អតីតប្រធានមន្ទីរស-២១ ឌុច បានប្រាប់អង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃចន្ទនេះថា អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីការបរទេសខ្មែរក្រហមអាចទទួលបានដំណឹងជាមុនពីការសម្រេចចាប់ខ្លួនជនណាម្នាក់ក្នុងក្រសួងរបស់លោក បើទោះបីជាពុំមានភស្ដុតាងជាក់ស្ដែងថា អៀង សារី បានដាក់បញ្ជាឲ្យចាប់ខ្លួនជនទាំងនោះក៏ដោយ។
ឌុច ដែលត្រូវបានផ្ដន្ទាទោសក្នុងសំណុំរឿង ០០១ កំពុងផ្តល់សក្ខីកម្មប្រឆាំងនឹងអតីតមេដឹកនាំកំពូលរបស់ខ្លួនចំនួនបីនាក់គឺនួន ជា ខៀវ សំផន និង អៀង សារី ជាប់ចោទក្នុងសំណុំរឿង ០០២។ ការផ្ដល់សក្ខីកម្មទាក់ទងនឹងប្រព័ន្ធទំនាក់ទំនងការងារ ការចាត់តាំងរចនាសម្ព័ន្ធរដ្ឋបាល ការបណ្ដេញប្រជាពលរដ្ឋ និងតួនាទីរបស់ជនជាប់ចោទ។
ឌុច បានឆ្លើយសំណួររបស់លោកសហមេធាវីអន្ដរជាតិរបស់អៀង សារី គឺលោកម៉ាយឃើល ខាណាវ៉ាស ( Michael Karnavas) ចំពោះកង្វះខាតភស្ដុតាងរបស់ឌុច ដែលអាចបញ្ជាក់ថា កូនក្ដីរបស់លោកបានចូលរួមពិភាក្សាបញ្ហាចាប់ខ្លួនបុគ្គលិកនៅក្រសួងការបរទេសយកទៅដាក់គុកទួលស្លែង ឬ មន្ទីរស-២១ នោះ។ បន្ទាប់មកបុគ្គលិកទាំងនោះត្រូវសម្លាប់ចោល។
«ឯកសារដែលទាក់ទងនឹងអៀង សារីគឺទាក់ទងមនុស្សនៅក្នុងអង្គភាពរបស់គាត់។ តែឲ្យរកអំណាច អៀង សារី គ្មានទេ។ បើរឿងហ្នឹង អៀង សារី មិនទៅចូលរួមអចិន្ត្រៃយ៍ គេមិនសម្រេចក្នុងអចិន្ត្រៃយ៍ហ្នឹងទេ។ ប៉ុល ពត គាត់សម្រេចក៏គាត់គង់តែឲ្យយោបល់មក អៀង សារី ដែរ។ ជាគោលការណ៍ គាត់ត្រូវតែដឹង»។
ចំពោះសំណួររបស់លោក ខាណាវ៉ាស ដែលថា តើមានបុគ្គលិកក្រសួងការបរទេសត្រូវចាប់ខ្លួន និងសម្លាប់ចោលនៅមន្ទីរស-២១ ដែរឬយ៉ាងណា? ឌុចបានឆ្លើយយ៉ាងលឿនថា «ពិតជាមានបុគ្គលិកទាំងនោះចំនួនច្រើន» ត្រូវចាប់ខ្លួន។
ឌុចបញ្ជាក់ថា អង្គការរបស់ពួកខ្មែរក្រហមចាប់ខ្លួនប្រជាពលរដ្ឋ និងកម្មាភិបាលរបស់ខ្លួនយកទៅឃុំឃាំង និងសម្លាប់ចោលដោយចោទប្រកាន់គេចំនួនបីចំណុច គឺជនត្រូវចាប់ខ្លួនត្រូវជឿថា គឺជាភ្នាក់ងារចារកម្មរបស់អាមេរិក (CIA) ឬ ជាចារកម្មរបស់រុស្ស៊ី (KGB) ឬជាភ្នាក់ងារបង្កប់ស៊ីរូងផ្ទៃក្នុងរបស់វៀតណាម។
ឌុចបានរៀបរាប់ក្នុងសវនាការនៅថ្ងៃនេះទៀតថា ចម្លើយសារភាពដែលបានមកពីការធ្វើទារុណកម្មជម្រិតយកចម្លើយនោះត្រូវបញ្ជូនទៅឲ្យសុន សេន ដែលកាលនោះទទួលបន្ទុកផ្នែកកិច្ចការសន្ដិសុខ និងការពារជាតិ និងនួន ជា បងធំទីពីរបន្ទាប់ពី ប៉ុល ពត និង ក៏ជាមេមនោគមវិជ្ជានៃរបបខ្មែរក្រហមផងដែរ។ ឌុច បន្ថែមថាជួនកាលមេដឹកនាំខ្មែរក្រហមទាំងពីរនាក់បានដាក់បញ្ជាឲ្យសួរចម្លើយឡើងវិញ។
ក្នុងការផ្តល់សក្ខីកម្មកាលពីសប្ដាហ៍មុនៗឌុច បញ្ជាក់ថា ខ្លួនមិនដែលបានជួប អៀង សារី ដោយផ្ទាល់នោះទេ ក្នុងរបបខ្មែរក្រហម។ ប៉ុន្ដែគាត់បានឃើញ អៀង សារី ចំនួនពីរដងមុននឹងរបបនេះត្រូវផ្តួលរំលំ។
មេធាវីរបស់ អៀង សារី បានចោទសួរដេញដោល ឌុច លើឯកសារជាច្រើនក្នុងសវនាការ។ ជួនកាលឌុច បានស្ដីបន្ទោសលោក ម៉ាយឃើល ខាណាវ៉ាស ដោយការខឹងសម្បារវិញថា លោកម៉ាយឃើល ខាណាវ៉ាស បានចោទសួរសំណួរច្រំដែលៗដែលគាត់មិនចង់ឆ្លើយតប។
ទោះជាយ៉ាងណា ឌុច ចាត់ទុកថា អៀង សារី មានវីរភាពមួយ ក្នុងការការពារកូនកម្មាភិបាលខ្មែរក្រហមមួយចំនួនពីការកាប់សម្លាប់ បន្ទាប់ពីឱពុកម្ដាយរបស់ពួកគេត្រូវចាប់ខ្លួន និងសម្លាប់ចោល។ ឌុច បានឲ្យដឹងថាជាមាគ៌ារបស់ពួកខ្មែរក្រហមគឺថា នៅពេលដែលមានការសម្រេចចាប់ខ្លួនប្រជាពលរដ្ឋណាមួយយកមកដាក់គុក កូនៗរបស់ពួកគេក៏នឹងត្រូវនាំខ្លួនយកទៅសម្លាប់ចោល៕