ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឥណ្ឌូណេស៊ី នា​សប្តាហ៍​ក្រោយ


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

ឧបនាយក​រដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី​ ៥៦ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​ប្តូរ​វេន​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ ១០​ ប្រទេស នា​សប្តាហ៍​ក្រោយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

ការ​ទៅ​ចូលរួម​នេះ​តប​តាម​ការ​អញ្ជើញ​របស់​លោក​ជំទាវ រ៉េតណូ ម៉ារស៊ូឌី (Retno L.P. Marsudi) រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី។ កិច្ចប្រជុំ​ពាក់​ព័ន្ធ​នេះ ធ្វើឡើង​ក្រោម​មូល​បទ​ «សារៈ​សំខាន់​អាស៊ាន៖ ស្នូល​នៃ​កំណើន» ដែល​នឹង​ប្រព្រឹត្ត​ទៅ ចាប់​ពី​ថ្ងៃ​ទី ១១ ដល់ទី ១៤ ខែ​កក្កដា ឆ្នាំ ២០២៣ នៅ​រដ្ឋធានី​ហ្សាការតា​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៦ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ រដ្ឋមន្ត្រី​ការបរ​ទេស​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជាមួយ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ព្រម​ទាំង​ធ្វើជា​សាក្សី​នៃ​ការ​ចុះ​ហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការ​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​ការ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ (TAC) ដោយ​ប្រទេស​មួយ​ចំនួន។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា៖ «កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើក​ទី​ ៥៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ពិភាក្សា​រិះ​រក​អភិក្រម និង​មធ្យោបាយ​ប្រកប​ដោយ​នវានុវត្តន៍ ដើម្បី​ជំរុញ​បន្ថែម​ទៀត នូវ​ដំណើរ​ការ​កសាង​សហគមន៍​អាស៊ាន ព្រម​ទាំង​ជំរុញ​ឱ្យ​មាន​ឯកភាព និង​សាមគ្គីភាព​អាស៊ាន​កាន់​តែ​ខ្លាំង​ឡើង តាម​រយៈ​សកម្មភាព​ជាក់​ស្តែង​នានា»។

កិច្ច​ពិភាក្សា​នេះ​ក៏នឹង​គ្រប​ដណ្ដប់​លើ​ការ​រក្សា​តួនាទី​ដ៏​សំខាន់​របស់​អាស៊ាន «ជា​កាតាលីករ​សម្រាប់​កំណើន​សកល​ប្រកប​ដោយ​ចីរភាព និង​ផ្ដោត​លើ​បញ្ហា​តំបន់​និង​អន្តរ​ជាតិ ដែល​ជាផ​លប្រយោជន៍ និង​ក្តីបារម្ភរួម​ផង​ដែរ»។

កិច្ច​ប្រជុំ​នេះ​ក៏​នឹង​ផ្តល់​ឱកាស​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​មជ្ឈភាព​អាស៊ាន និង​បង្កើន​ទំនាក់​ទំនង​ខាង​ក្រៅ​របស់​អាស៊ាន ជាមួយ​ដៃ​គូសន្ទនា​អាស៊ាន​ទាំង​អស់ ព្រម​ទាំង​ភាគី​ខាង​ក្រៅ​ផ្សេង​ទៀត ដើម្បី​ធានា​ថា ​អាស៊ាន​នៅ​តែ​រក្សា​បាន​នូវ​ភាព​ពាក់ព័ន្ធ​ដ៏​សំខាន់​ជា «ស្នូល​នៃ​កំណើន​សកល»។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន៕

XS
SM
MD
LG