ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ត្រូវ​បាន​សម្លាប់​ដោយ​ការ​បាញ់​រះ


រូប​ឯកសារ៖ ​ដើម​ឈើ​ដែល​ត្រូវ​បាន​លួច​កាត់​នៅ​ក្នុង​ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី​ ហើយ​ត្រូវ​បាន​ឃាត់​ទុក​នៅ​ក្នុង​ព្រៃ​ ដោយ​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​រស់​នៅ​ភូមិ​ក្បែរ​នោះ​ ​នៅ​​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)​

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​ព្យាយាម​មិន​ឆ្លើយ​តប​ទាក់ទិន​និង​ករណី​បាញ់​រះ​នេះ​ទេ។​

ជនអនាមិកបាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ទី​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ឆ្នាំង​កាល​ពី​យប់​ថ្ងៃ​អង្គារ។​ ការ​បាញ់​ប្រហារ​នេះ ​បាន​ធ្វើ​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​នោះ​ម្នាក់​ ស្លាប់​នៅ​នឹង​កន្លែង​ និង​មនុស្ស​បីនាក់​ផ្សេង​ទៀត​រង​របួស។​ ក្រុម​អាជ្ញាធរ​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ​ទេ។​ ​ប៉ុន្តែ មន្ត្រី​សិទ្ធិ​មនុស្ស​ថ្លែង​ថា​ ​ការ​គ្រប់គ្រង​អាវុធ​ នៅ​មិន​ទាន់​ប្រសិទ្ធភាព​នៅឡើយ​នៅ​ក្នុង​ខេត្ត​ភាគ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា​នេះ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ​ម្នាក់​គឺ​លោក​ សឹង ហាត់​ បាន​ស្លាប់​ភ្លាមៗ​ ដោយ​ការ​បាញ់​រះ​ទៅលើ​ទី​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ​ ក្នុង​ស្រុក​ទឹកផុស​ ខេត្ត​កំពង់ឆ្នាំង។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​អ្នក​ឃ្លាំមើល​ស្ថានភាពសិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត។

យ៉ាង​ហោច​ណាស់​មាន​ពល​រដ្ឋ​ពីរ​នាក់ និង​មន្ត្រី​អាវុធហត្ថ​ម្នាក់​ផ្សេង​ទៀត​ បាន​រង​របួស​នៅ​ក្នុង​ការ​បាញ់​រះ​នោះ ដែល​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ នៅ​ពេល​ដែល​លោក​ សឹង​ ហាត់ ​កំពុង​ស្ថិត​ក្នុង​ទីស្នាក់ការ​របស់​លោក​ស្ថិតក្នុង​ឃុំ​ក្រាំង​ស្គារ​នៃ​ស្រុក​ទឹកផុស​នោះ។​

លោក​ ថោង វណ្ណារ៉ាវុទ្ឍី​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់​ឆ្នាំង​ ថ្លែង​ប្រាប់​ VOA​ នា​រសៀល​ថ្ងៃ​ពុធនេះ​ថា​ លោក​ សឹង​ ហាត់​ ត្រូវ​បាន​គេ​បាញ់​កាល​ពី​យប់​ម្សិលមិញ​ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នោះ​ទេ។

«ខ្ញុំ​អត់​ដឹង​ទេ​បាទ​ ខ្ញុំ​អត់​នៅ​ព្រឹត្តិការណ៍​ហ្នឹង​ ខ្ញុំ​អត់​នៅ​ហ្នឹង​ផង»។​

លោក​ ​ថោង វណ្ណារ៉ាវុទ្ឍី​ បាន​បន្ថែម​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កំពុង​ស៊ើប​អង្កេត​រក​មូលហេតុ​នៃ​ការ​បាញ់​រះ​នេះ ដែល​បណ្ដាល​ឲ្យ​ស្លាប់ លោក​ សឹង ហាត់ និង​ធ្វើ​ឲ្យ​របួស​មន្ត្រី​អាវុធហត្ថ​និង​ពលរដ្ឋ​នោះ។

យ៉ាងណា​ក៏​ដោយ​ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ព្យាយាម​មិន​ឆ្លើយ​តប​ទាក់ទិន​និង​ករណី​បាញ់​រះ​នេះ​ទេ។​

លោក​ ម៉េង​ ហាក់​ អភិបាល​ស្រុក​ទឹកផុស​ ​ក៏​មិន​បាន​ផ្ដល់​សេចក្ដី​អធិប្បាយ​ ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នេះ​ ដោយ​លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

​«ការ​ស៊ើប​អង្កេត​ ខ្ញុំ​ឆ្លើយ​អត់​បាន​ទេ​បង។ កំពុង​ស៊ើប​អង្កេត​បង ​អរគុណ​បាទ»។

​ស្រដៀង​គ្នា​នោះ​ដែរ​ ​លោក​ ឡុច​ វណ្ណារ៉ា​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ បដិសេធ​មិន​ផ្ដល់​សេចក្ដី​អធិប្បាយ​ ដោយ​លោក​បញ្ជាក់​ថា​ លោក​ជាប់​ប្រជុំ។

តាម​សេចក្ដី​រាយការណ៍​របស់​អង្គភាព​ព័ត៌មាន​ Freshnews ​ដែល​ត្រូវ​គេ​ដឹង​ថា​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បាន​ឲ្យ​ដឹង​ថា​ លោក​ សឹង​ ហាត់​ ត្រូវ​បាន​បាញ់​ស្លាប់​ដោយ​បុរស​ម្នាក់​ស្លៀក​ឯកសណ្ឋាន​យោធា​ប៉ារ៉ា។ អ្នក​វាយប្រហារ​ដែល​មិនទាន់ ​ត្រូវ​បាន​បញ្ជាក់​អត្តសញ្ញាណ​នេះ​ បាន​បាញ់​រះចំនួន​ជាង​១០​គ្រាប់។​ ​

សេចក្ដី​រាយការណ៍​នោះ​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ កម្លាំង​មាន​សមត្ថកិច្ច​ បាន​ហៅ​មនុស្ស​ប្រាំ​នាក់​មក​សួរ​នាំ​ ក្នុង​នោះ​មាន​មន្ត្រី​នគរបាល​ពីរ​នាក់​ ​និង​មន្ត្រី​អាវុធហត្ថ​បី​នាក់​ តែ​ចម្លើយ​របស់​ពួកគេ​មិនទាន់​ត្រូវ​បាន​កម្លាំង​មានសមត្ថកិច្ច​រាយការណ៍​ឲ្យដឹង​នោះ​ទេ។ ​អ្នក​រងគ្រោះ​ទាំង​បី​នាក់​ រូម​មាន​ ឈ្មោះ អ៊ុក ណាត់​ ជា​មន្រ្តី​អាវុធហត្ថ​ ​លូ គឹមលន​ ​និងម៉ៅ​ ​សារ៉ាត់ ​ជា​ប្រជាពលរដ្ឋ។​

VOA ​ព្យាយាម​សុំ​សេចក្ដី​អធិប្បាយ​ពី​លោក​ អេង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធហត្ថ​ជាតិ​ ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ពុធ​នេះ។

​លោក​ គង់ ចន្ទមុន្នី​ អ្នក​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំ​ ថ្លែងប្រាប់​ VOA ​ថា​ ករណី​បាញ់​រះ​ដ៏​គួរ​ឱ្យ​សង្ស័យ​នេះ​ ​ពុំ​ធ្លាប់​កើត​មាន​នៅ​ក្នុង​ខេត្ត​នោះ​ទេ​ ដោយ​មាន​តែ​ករណី​នៃ​ការ​ដេញ​ចាប់​រវាង​កម្លាំង​មាន​សមត្ថកិច្ច​ ពាក់​ព័ន្ធ​នឹង​ការ​ស្ទាក់​ចាប់​ឈើ។

លោក​ឲ្យ​ដឹង​បន្ត​ថា​ ការ​បាញ់​រះ​បង្ហាញ​ថា​ មន្ត្រី​រដ្ឋាភិបាលមិន​មាន​គោលការណ៍​គ្រប់​គ្រង​អាវុធ​ត្រឹមត្រូវ​ ​ដែល​នាំ​ដល់​ការ​កើតមាន​បញ្ហា​អសន្តិសុខ​ភូមិ​ឃុំ។​

«ព្រោះ​យើង​អត់​បាន​ព័ត៌មាន​អង្កេត​ អញ្ចឹង​ខ្ញុំ​គិត​ថា​ វា​មាន​អសន្តិសុខ​ អាច​ជា​គំនុំ​ឬក៏​ស្អី​ចឹង​ ទាក់​ទង​នឹង​អាការ​រកស៊ី​ ឬ​ក៏​ម៉េច​ចឹង​ ព្រោះ​វា​ថា​នៅ​មានប្រើ​ប្រាស់​អាវុធ​ នេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋ​ សម្រាប់​ធ្វើ​យ៉ាងណា​ ការ​ប្រើ​ប្រាស់​អាវុធ​ហ្នឹង​ឲ្យ​មាន​ច្បាប់​ទម្លាប់​អី​ត្រឹមត្រូវ»។

លោក​ គង់​ ចន្ទមុន្នី​ បាន​បន្ថែម​ថា​ ដោយសារ​រឿង​បាញ់​ប្រហារ​នេះ មិន​ជាប់​ទាក់​ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ ការ​ស៊ើប​អង្កេត​ទៅលើ​រឿង​នេះ​ នឹង​មិន​ត្រូវ​បាន​ធ្វើឡើង​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​របស់​លោក​នោះ​ទេ៕

XS
SM
MD
LG