ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចាត់​ទុក​ស្ថានភាព​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង


ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ស្ថានភាព​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ដោយ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ទី២ (Tier 2) នៅក្នុង​របាយការណ៍​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​រឆ្នាំ២០១៦​នេះ ឬ Trafficking in Persons Report។
ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ស្ថានភាព​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ដោយ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ទី២ (Tier 2) នៅក្នុង​របាយការណ៍​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​រឆ្នាំ២០១៦​នេះ ឬ Trafficking in Persons Report។

លោកស្រី​ ជូ ប៊ុនអេង ថ្លែង​ថា៖​ «‍អ្វី​ដែល​ថ្មី​សម្រាប់​យើង​គឺ​ថា ​យើង​បាន​ទទួល​កិច្ច​សហ​ប្រតិបត្តិការ​កាន់តែ​ច្រើន​រវាង​ដៃ​គូ​ពាក់ព័ន្ធ​ ទាំង​នៅ​កម្រិត​ជាតិ​ក៏ដូច​ជា​នៅ​កម្រិត​ថ្នាក់​ក្រោម​ជាតិ ​ដែល​ជួយ​​ឲ្យ​ការងារ​របស់​យើង​បាន​ប្រសើរ​ជាង​មុន»។​

កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ប្រសើរ​ជាង​មុន​ ទាក់ទង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៦​នេះ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ​ដែល​ចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ខែ​មិថុនា​នេះ។​

សម្រាប់​ឆ្នាំ​២០១៦​នេះ ​ស្ថានភាព​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ មាន​ភាព​ប្រសើរ​ជាង​មុន ​ដោយ​ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​បាន​ដាក់​កម្ពុជា​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី២ ​(Tier 2)​ នៅ​ក្នុង​របាយ​ការណ៍​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។ ​ក្នុង​អំឡុង​ពេល​បីឆ្នាំ​កន្លង​ទៅ​នេះ ​កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី២ ​ក្នុង​ស្ថានភាព​ឃ្លាំ​មើល ​ឬ ​(Tier 2 Watch List)​ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​គោល​នយោបាយ ​និង​សកម្មភាព​អនុវត្ត​គោល​នយោបាយ ​និង​ច្បាប់​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។​

លោកស្រី​ ជូ ប៊ុនអេង ​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ ​និង​អនុ​ប្រធាន​អចិន្ត្រៃយ៍​របស់​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​បាន​ប្រាប់ ​VOA​ ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​សហការ​ជាមួយ​នឹង​អង្គការ​ជា​ដៃ​គូ​អភិវឌ្ឍន៍​ ដោយ​អនុវត្ត​សកម្មភាព​មួយ​ចំនួន​ធំ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​គ្រប់​ប្រភេទ​នៅ​កម្ពុជា។​

លោកស្រី​ថ្លែង​ថា៖​ «‍យើង​ក៏​បាន​នឹង​កំពុង​តែ​កែ​រៀបចំ​កែ​លម្អ ​ទាំង​រចនា​សម្ព័ន្ធ ​ទាំង​សកម្មភាព ​ក៏​ដូច​ជា​ពង្រឹង​បន្ថែម​លើ​ការ​អនុវត្ត​ច្បាប់​ ក៏ដូច​ជា​គោល​នយោបាយ​នានា។ ​ហើយ​យើង​ក៏​មាន​សកម្មភាព​ជា​ច្រើន ​ដោយ​រាប់​បញ្ចូល​ទាំង​ការ​បង្ការ​ ទប់ស្កាត់​ភាព​រងគ្រោះ​របស់​ប្រជា​ពលរដ្ឋ​ ក៏ដូចជា​ការ​ជួយ​ជន​រងគ្រោះ ​ដែល​យើង​បាន​នឹង​កំពុង​តែ​រៀបចំ​ឲ្យ​មាន​ជា​គោល​ការណ៍​ណែនាំ​ស្តីពី​ការ​កំណត់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ។ ​ហើយ​យើង​ក៏​ត្រៀម​ធ្វើ​ការ​បណ្តុះ​បណ្តាល ​ដើម្បី​អនុវត្ត​ទាំង​ក្នុង​ប្រទេស ​និង​តាម​បណ្តា​ស្ថានទូត​នានា ​ដែល​មាន​ពលករ​ ឬ​អ្នក​រងគ្រោះ​នៅ​ទី​នោះ»។​

លោកស្រី​ ជូ ប៊ុនអេង​ បាន​បន្ថែម​ថា ​គណៈ​កម្មធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា ​បាន​ធ្វើការងារ​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដោយ​បង្កើត​ជា​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ ​និង​ការ​កែ​លម្អ​នីតិវិធី​ក្នុង​ការ​ផ្តន្ទាទោស​ជន​ល្មើស​ជា​ដើម។​

ជាក់ស្តែង ​របាយ​ការណ៍​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៦​របស់​ក្រសួង​ការ​បរទេស​អាមេរិក ​បាន​កត់​សម្គាល់​ការ​កើន​ឡើង​នៃ​ការ​ផ្តន្ទាទោស​ជនល្មើសនៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា​ពិសេស​ក្នុង​ករណី​ជួញដូរ​កម្លាំង​ពលកម្ម។​ លើស​ពី​នេះ ​របាយ​ការណ៍​នេះ​ក៏​ទទួល​ស្គាល់​ថា ​កម្ពុជា​បាន​ពង្រឹង​គោល​ការណ៍​ថ្នាក់​ជាតិ​ដើម្បី​កំណត់​អត្ត​សញ្ញាណ​ជន​រងគ្រោះ ​ដោយ​បាន​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ចំនួន​៥៨៩​នាក់ ​ក្នុង​ឆ្នាំ​២០១៦​នេះ ​ដែល​ជា​ការ​វិវត្ត​ទៅ​មុខ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១៥។​

នៅ​ក្នុង​ឱកាស​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ​ខែមិថុនា​ម្សិល​មិញ​នេះ ​ លោក ​John Kerry ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​ការ​បរទេស​បាន​អនុវត្ត​តាម​លក្ខណៈ​វិនិច្ឆ័យ​ដ៏​សុក្រឹត្យ ​និង​ត្រឹមត្រូវ។​

លោកថ្លែងថា៖​ «‍ការ​ចាត់​ចំណាត់​ថ្នាក់​របស់​ប្រទេស​ទាំង​អស់​ ដែល​ខ្ញុំ​បាន​ចូលរួម​រៀបចំ​ឡើង​នេះ ​ឆ្លុះបង្ហាញ​ឲ្យ​ឃើញ​ពី​ការ​វាយ​តម្លៃ​ដ៏​សុក្រឹត្យ​បំផុត​របស់​ក្រសួង​ការ​បរទេស​យើង ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​របស់​ប្រទេស​ទាំង​នោះ​ ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។ ​របាយ​ការណ៍​នេះ​មិន​ពិចារណា​លើ​ស្ថានភាព​នយោបាយ​ ឬ​កត្តា​ផ្សេងៗ​ទៀត​ សម្រាប់​ធ្វើការ​វិនិច្ឆ័យ​របស់​យើង​នោះ​ទេ»។​

បន្ថែមពី​នេះ​ លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ដែល​កាន់តែ​រីករាល​ដាល​ខ្លាំង​នៅ​ក្នុង​សត​វត្សរ៍​ទី២១​នេះ ​ទាមទារ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​បែប​សហការ​រួម​គ្នា​ជា​សកល។​ សព្វ​ថ្ងៃនេះ ​នៅ​ទូទាំង​សកលលោក​ មាន​មនុស្ស​ប្រមាណ​២០​លាន​នាក់​កំពុង​ធ្លាក់​ខ្លួន​ជា​ទាសករ​សម័យ​ទំនើប។​

លោក​ថ្លែង​ថា៖​ ​«និយាយ​ឲ្យ​ស្មោះត្រង់​ទៅ ​វា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​គួរ​ឲ្យ​ខឹង ​ដែល​សព្វ​ថ្ងៃនេះ​យើង​ជួប​នឹង​កត្តា​ប្រឈម​ជាច្រើន ​ក្នុង​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស។ ​ក៏​ប៉ុន្តែ ​យើង​មាន​សមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​ហើយ​សូម​ជឿ​ខ្ញុំ​ចុះ​ថា​ យើង​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស»។​

ដូច​លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ដែរ​ លោកស្រី​ ជូ ប៊ុនអេង​ ក៏​បាន​បញ្ជាក់​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​គឺ​ជា​កិច្ចការ​មួយ ​ដែល​ទាមទារ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល ​និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ ​ឲ្យ​ដើរ​លើ​គោល​ការណ៍​តែ​មួយ។​

លោកស្រី​ថ្លែង​ថា៖​ «‍កន្លង​មក​នេះ ​យើង​ធ្វើ​ការងារ​ទប់ស្កាត់​ជា​ច្រើន ​ដែល​យើង​អាច​និយាយ​បាន​ថា​ គ្រប់​អង្គការ ​ស្ថាប័ន​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ស្ទើរតែ​ទាំងអស់ ​បាន​និយាយ​ថា ​ខ្លួន​បាន​និង​កំពុង​តែ​ធ្វើ​ការងារ​ទប់ស្កាត់។​ ក៏​ប៉ុន្តែ ​ការ​ទប់ស្កាត់​ដែល​យើង​នាំ​គ្នា​ធ្វើ​កន្លង​មក​នេះ ​ដោយ​មិន​មាន​គោល​ការណ៍​ជាក់លាក់​ ហើយ​ក៏​មិន​មាន​ការ​ឯកភាព​គ្នា​ក្នុងការ​ផ្សព្វផ្សាយ​ ក៏​ដូចជា​ក្នុង​ការ​អប់រំ​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ ក៏​មិន​ស៊ី​សង្វាក់​គ្នា​ ដែល​ធ្វើ​ឲ្យ​ការ​បង្ការ​ ការ​ទប់ស្កាត់​របស់​យើង​មិន​មាន​ប្រសិទ្ធភាព​ល្អ​ទេ»។​

លោកស្រី​ ជូ ប៊ុនអេង ​បាន​បន្ថែម​ថា ​អាស្រ័យ​ហេតុនេះ ​គណៈ​កម្មធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​នឹង​កំពុង​តែ​អំពាវនាវ​ឲ្យ​អង្គការ​ដៃ​គូ​ទាំងឡាយ​ ដែល​កំពុង​តែ​មាន​សកម្មភាព​ផ្តោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ចូលរួម​សហការ​គ្នា​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ចងក្រង​ផែនការ​យុទ្ធ​សាស្ត្រ ​ដែល​រដ្ឋាភិបាល​បាន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០១៣ ​ហើយ​នឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។​

លោកស្រី​ថ្លែង​ថា៖​ «‍អ្វី​ដែល​ថ្មី​សម្រាប់​យើង​គឺ​ថា ​យើង​បាន​ទទួល​កិច្ច​សហ​ប្រតិបត្តិការ​កាន់តែ​ច្រើន​រវាង​ដៃ​គូ​ពាក់ព័ន្ធ​ ទាំង​នៅ​កម្រិត​ជាតិ​ក៏ដូច​ជា​នៅ​កម្រិត​ថ្នាក់​ក្រោម​ជាតិ ​ដែល​ជួយឲ្យ​ការងារ​របស់​យើង​បាន​ប្រសើរ​ជាង​មុន»។​

បច្ចុប្បន្ន​នេះ ​បន្ថែម​លើ​មូលនិធិ​ឧបត្ថម្ភ​ផ្សេងៗ ​រដ្ឋាភិបាល​កម្ពុជា​ក៏​មាន​ថវិកា​ជាតិ​ផ្ទាល់​ខ្លួន ​សម្រាប់​ទ្រទ្រង់​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​តាមរយៈ​គណៈ​កម្មធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​ដែល​មាន​ក្រសួង​និង​ស្ថាប័ន​ចំនួន​២២ ​និង​អង្គភាព​មួយ​ចំនួន​ទៀត​ ដែល​មាន​រចនា​សម្ព័ន្ធ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ​ផង​ដែរ៕​

XS
SM
MD
LG