ ការព្រួយបារម្ភ និងមានការតឹងតែងក្នុងចិត្តជាដើម។
រោគសញ្ញានៃជំងឺទឹកនោមផ្អែមមានដូចជា អស់កម្លាំង ស្រវាំងភ្នែក នោមច្រើន នោមញឹកញាប់ ស្រេកទឹកជារឿយៗ រោយ និងចុកជើង។ របួសរបស់អ្នកមានជំងឺនេះមើលមិនងាយជាសះស្បើយទេ។ ក៏ប៉ុន្តែមានបុគ្គលខ្លះ រោគសញ្ញាទាំងអស់នេះពុំបានបង្ហាញឡើងទេ ប៉ុន្តែស្រាប់តែកើតមានជំងឺនេះតែម្តង។ របបអាហារនិងការហាត់ប្រាណគឺជាកត្កាសំខាន់មួយក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។
លោកវេជ្ជបណ្ឌិតទូច ខុន ជាប្រធានផ្នែកជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យព្រះកុសុមៈនិងជាអនុប្រធាននៃសមាគមជំងឺទឹកនោមផ្អែមកម្ពុជា បានឲ្យដឹងដែរថាអ្នកកើតជំងឺទឹកនោមផ្អែម មានចំនួនកើនឡើងជារៀងរហូត ពី១ឆ្នាំទៅ១ឆ្នាំហើយបើសិនជាមិនមានវិធានការទប់ស្កាត់នោះទេ ប្រហែលជាង១០ឆ្នាំទៀតអ្នកកើតជំងឺទឹកនោមមានលើសពី៦០ម៉ឺននាក់។
លោកបានបន្តថា ជំងឺទឹកនោមផ្អែមបង្កការលំបាកជាច្រើនដល់អ្នកជំងឺ ដូចជាត្រូវដួល សន្លប់ភ្លាមៗ បើសិនជាជាតិស្ករមានការចុះខ្លាំងពេក ឬក៏ឡើងខ្ពស់ពេក។ ជំងឺនេះក៏អាចបង្កឲ្យមានជំងឺសរសៃឈាមបេះដូង ជំងឺតម្រងនោម ជំងឺសរសៃប្រសាទ និងជំងឺងងឹតភ្នែកជាដើម។
លោកបានចាត់ទុកថា ជំងឺទឹកនោមផ្អែមគឺជាឃាតករលាក់មុខដែលអាចសម្លាប់មនុស្ស បានដោយមានប្រជាពលរដ្ឋមួយចំនួនមិនបានដឹងថា ខ្លួនមានជំងឺទឹកនោមផ្អែមនោះទេ។
«ពីព្រោះអីយើងឃើញ ដោយសារអត្រានៃអ្នកកើតជំងឺទឹកនោមផ្អែមនេះវាចេះតែកើនឡើងរហូត។ ជាពិសេសអ្នកដែលមានបញ្ហា ផលវិបាកក៏មានការកើនឡើងខ្ពស់។ ថ្ងៃក្រោយយើងនឹងមានបញ្ហាច្រើនចំពោះអ្នកជំងឺទឹកនោមផ្អែម មានផលវិបាកច្រើនណាស់។ ជំងឺទឹកនោមផ្អែមគឺហាក់បីដូចជាឃាតករស្ងៀមស្ងាត់»។
លោកស្រីវេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សីឲ្យដឹងបន្តថា ជំងឺទឹកនោមផ្អែមប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចសង្គម និងគ្រួសារ ពីព្រោះក្រុមគ្រួសារត្រូវចំណាយថវិកាជាច្រើនលើការព្យាបាល រហូតដល់ចុងបញ្ចប់នៃជីវិតអ្នកជំងឺ។
លោកម៉ូរីតស៍ វ៉ាន់ប៉ែល ប្រធានអង្គការមណ្ឌលព័ត៌មានជំងឺទឹកនោមផ្អែម បានឲ្យដឹងថា ដើម្បីកាត់បន្ថយការចំណាយទៅលើការព្យាបាលអ្នកជំងឺ សំខាន់បំផុតត្រូវចេះគ្រប់គ្រងលើខ្លួនឯង ដូចជាការតាមដានជាតិស្ករនៅក្នុងខ្លួនរបបអាហារ និងហាត់ប្រាណជាដើម។
លោកបានបន្តថា អង្គការមណ្ឌលព័ត៌មានជំងឺទឹកនោមផ្អែមបានបង្កើតបណ្តាញមិត្តអប់រំមិត្តនៅក្នុងខេត្តក្រុងចំនួន៥ក្នុងប្រទេសកម្ពុជាដើម្បីជំរុញឲ្យអ្នកជំងឺទឹកនោមផ្អែមមានលទ្ធភាពទទួលបាននូវព័ត៌មានត្រឹមត្រូវ ជាពិសេសអ្នកដែលមានជីវភាពក្រីក្រ។
«ជាក់ស្តែងជំងឺនេះគឺមិនអាចជាដាច់ទេ។ គាត់ត្រូវរៀនគ្រប់គ្រងដើម្បីគាត់រស់ធម្មតាបាន។ បើសិនគាត់រៀនគ្រប់គ្រងជំងឺខ្លួនឯងខ្លះ ហើយពេលណាគាត់ត្រូវការជួបជាមួយពេទ្យ ប៉ុន្មានដងក្នុងមួយឆ្នាំ ក្រោយមកគាត់វាស់ខ្លួនឯង គាត់យល់ គាត់ហូបអីត្រឹមត្រូវ គាត់ហាត់ប្រាណត្រឹមត្រូវ អញ្ជឹងគាត់រស់បានធម្មតា។បើសិនគាត់អត់យល់ថា គ្រប់គ្រងដូចម្តេច បន្ទាប់មកគាត់ទៅពេទ្យអាហ្នឹង ចាយ លុយច្រើនណាស់»។
ដើម្បីជួយទប់ស្កាត់ការកើនឡើងនៃអ្នកជំងឺទឹកនោមផ្អែម លោកស្រីវេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សីបានឲ្យដឹងថា ក្រសួងសុខាភិបាលបានអប់រំដល់មន្ត្រីជំនាញសម្រាប់ធ្វើការណែនាំដល់អ្នកជំងឺដែលបានមកព្យាបាល ចែកខិតបណ្ណព័ត៌មានអំពីជំងឺទឹកនោមផ្អែមដល់ប្រជាជន ហើយនៅក្នុងឆ្នាំនេះការយល់ដឹងពីជំងឺទឹកនោមផ្អែមត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា អប់រំចំណេះដឹងទូទៅ ហើយសិស្សានុសិស្សកម្ពុជានឹងចាប់ផ្តើមសិក្សាអំពីចំណេះដឹងនេះនៅឆ្នាំក្រោយ៕