រដ្ឋាភិបាលកម្ពុជាបានព្រមានប្តឹងប្រឆាំងនឹងការឈ្លានពាន ប្រសិនបើរកឃើញប្រភពនៃដ្រូន ដែលបង្ហោះនៅភាគខាងកើតប្រទេស នាពេលថ្មីៗនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃពុធ។
បើតាមសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលកម្ពុជាបានតាមដានដោយការយកចិត្តទុកដាក់បំផុតចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់(Dak Lak) ប្រទេសវៀតណាម និងចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ ទៅលើស្នាក់ការប៉ូលិសក្នុងប្រទេសវៀតណាម គឺជា«អំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត»។
ក្រសួងការបរទេសបញ្ជាក់ថា៖ «ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និងគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនិងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងការទប់ស្កាត់មិនឱ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីនោះឡើយ»។
បើតាមក្រសួងការបរទេសកម្ពុជា អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្តោយខេត្តជាប់ព្រំដែនជាមួយវៀតណាម គឺខេត្តរតនគិរី និងមណ្ឌលគីរីបានឱ្យដឹងថាមានយន្តហោះគ្មានមនុស្សបើកបរ ឬហៅថាដ្រូន (drones) ហោះចូលដែនអាកាសកម្ពុជា ជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការបរទេសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងសមស្របខាងផ្នែកយោធា ដើម្បីរារាំងនូវការហោះចូល ដោយយន្តហោះគ្មានមនុស្សបើកបរនោះ សាជាថ្មីចូលមកក្នុងដែនអាកាសរបស់កម្ពុជា។ ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះរាជរដ្ឋាភិបាលកម្ពុជានឹងមានវិធានការបន្តខាងផ្លូវច្បាប់និងការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា»។
ក្រសួងការបរទេសបញ្ជាក់បន្ថែមថា៖ «ការហោះចូលដែនអាកាសកម្ពុជារបស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគន្លើននិងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា»។
ថ្លែងនៅចំពោះមុខកម្មករជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានព្រមានទៅជនទាំងឡាយណាដែលបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធនឹងរឿងសន្តិសុខជាតិ ក្រោយមានការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងរឿងដ្រូន។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមប្រាប់ផ្តាំផ្ញើទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិមកបង្ហោះតាមហ្វេសប៊ុក។ អត់អនុញ្ញាតទេ។ បើគ្មានការអនុញ្ញាតពីខាងផ្នែកយោធា មិនអាចលេងសើចទេ»។
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធកម្ពុជាដំឡើងអាវុធធុនធំៗ រួមទាំងដាក់ពង្រាយសំណាញ់មេឃ ដើម្បីបាញ់ទម្លាក់ឧបករណ៍ចាប់រូបភាពពីលើអាកាស ឬហៅថាដ្រូន ដែលបានហោះចូលក្នុងទឹកដីកម្ពុជា។ លោកបន្តថាអាជ្ញាធរកម្ពុជាមិនដឹងថាតើដ្រូនទាំងនេះមានប្រភពមកពីណាឡើយ។ ហើយភាគីវៀតណាមបញ្ជាក់ថាមិនមែនជារបស់វៀតណាមឡើយ។
លោក ហ៊ុន សែន បានដាក់ការសង្ស័យលើជនជាតិម៉ុងតាញ៉ា (Montagnards) ឬដេហ្គា Dega ដែលបានផ្ទុះអាវុធក្នុងទឹកដីវៀតណាម កាលពីពាក់កណ្តាលខែមិថុនា និងបារម្ភក្រែងពួកគេរត់មកពួនក្នុងទឹកដីកម្ពុជា។ លោកក៏បានព្រមានប្តឹងទៅអង្គការសហប្រជាជាតិ បើសិនជាដឹងថាដ្រូនទាំងនោះជារបស់ប្រទេសណាមួយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបាននៅឡើយទេ។
កាលពីពេលថ្មីៗនេះ VNexpress ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់វៀតណាមបានរាយការណ៍ថាមានមនុស្សចំនួន ៨៤នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យពាក់ព័ន្ធនឹងការវាយប្រហារការិយាល័យគណៈកម្មាធិការប្រជាជន នៅក្នុងខេត្ត Dak Lak ប្រទេសវៀតណាម ហើយក៏ជាខេត្តមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា។
ជនជាតិភាគតិចម៉ុងតាញ៉ាដែលធ្លាប់មានប្រវត្តិចងសម្ព័ន្ធមិត្តជាមួយនឹងយោធាអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម ប្រឈមនឹងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសវៀតណាម។ ក្រុមនេះបានប្រយុទ្ធ ដើម្បីសិទ្ធិដីធ្លី និងជំនឿសាសនារបស់ខ្លួន និងធ្វើការតវ៉ាប្រឆាំងនឹងការដឹកនាំបែបកុម្មុយនិស្ត។
គួរបញ្ជាក់ថាកាលពីកន្លងទៅ លោក ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរកម្ពុជាក្នុងខេត្តមណ្ឌលគិរីចាប់ខ្លួនក្រុមប្រយុទ្ធដែលលោកថាជាពួកឧទ្ទាម«បាក់ទ័ព»ដែលជាជនជាតិម៉ុងតាញ៉ា (Montagnards) ឬដេហ្គា (Dega) ដែលបានផ្ទុះអាវុធក្នុងទឹកដីវៀតណាម។ លោក ហ៊ុន សែន បានបញ្ជាឱ្យស្វែងរក និងចាប់ខ្លួនពួកគេ ដើម្បីបញ្ជូនទៅឱ្យអាជ្ញាធរវៀតណាមវិញ។ លោកបញ្ជាក់ថាកម្ពុជាមិនអាចក្លាយជាកន្លែងសម្រាប់ជនឧទ្ទាម «បាក់ទ័ព»ទាំងនោះជ្រកកោនឡើយ៕