ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ខ្មែរ​អាមេរិកាំង​ជ្រើស​រើស​អ្នក​ចម្រៀង​ចូល​រួម​មហោ​ស្រព​ចម្រៀង​ខ្មែរ​នៅ​កម្ពុជា

  • ជាង សុភីណារ័ត្ន

ពលរដ្ឋ​ខ្មែរ​នៅ​ទី​ក្រុង​ឡុង​ប៊ិច​
ឡងប៊ិច៖ គណៈ​កម្មការ​ប្រឡង​ចម្រៀង​នៅ​ទី​ក្រុង​ឡុង​ប៊ិច​កំពុង​ធ្វើ​ការ​ប្រកាសស្វែង​រកអ្នក​មាន​ទេព​កោសល្យខាង​ផ្នែក​ចម្រៀងដើម្បី​ចូល​រួមការ​ប្រកួត​ប្រជែង​ដ៏​ធំ​មួយ​នៅ​កម្ពុជាក្នុង​មហោស្រពចម្រៀង​ខ្មែរ​សាកល​ឡើង​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ​ខាង​មុខ​នេះ។
​នេះ​ជា​ឆ្នាំទី ២ សម្រាប់​បេក្ខជន​ខ្មែរ​អាមេរិកាំង​ក្នុង​ការទៅ​ចូល​រួម​ការ​ប្រកួត​ដ៏​ធំ​នេះ​ហើយ​វា​ជា​កិច្ច​សហការ​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជាជា​មួយ​មជ្ឈមណ្ឌល​សិល្បៈ​វប្បធម៌​នៃ​ទី​ក្រុង​ឡុងប៊ិច។​ នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន​ការ​ប្រឡងជ្រើស​រើស​តំណាង​ពី ទី​ក្រុង ឡូវែល (Lowell) រដ្ឋ ម៉ាស្សាជូស៊ែត្តស៍ (Massachusetts)​ផង​ដែរ។
​លោក​ស្រី លឿង ណា​រី ដែល​ជា​ប្រធាន​គណៈ​កម្មការ​រៀប​ចំ​ការ​ប្រឡង​នៃ​ទី​ក្រុង​ឡុង​ប៊ិច​និយាយពី​លក្ខខណ្ឌ​នៃ​ការ​ប្រឡង៖
«ក្នុង​ឆ្នាំ​នេះ វិញ្ញា​សារ​ប្រឡង​នៅ​ភ្នំពេញ​មាន​ស្មូត ការ​តែង​កំណាព្យ តែ​ខាង​ឡុង​ប៊ិច​យើង​នេះ យើង​រើស​យក​តែ​វិញ្ញាសារ​ចម្រៀង​បុរាណ យីកេ ​មហោ​រី និង​ចម្រៀង​សម័យ​លោក​ស៊ិន ស៊ី​សាមុត ​រស់ សេរី​សុធា ប៉ែនរ៉ន​ដែល​លោក​បាន​បន្សល់​ទុក​នូវ​ជា​មរតក​ដល់​កូន​ខ្មែរ​យើង»។
ការ​ប្រឡង​នេះ​នឹង​ជ្រើស​រើស​យក​បេក្ខជន​ចំនួន​បួន​រូប ​គឺ​ប្រុស​ពីរ ស្រី​ពីរ ដែល​មាន​ទេព​កោសល្យ​ខាង​ចម្រៀង​សម័យ និងបុរាណ។
លោក សុង ឆាល ជា​អនុប្រធាន គណៈ​កម្មការ​ការ​ប្រឡង និយាយ​ថា៖
«បើ​តាម​គោលបំណង​របស់​ក្រសួង​គឺ​ឱ្យយើង​ផ្តោត​ទៅ​លើ​បទ​បុរាណ​ជាង​សម័យ។ តែ​យោង​ទៅ​លើ​បង​ប្អូន​យើង​មក​នៅ​ក្រៅ​ប្រទេស​យូរ​មក​ហើយ ដូច្នេះ​យើង​នឹង​រៀបចំ​ទៅ​តាម​លទ្ធភាព។ ដូច្នេះ​យើង​នឹង​ផ្តោត​លើ​ចម្រៀង​សម័យ​ជាង​បុរាណ»។
បេក្ខជន​ដែល​អាច​ចុះ​ឈ្មោះ​ប្រឡង ត្រូវ​តែ​ជា​ជន​ជាតិ​ខ្មែរ ឬ​មាន​ឪពុក​ម្តាយ​ជា​ជន​ជាតិ​ខ្មែរ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ ហើយ​អ្នក​ដែល​នឹង​ត្រូវ​បាន​ជ្រើស​រើស​នឹង​ទទួល​បាន​សំបុត្រ​យន្ត​ហោះ​ដើម្បី​ទៅ​ចូល​រួម​ការ​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​រួម​នឹង​ថ្លៃ​ស្នាក់​នៅ​ផង​ដែរ។ ​លោក ឆាល​ យល់​ថា នេះ​ជា​ឱកាស​ល្អ​សម្រាប់​បង​ប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចូល​រួម​ជា​មិត្ត​ភាព​ក្នុង​ការ​ប្រឡង​ចម្រៀង​ដ៏​មហា​សាល​នេះ​នៅ​ប្រទេស​កម្ពុជា។ លោក​សង្ឃឹម​ថា មាន​បងប្អូនខ្មែរ​នៅ​សហរដ្ឋ​អាមេរិកនេះ​ចូល​រួម​ច្រើន។ ​លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖
«គោលបំណង​ទី​១​គឺ​ចង់​ឱ្យ​បង​ប្អូន​យើង​មាន​ចិត្ត​ស្រឡាញ់​គ្នា​មាន​គំនិត​រួប​រួម​គ្នា​តាម​រយៈ​សិល្បៈ​ក្នុង​នេះ​គឺ​ការ​ប្រឡង​ចម្រៀង។ គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ គាត់​អាច​មក​ដាក់​ពាក្យ​ប្រឡង​ហើយ​សង្ឃឹម​ថា ទៅ​ថ្ងៃមុខ​បើ​មិន​អាច​មាន​លទ្ធភាព​លើក​នេះ​គាត់​នឹង​ចូល​រួម​ការ​ប្រឡង​នេះ»។
បេក្ខជន​ដែល​ចង់​ចុះ​ឈ្មោះ​អាច​ទៅ​យក​ពាក្យ​នៅ​មជ្ឈ​មណ្ឌល​សិល្បៈ​វប្បធម៌​នៃ​ទី​ក្រុង​ឡុង​ប៊ិច​ឬ​អាច​ទាញ​យក​តាម​ប្រព័ន្ធអ៊ីនធឺណិត ឬ​គេហ​ទំព័រ​ដែល​មាន​អាសយ​ដ្ឋានAngkoridol.com ហើយ​ផ្ញើ​ពាក្យ​ទៅ​កាន់​ការិយាល័យ​មជ្ឈ​មណ្ឌល​សិល្បៈ​វប្បធម៌​ផ្ទះ​លេខ​2338 ផ្លូវAnaheim, បន្ទប់​លេខ​105, ទីក្រុង​ឡង​ប៊ិច(Long Beach), រដ្ឋ​កាលីហ្វញ៉ា។ ការ​ទទួល​ពាក្យ​ប្រឡង​ចម្រៀង​នេះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ១៥​ខែ​កញ្ញា​នេះ​ហើយ​ការ​ប្រកួត​ច្រៀង​នៅទីក្រុង​ឡុង​ប៊ិច​នឹ​ងធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ ខែ​ តុលា។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​មុន​គណៈ​កម្មការ​នៅ​ទី​ក្រុង​ឡង​ប៊ិច និង​ក្រុង​ ឡូវែល បាន​ជ្រើស​រើស​យក​បេក្ខជន​ពីរ​រូប និង​បេក្ខនារី​ពីរ​រូប​ដើម្បី​ទៅ​ចូល​រួម​ការ​ប្រឡង​នៅ​កម្ពុជា។
XS
SM
MD
LG