ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ធន​ធាន​ទឹក៖​ ពល​រដ្ឋត្រូវ​​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​​​កម្តៅ​នៅ​តំបន់​ខ្លះ​​នឹង​ឡើង​ដល់​ជិត​៤០​អង្សាសេ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ


មនុស្សម្នា​នាំ​គ្នា​ដើរ​នៅ​ពី​មុខ​កាំជណ្តើរ​ឡើង​ទៅ​វត្តភ្នំ​ ដែល​មាន​ការ​តុបតែង​លម្អ​សម្រាប់​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
មនុស្សម្នា​នាំ​គ្នា​ដើរ​នៅ​ពី​មុខ​កាំជណ្តើរ​ឡើង​ទៅ​វត្តភ្នំ​ ដែល​មាន​ការ​តុបតែង​លម្អ​សម្រាប់​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧត្តុ​និយម​បាន​ឱ្យ​ដឹង​ថា អំឡុង​ពេល​មាន​ការប្រារព្ធ​ពិធី​បុណ្យចូល​ឆ្នាំខ្មែរនា​ពេលខាង​មុខ​នេះ ​អាកាស​ធាតុនឹង​មាន​សភាព​ក្តៅខ្លាំង ​ដែល​កម្តៅ​នឹង​ឡើង​ដល់​ជិត​ ៤០ ​អង្សាសេ​នៅ​ក្នុងតំបន់​ខ្លះ ហើយ​តំបន់​ខ្លះ​ទៀតនឹង​អាច​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់។ ​

​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ លោក ​ចាន់ យុត្ថា ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ​ដូចជា​ខេត្ត​ពោធិ៍សាត់ ​បាត់ដំបង​ បន្ទាយ​មានជ័យ​ និង​ខេត្ត​សៀមរាប ​សីតុណ្ហ​ភាពអាច​ហក់​ឡើង​ដល់ ៣៩ ​អង្សាសេ​ ដែល​ជាអាកាស​ធាតុ​ក្តៅ​ខ្លាំង។

ប៉ុន្តែ​លោក​ថា ​ស្ថានភាព​នេះ​មិន​មែន​មានពេញ​មួយ​ថ្ងៃ​ទេ ​គឺ​ក្នុង​មួយ​ខណៈ​ខ្លី​ណា​មួយ​តែ​ប៉ុណ្ណោះ ​ជាពិសេស​ចាប់​ពី​ម៉ោង​ ១២ ​ថ្ងៃ​ត្រង់​ ​ដល់​ម៉ោង​ ៣ ​រសៀល​ ដែល​ទាមទារ​ឱ្យ​ប្រជា​ពលរដ្ឋ​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើន​ និង​គួរតែ​មាន​ទឹក​ជាប់​ខ្លួន ​ដើម្បី​រក្សា​លំនឹង​ជាតិ​ទឹក​ក្នុង​រាង​កាយ។

លោក​បន្ថែម​ថា៖ ​«យើង​ពិនិត្យ​ឃើញ​ថា ​នៅ​ថ្ងៃ​ទី​ ១៤ ​ត្រូវ​នឹង​ថ្ងៃទី ១ ​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ គឺ​តំបន់​មួយ​ចំនួន​ជាពិសេស​ទំនាប​កណ្តាល ​ភាគ​ពាយ័ព្យ​ ដូចជា​ពោធិ៍សាត់ បាត់ដំបង​ បន្ទាយ​មានជ័យ​ សៀមរាប​ ជាដើម​នោះ​ ​គឺ​អាច​ឈាន​ដល់​រង្វង់​ ៣៩ អង្សាសេ​ ក្រៅ​ពី​នោះ​អាច​ទាប​ជាង​ហ្នឹង។ ​ហើយ​នៅ​ថ្ងៃ​ទី​ ១៥ ​ត្រូវ​ថ្ងៃ​ទី ​២ ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ​ យើង​ពិនិត្យ​ឃើញ​ថា​ នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ច្រើន​ ហើយ​ដោយ​សារ​ការ​ធ្លាក់​ភ្លៀង​នេះ ​គឺ​នឹង​ធ្វើ​ឱ្យ​សីតុណ្ហ​ភាព​ចុះ​មក​វិញ។ ​អ៊ីចឹង​សម្រាប់​ថ្ងៃ​ទី​ ១៦ ​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​ ៣ ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ គឺ​ស្ថាន​ភាព​សីតុណ្ហភាព​នឹង​ថយ​ចុះ​មក​វិញ​បន្តិច»។​

បើ​តាមលោក​ ចាន់ យុត្ថា ​អាកាស​ធាតុ​ក្តៅ​នេះ​ មិន​មែន​កើត​ឡើង​តែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ​គឺនៅ​ចុង​សប្តាហ៍​កន្លង​ទៅ ​នៅ​ឯ​ទីក្រុង​បាងកក​និង​ទីក្រុង​ប៉ាត់តាយ៉ា​ ប្រទេស​ថៃ ​សីតុណ្ហភាពបាន​ឡើង​ដល់​ក្បែរ​ ៥០ ​អង្សាសេ។​

​លោក​បន្ត​ថា​ ប្រជា​ពលរដ្ឋ​គួរ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​មួយ​រយៈពេល​នេះ​ ព្រោះ​អាកាស​ធាតុ​មិនត្រឹម​តែ​ក្តៅ​ខ្លាំង​ទេ តែ​ថែម​ទាំង​អាច​មាន​ភ្លៀងកក់ខែ​ ដែល​អាច​បង្ក​ជា​បាតុភូត​ខ្យល់​កន្ត្រាក់​ និង​បាតុ​ភូត​ផ្គរ​រន្ទះ។ ស្ថាន​ភាព​នេះតម្រូវ​ឱ្យ​ពួកគេ​ត្រូវ​គិតគូរ​រក​ទីមាន​សុវត្ថិ​ភាពទុក​ជា​មុន​ដើម្បី​ជ្រក​ និង​ការពារ​ខ្លួន​ពី​បាតុភូត​ធម្មជាតិ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់។

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា​លោក​ អ៊ូច វុទ្ធី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ នៅពេល​អាកាស​ធាតុ​ក្តៅ​បែប​នេះ ​មិន​ថា​មនុស្ស​ចាស់ ឬ​កូន​ក្មេងនោះ​ទេ ​គឺ​ត្រូវ​មាន​ទឹក​តាម​ខ្លួន​ឱ្យ​បាន​ជាប់​លាប់​ ដើម្បី​កុំ​ឱ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាយ​កាយ និង​ត្រូវពាក់​មួក​ដើម្បី​ការ​ពារកម្តៅ។

លោក​ថ្លែង​ថា៖ ​«វា​មិន​ថា​ តែ​មនុស្ស​ចាស់ ​ឬ​ក្មេង​ទេ​ តែ​យើង​អត់​មាន​ទឹក​ ហើយ​ដើរ​អត់​មាន​មួក​គ្រប់មុខ​គ្រប់​អី វា​អាច​របក​ស្បែក ​វា​អាច​ជាំមុខ ​អ៊ីចឹង​យើង​ឱ្យមានមួក​ឆាង​ម៉ាង​ពាក់​ឱ្យ​ជិត​មុខ​ ហើយ​មាន​ទឹក​តាម​ខ្លួន»។

លោក​បន្ថែម​ថា ​ប្រសិន​បើអាកាសធាតុ​ក្តៅ​ខ្លាំង​នោះ​ ​មនុស្ស​អាចដួល​សន្លប់​បាន​ ជាពិសេស​គឺ​នៅ​កន្លែង​ដែល​មាន​ការ​ជួប​ជុំគ្នាច្រើន ដោយ​ហេតុ​បណ្តាល​មកពី​ខ្វះ​ជាតិ​ទឹក ​ខ្វះ​ជាតិ​ស្ករ ខ្វះ​អុកស៊ីហ្សែន​សម្រាប់​ចិញ្ចឹម​ខួរ​ក្បាល។​

យ៉ាង​ណាក្តី​ អ្នក​ជំនាញ​សុខាភិបាល​រូប​នេះ​ថា​ អ្នក​លែង​កីឡា​ច្រើន​អាច​ទប់​ទល់​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​បាន​ ដោយ​សារ​ពួកគេ​មាន​ភាព​ស៊ាំ​ទៅ​នឹង​ស្ថាន​ភាព​ក្តៅ។​

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ១១ ខែ​មេសា ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​បាន​ឱ្យដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​ ១២​ ដល់​ ១៤ ខែ​មេសា តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អតិបរមា​ពី​ ៣៥​ ដល់​ ៣៩​ អង្សាសេ ​ចំណែក​ឯតំបន់​ខ្ពង់រាប ​មាន​សីតុណ្ហ​ភាព​អតិបរមា​ពី​ ៣៦ ​ដល់​ ៣៨ ​អង្សាសេ​ និង​តំបន់​មាត់​សមុទ្រ​មាន​សីតុណ្ហ​ភាព​ ៣៤ ​ដល់​ ៣៦ ​អង្សាសេ​ និង​អាច​មាន​ភ្លៀង​លាយ​ឡំ​ដោយ​ផ្គរ ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់​នៅក្នុង​ប្រទេស។​

ដោយ​ឡែក​នៅ​ដើម​សប្តាហ៍​នេះ ក្រសួង​សុខាភិបាល​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ថែ​រក្សា​សុខ​ភាព​ផ្ទាល់​ខ្លួន​ផងដែរ ដោយ​ត្រូវប្រុង​ប្រយ័ត្ន​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​សុខភាព​ ដោយ​សារ​ការ​ទទួល​រង​នូវ​កម្តៅ​ក្តៅ​ ដែល​អាច​បណ្តាល​ឱ្យ​បែក​ញើស​ខ្លាំង​ពេក​ខុស​ពី​ធម្មតា ​ការ​ហត់​នឿយ​ ឈឺ​រមួលសាច់​ដុំ​ អស់​កម្លាំង​ខ្លាំង ​ចង្អោរ ​ឬ​ក្អួត​ វិលមុខ​ ឬ​ឈឺ​ក្បាល​ ដួល​សន្លប់​ ជីពចរ​ដើរ​លឿន​ហើយ​ខ្សោយ​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជាដើម។​

​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា «កម្តៅ​ក្តៅ​ខ្លាំង​ពេក» ​ក៏​នឹង​បណ្តាល​ឱ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់ ​និង​ស្លាប់​ផង​ដែរ។ ​ក្រសួង​បាន​ឱ្យ​ដឹង​ថា ​ឯកសារ​របស់​អង្គការ​សុខភាព​ពិភព​លោក​ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ៧ ខែ​វិច្ឆិកា​ឆ្នាំ​ ២០២២ បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ ១៥.០០០ ​នាក់​បាន​ស្លាប់ ​ដោយ​សារ​អាកាស​ធាតុ​ក្តៅ​ពេក​នៅ​អឺរ៉ុប​នៅ​ក្នុង​ឆ្នាំ​ ២០២២​ កន្លង​ទៅ​នេះ៕

XS
SM
MD
LG