ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ថៅកែ​រោងចក្រ​នៅ​កម្ពុជា​ប្រឈម​នឹង​សំពាធ​ក្នុង​ការធ្វើ​ឲ្យ​សុវត្ថិភាព​ប្រសើរ​ឡើង

  • Robert Carmichael

កម្មករ​ប្រមូល​ផ្តុំ​គ្នា​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ខាងមុខ​រោងចក្រ​មួយ​ដែល​ជា​របស់​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរSabrina (Cambodia) ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី ៣០ ខែឧសភា ឆ្នាំ២០១៣។
ភ្នំពេញ៖ នៅ​ពាក់​កណ្តាល​ខែឧសភា​នេះ ​កម្មករ​រោងចក្រ​ខ្មែរ​ពីរ​នាក់​បាន​ស្លាប់​ ហើយ​ជាង​៣០នាក់​ទៀត​បាន​រងរបួស ​នៅ​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​រោងចក្រ​ពីរ​កន្លែង​បាន​ធ្លាក់​បាក់​រលំ។ ហេតុការណ៍​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​ការពិនិត្យ​ពិច័យ​ទៅ​លើ​ឧស្សាហកម្ម​កាត់ដេរ​បាន​កើន​ឡើង​ជាសាកល ​ក្រោយពី​មាន​ការដួលរលំរោងចក្រ​នៅ​ប្រទេស​បង់ក្លាដែស​ ដែល​បាន​សម្លាប់​កម្មករ​ជាង​១.១០០​នាក់។ ក្នុង​ពេល​ឥឡូវ​នេះ ថៅកែ​រោងចក្រ​នៅ​ប្រទេស​កម្ពុជា ​កំពុងរងសំពាធ​ក្នុង​ការធានា​ឲ្យ​មាន​សុវត្ថិភាព​នៅ​ក្នុង​បរិវេណ​រោងចក្រ​របស់​ខ្លួន។

លិខិត​មួយ​ច្បាប់ ​ត្រូវ​បាន​ផ្ញើ​ទៅ​រោងចក្រ​កាត់ដេរ​និង​រោងចក្រ​ស្បែក​ជើង​៥០០​កន្លែង ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុង​លិខិត​នោះ មាន​ការណែនាំ​ឲ្យ​ម្ចាស់​រោងចក្រ​ជួល​អ្នកត្រួត​ពិនិត្យ​ឲ្យ​មើល​ស្ថានភាព​សុវត្ថិភាព​អគារ​ទាំងអស់​របស់​ខ្លួន។

លិខិត​នោះ​ចេញ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ហៅ​កាត់​ថា ILO ​និង​សមាគម​កាត់ដេរ​ GMAC ដែល​តំណាង​ឲ្យ​ម្ចាស់​រោងចក្រ​នានា។ តាម​រយៈ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅកម្ពុជា​របស់ខ្លួន​ អង្គការ​ ILO ​ត្រួតពិនិត្យ​ស្ថានការណ៍​រោងចក្រ​៤៣០​កន្លែង ដែល​មាន​កម្មករ​ធ្វើការ​ជាង ​៤០០.០០០​នាក់។
ការដួល​រលំ​ដែល​បាន​សម្លាប់​មនុស្ស​ពីរ​នាក់ និង​របួស​រាប់​សិប​នាក់​នេះ ត្រូវ​បាន​គេ​បន្ទោស​ទៅ​លើ​សំណង់​អគារ​ដែល​មាន​គុណភាព​អន់។ សមាគម​កាត់ដេរ​ GMAC និង​អង្គការ ILO បាន​ប្រាប់​ម្ចាស់​រោងចក្រ​ថា ​សុវត្ថិភាព​របស់​កម្មករ​និង​ សុច្ចរិតភាព​របស់​ឧស្សាហកម្ម​នេះ ​កំពុង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​ ហើយ​ថា វា​ជា​ប្រយោជន៍​ដល់​ឧស្សាហកម្មនេះ ក្នុង​ការអនុវត្ត​ការត្រួត​ពិនិត្យ​ក្នុង​ពេល​ឥឡូវ​នេះ។

លោក ​Jason Judd ​ជា​ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ​ILO ​ថ្លែង​ថា ​រោងចក្រ​ខ្លះ ​បាន​យល់ព្រម​ទៅ​នឹង​សំណើ​នេះ​ហើយ។

«កត្តា​ដែល​នាំ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅ​ក្នុង​រោងចក្រ​ទាំង​នេះ ​គឺ​អាស្រ័យទៅ​លើ​អ្នក​បញ្ជា​ទិញ ​ក៏ប៉ុន្តែ ​ជាង​នេះ​ទៅ​ទៀត​គឺ ​រដ្ឋាភិបាល​កម្ពុជា។ អ្នក​បញ្ជា​ទិញ ​មាន​ឥទ្ធិពល ទៅ​លើ​រោងចក្រ​ទាំង​នេះ។ យើង​គិត​ថា ​រោងចក្រ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​អ្នក​បញ្ជា​ទិញ​របស់​ពួកគេ ​រោងចក្រ​ទាំងនោះ​ទំនងជា​នឹង​ចាប់ផ្តើម​ឲ្យ​មាន​ការត្រួត​ពិនិត្យ​នេះ ​មុន​រោងចក្រ​ដទៃ​ទៀត»។

ឧស្សាកម្ម​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា ​ជា​វិស័យ​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ​ហើយ​វា​មាន​តម្លៃ​ប្រមាណជា ​៥ ពាន់ ​លាន ​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ។
ឧស្សាហកម្ម​កាត់ដេរ​នេះ ​រក​ប្រាក់​ចំណូល​ពីការ​នាំ​ចេញ​បាន​ច្រើន​ជាង​គេ ​និង​ផ្តល់​ការងារ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​នេះ។ ភាគី​បី ​ដែល​មាន​ចំណែកដ៏​សំខាន់​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា ​គឺ​រដ្ឋាភិបាល​ ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​រោងចក្រ​ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន ​កូរ៉េ ​តៃវ៉ាន់ ​និង​អ្នកបញ្ជា​ទិញ​ រួម​មាន ម៉ាក​ដែល​គេ​ស្គាល់​ជា​សាកល ​ដូចជា​ Nike ​Adidas​ និង​ Walmart។

លោក Dave Welsh ​ជា​នាយក​មណ្ឌល​អាមេរិកកាំង​សម្រាប់​សាមគ្គីភាព​ពលកម្ម​អន្តរជាតិ​ ដែល​ជា​មណ្ឌល​មួយ​ធ្វើការ​មិន​យក​ប្រាក់​កំរ៉ៃ​ដែល​មាន​ទំនាក់​ទំនង​ជាមួយចលនា​ពលកម្ម​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។ លោក Welsh ​អះអាង​ថា របាយការណ៍​នា​ពេល​ថ្មីៗ​នេះ ​ដែល​ចេញ​ដោយ​កម្មវិធី​រោងចក្រ​កាន់តែប្រសើរ​នៅ​កម្ពុជា ​បាន​រក​ឃើញ​ថា ​ក្នុង​ចំណោម​រោងចក្រ​ដែល​ត្រូវ​បាន​ធ្វើ​ស្ថិតិ ​មាន​រោងចក្រ​១៤​ភាគ​រយ​ បាន​ចាក់​សោរ​បិទ​ទ្វារ​ចេញ​ពេល​មាន​អគ្គីភ័យ។ ចំនួន​នេះ បាន​កើន​ពី​ ១​ភាគ​រយ ​កាល​ពី​ពីរ​ឆ្នាំ​មុន។ ហើយ​៤១​ភាគ​រយ ​មិន​បាន​អនុវត្ត​លំហាត់សម​ពេល​មាន​អគ្គីភ័យ ​រៀងរាល់​៦​ខែ​ម្តង​ទេ។

«លោក​អ្នក​កំពុងតែ​ដោះស្រាយ​បញ្ហា​ដែល​បើ​និយាយ​ជា​ភាសា​សាកល​ គឺ​ជាមួយ​នឹង​រោងចក្រ​មួយ​ក្តាប់​តូច ​និង​ឧស្សាហកម្ម​ដែល​រក​កម្រៃ​បាន​ច្រើន។ ដូច្នេះ​ការធានា​ថា ទ្វារ​ចេញ​ពេល​មាន​អគ្គីភ័យ​ដំណើរការ​ទៅ​តាម​តម្រូវការ ​និង​រចនា​សម្ព័ន្ធ​នៃ​រោងចក្រ​ទាំង​ ៤០០ ​កន្លែង ​ធ្វើ​បាន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​នោះ គឺ​មិន​ចាំបាច់​រដ្ឋាភិបាល​ធ្វើ​ផង គឺ​ម្ចាស់​ម៉ាក និង​ម្ចាស់​រោងចក្រ​អាច​ធ្វើ​បាន​ដោយ​ងាយ។ ក៏ប៉ុន្តែ ដូច​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ILO គឺ​ថា វា​ហាក់​ដូច​ជា គ្រោះ​មហន្តរាយ​ គង់​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ។ ហើយ​ឥឡូវ​នេះ គឺ​ដល់​ពេល​ហើយ​»។

លោក Ken Loo ជា​អគ្គនាយក​សមាគម​កាត់ដេរ GMAC ថ្លែង​ថា ​រោងចក្រ​ដែល​ជា​សមាជិក​របស់​លោក​ភាគ​ច្រើន ​នឹង​ធ្វើ​តាមការណែនាំ​របស់​ GMAC ​ហើយ​នឹង​ឲ្យ​មាន​ការត្រួត​ពិនិត្យ​អគារ​របស់​ខ្លួន​ទៅ​តាម​កាល​កំណត់។

«វា​មិន​មែន​ត្រឹម​តែ​ថា ​រោងចក្រ​ត្រូវ​មាន​ការត្រួត​ពិនិត្យទៅ​តាម​ពេល​កំណត់​ទេ ពួកគេ​ក៏​ត្រូវ​តែ​គិត​ផងដែរ​ដល់​ចំណុច ​ដែល​ថា​បើ​អ្នក​ជា​សមាជិក ​អ្នក​ត្រូវ​គិតគូរ​អំពី​បញ្ហា​នេះ ហេតុ​ដូច្នេះ ពួកគេ​គួរតែ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់»។

កាលពី​ខែកុម្ភៈ​កន្លង​ទៅ​នេះ កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​របស់​អង្គការ​ILO ខ្លួន​ឯង​ផ្ទាល់ ក៏​រងការ​រិះគន់​ផងដែរ​ គឺ​ត្រង់​ថា​ ខ្លួន​ខ្វះ​តម្លាភាព​និង​មិន​អាច​អនុវត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​រក​ឃើញ។

នៅក្នុង​ការជជែក​តាម​ប្រព័ន្ធSkype លោក Ben Hensler ជា​នាយក​រង​នៃ​សមាគម​សិទ្ធិ​ពលករ​ និយាយ​ថា ​អង្គការ​ILO ​បាន​ធ្វើ​ខុស ​គឺ​នៅ​ឆ្នាំ​២០០៦ ​អង្គការ​នេះ ​បាន​យល់ព្រម ​មិន​ចុះ​ផ្សាយ​ជា​សាធារណៈ​នូវ​អ្វីដែល​ខ្លួន​បាន​រក​ឃើញ។

«ពីព្រោះ​យើង​គិត​ថា វិធី​តែ​មួយ​គត់ដែល​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​មាន​ភាពប្រសើរ​ឡើង​គឺ​តាម​រយៈ​ការមាន​តម្លាភាព​ខ្លះ ​នឹង​ដើម្បី​ឲ្យ​រោងចក្រ​និង​អ្នក​បញ្ជា​ទិញ ​ដឹង​ថា ​បើ​សិន​ជា​ពួកគេ មិន​អាច​ផ្តល់​សុវត្ថិភាព​ដល់​កម្មករ​ទៅ​តាម​បទដ្ឋាន​ទេ​នោះ ​សាធារណជន​នឹង​ដឹង​អំពី​រឿង​នេះ ​ហើយ​នឹង​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ពួកគេ»។

លោក Jason Judd នៃ​អង្គការ ILO ថ្លែង​ថា អង្គការ​របស់​លោក ដឹង​ថា ត្រូវ​មាន​ការផ្លាស់ប្តូរ​ ហើយ​មាន​ផែនការ​ពិនិត្យ​មើល​កម្មវិធី​នេះ​ឡើង​វិញ​នៅ​ចុង​ឆ្នាំ​នេះ។

«យើង​កំពុង​ធ្វើ​សេចក្តី​លម្អិត ​ក៏ប៉ុន្តែ ​ការបង្ហាញ​ជា​សាធារណៈ ​គឺ​ជា​គោលដៅ​ ដូច្នេះ វា​នឹង​ធ្វើ​ឲ្យ​រោងចក្រ​ដែល​មាន​ប្រវត្តិ​បំពាន​ច្បាប់ មាន​ភាពប្រសើរ​ឡើង​ ហើយ​វា​ក៏​ជួយ​ធ្វើ​ឲ្យ​សុវត្ថិភាព​ប្រសើរ​ឡើង​ដែរ ដូច​ជា​ពេល​មាន​អគ្គីភ័យ​ជាដើម»។

ក៏ប៉ុន្តែ លោក Judd បាន​សង្កត់​ធ្ងន់​ថា ការទទួល​ខុស​ត្រូវ ដើម្បី​ឲ្យ​បាន​ជោគជ័យ​ គឺ​ពឹងផ្អែក​ទៅ​លើ​អ្នក​ដែល​មាន​អំណាច​ក្នុង​ការផ្លាស់ប្តូរ រួម​មាន រោងចក្រ ម្ចាស់ម៉ាក និង​រដ្ឋាភិបាល៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់
XS
SM
MD
LG