ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការលើក​ទឹក​​ចិត្ត​ឲ្យ​ក្លាយ​​ជាវីរបុរស​ដល់​​​ក្មេងគ្រប់​រូប​


អាវ៉ាឡន ធីសុន (Avalon Theisen) ដែលមាន​អាយុ​១១ឆ្នាំ
អាវ៉ាឡន ធីសុន (Avalon Theisen) ដែលមាន​អាយុ​១១ឆ្នាំ
ប្រែសម្រួលដោយ ឌី ខាំបូលី
យុវ​វ័យជាតិ​អាមេរិកភាគច្រើន ផ្តោត​ទៅលើ​ការសិក្សា​ ការ​ណាត់ជួបគ្នា​រវាងដៃ​គូស្នេហា ឬ​ការងារជាដើម។ ប៉ុន្តែ យុវវ័យ​ភាគច្រើន កំពុង​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​មួយ​នៅក្នុង​ពិភពលោក។
នៅក្នុង​ខែ​មេសា អាវ៉ាឡន ធីសុន (Avalon Theisen) ដែលមាន​អាយុ​១១ឆ្នាំ បាន​រៀបចំ​ព្រឹត្តការ តាមប៉ា (Tampa) ដែល​ជា​ទិវារ​សង្រ្គោះសត្វ​កង្កែប​ (Save the Frogs Day) នៃ​រដ្ឋផ្លរីដា (Florida)។
«នៅឆ្នាំ​នេះ យើងបាន​បង្កើត​អ្វី​មួយ ដែល​ខ្ញុំ​មិនគិតថា​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​នោះទេ។ យើង​បាន​ថត​វីដេអូ​មនុស្ស​៣៤៧​នាក់ និង​សត្វ​ឆ្កែ​ដ៏​រីក​រាយមួយ ហើយ​បានបង្កើត​ក្រុម​ចម្រៀង«​មនុស្ស​កង្កែប»ដែល​ធំជាងគេ​បង្អស់របស់​រដ្ឋ​ផ្លរីដា ដើម្បី​លើក​កម្ពស់​ការយល់ដឹងស្តី​ពី​ការអភិរក្ស​សត្វ​ដែល​រស់​នៅក្នុងទឹក​ក៏បាននិងលើគោក​ក៏បាន។
«អ្នក​អាច​មើល​វីដេអូ​នៅលើ​គេហទំព័រ​របស់​ខ្ញុំ​បាន ដែលមាន​អាសយដ្ឋាន www.conserveitforward.org»។
តាមរយៈ​គេហទំព័រ​របស់​នាង និង​អង្គការ«​អភិរក្ស​ទៅមុខ» ដែល​ជា​អង្គការ​មិនរក​ប្រាក់​ចំណូល ដែល​នាង​បាន​បង្កើត​ឡើង​កាលពី​ពីរ​ឆ្នាំ​មុន នាង ធីសុន រៃ​អង្គាស​ថវិការ​សម្រាប់​ការអភិរក្ស លើកទឹកចិត្ត កុមារដទៃទៀត​ឱ្យ​ថែរក្សា​ពិភពធម្មជាតិ និង​ចែករំលែកសេចក្តី​ស្រឡាញ់​របស់​នាង​នៅក្នុង​ការការពារ​សត្វកង្កែប។
«ខ្ញុំ​តែងតែ​បន្ថែម​កម្មវិធី​ថ្មីៗ​ទៅក្នុង​អង្គការ «អភិរក្ស​ទៅមុខ» ហើយ​ស្វែង​រក​មធ្យោបាយថ្មីៗ​ដើម្បី​ជួយ​បរិស្ថាន ក៏ដូចជា​មធ្យោបាយ​ដើម្បី​ឱ្យអ្នក​ដទៃទៀត​បានចូលរួមដែរ។ គំនិត​មួយ​ចំនួន​របស់​ខ្ញុំ គឺ​ការ​ចាប់ផ្តើម​កម្មវិធី​អភិរក្ស​សត្វ​ពស់​សម្រាប់​កុមារ​តូចៗ គឺ​កុមារ​ចាប់ពី​មតេ្តយ្យ​ដល់ថ្នាក់​ទីពីរ។ ខ្ញុំ​ពិត​ជា​ស្រលាញ់​សត្វ​ពស់​ណាស់។ ​តាមពិត​ទៅ សត្វ​ទាំងនោះ​គឺជា​សត្វ​ដែល​ខ្ញុំ​ចូលចិត្ត»។
នាង ធីសុន បាន​ទទួល​ពានរង្វាន់​ជាច្រើន​សម្រាប់​ការ​លះបង់​របស់​នាង​នៅក្នុង​ការអភិរក្ស ហើយ​នៅក្នុង​ឆ្នាំ​នេះ នាង​ត្រូវ​បានផ្តល់​កិត្តិយស​ជាមួយនឹង​ពានរង្វាន់ គ្លូរីយ៉ា បារុន (Gloria Barron) សម្រាប់​វីរបុរស​វ័យ​ក្មេងៗ។ ពានរង្វាន់​ប្រចាំឆ្នាំនេះ​ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នក​និពន្ធសៀវភៅ​កុមារ ធីអេ បារុន (T.A. Barron) ផ្តល់​កិត្តិយស​ដល់​អ្នក​ដឹកនាំ​វ័យក្មេង ដែល​មាន​អាយុ​ពី​៨​ទៅ​១៨​ឆ្នាំ ដែល​បាន​ធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរមួយ​នៅក្នុង​ពិភពលោក។ បារុន ​និយាយ​ថា ពានរង្វាន់​នេះ ​ទទួលស្គាល់​ថា សូម្បី​តែ​កុមារក៏អាច​ធ្វើឱ្យ​ពិភពលោក​ក្លាយទៅជា​កន្លែងដ៏ប្រសើរជាងមុនបាន​ដែរ។
«នេះ​គឺជា​ការពិត ប៉ុន្តែ យុវវ័យភាគច្រើន​មិនដឹង​អំពី​រឿង​នេះ​ទេ ឬ​ប្រសិនបើ​ពួកគេ​បាន​ឮ​អំពី​រឿងនេះ ពួកគេ​មិនជឿទេ»។
ហេតុនេះ​ហើយ​បាន​ជា បារុន បាន​ចាប់ផ្តើម​កម្មវិធីពានរង្វាន់នេះកាលពី​១២​ឆ្នាំ​មុន។ ជ័យលាភី​ទទួលបាន​ថវិការ ​២ពាន់ ៥០០​ដុល្លា ដើម្បី​ទ្រទ្រង់​ការសិក្សា​ឬ​កម្មវិធី​សេវាកម្ម​របស់​ពួកគេ។ លោក​និយាយ​ថា ពួកគេ​ត្រូវ​បំពេញតាម​លក្ខខណ្ឌ​មួយ​ចំនួន។
«ជាបឋម​ ​អារម្មណ៍ពិតប្រាកដ​នៃ​សេចក្តីស្រឡាញ់អំពី​បញ្ហា​មួយ ដែល​ប៉ះពាល់​ដល់​មនុស្ស​ជាតិ​ឬ​បរិស្ថាន។ ទីពីរ​គឺ​ការប្តេជ្ញា​ចិត្ត​ពិតប្រាកដ​និង​យូរអង្វែង​ក្នុង​ការ​ព្យាយាម​ធ្វើឱ្យមានការ​ផ្លាស់ប្តូរ​មួយ។ ទីបី ប្រសិទ្ធភាព​ពិតប្រាកដ​មួយចំនួន និង​លទ្ធផល​ដែល​អាច​វាស់​ស្ទង់​បាន​មួយចំនួន​នៃ​គម្រោងដែលបាន​ភ្ជាប់​ជាមួយ​មនុស្ស​ផ្សេងៗ​ទៀត ដែល​ពិត​ជា​បាន​ធ្វើ​ឱ្យមានការផ្លាស់ប្តូរ»។
ពានរង្វាន់នេះត្រូវបាន​ដាក់​ឈ្មោះ​តាមម្តាយ​របស់​លោក បារុន។
«គាត់​គឺជា​គ្រូបង្រៀន​ម្នាក់។ គាត់​បង្រៀន​នៅឯ​សាលា​មួយ​ក្នុង​រដ្ឋ ខូឡូរ៉ាដូ (Colorado) សម្រាប់​សិស្ស​ពិការ​ភ្នែក។ គាត់​តែងតែ​ជឿ​ថា មនុស្ស​គ្រប់​រូប​អាច​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​តាមរបៀប​មួយចំនួន»។
អ្នក​ទទួលបាន​ការផ្តល់​កិត្តិយស​នៅក្នុង​ឆ្នាំ​នេះ បានធ្វើឱ្យមាន​ការផ្លាស់ប្តូរ​នៅក្នុងវិស័យ​ជាច្រើន។
«យើង​មាន​ក្មេង​ប្រុស​ម្នាក់ ដែល​បាន​បង្កើត​អំពូល​ភ្លើង​ដែល​ប្រើ​ថាមពល​ព្រះអាទិត្យ ដែល​ឥឡូវនេះ​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ភូមិ​ទាំងឡាយ​នៅអាហ្រ្វិក​ខាងកើត (East Africa) ដែល​អាច​បំភ្លឺ​ផ្ទះ​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​មិនត្រូវការ​ថាមពល​នោះទេ។ យើង​មាន​ក្មេង​ស្រី​ម្នាក់​ ដែល​កំពុង​បង្កើតវិធី​ធ្វើ​ស្រែចំការ​ប្រកប​ដោយ​និរន្តរភាព​នៅឯ​ចំការ​របស់​នាង។ យើង​មាន​ក្មេង​ប្រុស​ម្នាក់ ដែល​បាន​បង្កើត​ល្បែងផ្គុំរូប​ភាព​ ដែល​អាច​ជួយ​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​បាត់បង់​ការចងចាំ ឱ្យ​ទទួលបាន​មកវិញ​នូវ​សមត្ថភាព​ក្នុង​ការចងចាំ»។
បារុន កត់សម្គាល់​ឃើញ​ថា ទោះបីជា​វីរបុរស​វ័យក្មេង​មាន​ចំណាប់​អារម្មណ៍​និង​ប្រវត្តិ​ផ្សេងៗគ្នា​ក៏ដោយ ក៏ពួកគេ​ទាំងអស់​គ្នា​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯងដែរ។
«រឿងមួយ​ដែល​ពិត​ជា​ដូចគ្នានោះ គឺ​ជា​ទឹកចិត្ត​ដែល​គិត​ថាខ្លួនឯង​ ​ជាបណ្តុំ​នៃ​កម្លាំង​មួយ ដែល​អាច​ត្រូវបាន​ប្រែក្លាយ​ឱ្យ​ទៅជា​រឿង​ល្អ​មួយប្រកប​ដោយ​ភាព​វិជ្ជមាន ហើយ​ជួយ​មនុស្ស​ដទៃទៀត»។
លោក​បាន​បន្ថែម​ថា ពួកគេ​មាន​ការគាំទ្រ​ពី​គ្រួសារ ពី​ឳពុកម្តាយ ដែល​បាន​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ប្រែក្លាយ​សុបិន្ត​របស់​ពួកគេ​ទៅជា​សកម្មភាព និង​ទទួល​ស្គាល់ថា ពួកគេ​ពិតជា​អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG