ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ៖​ អ្នក​ជំងឺ​កូវីដ​១៩​ និង​អ្នក​ធ្វើ​ចត្តាឡីស័ក​នឹ​ង​ទទួល​បាន​ការ​អនុ​គ្រោះ​​បង់​សង​កម្ចី


រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់ស្ថិតសម្លៀកបំពាក់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈត្រៀមបញ្ជូនបុរសម្នាក់ដែលមានតេស្តវិជ្ជមានជំងឺកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាលអ្នកជំងឺ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់ស្ថិតសម្លៀកបំពាក់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈត្រៀមបញ្ជូនបុរសម្នាក់ដែលមានតេស្តវិជ្ជមានជំងឺកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាលអ្នកជំងឺ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

សមាគម​មីក្រូហិរញ្ញ​វត្ថុ​និង​សមាគម​ធនាគា​រ​ដែល​តំណាង​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ថា ​អ្នក​ជំងឺ​កូវីដ​១៩​ និង​អ្នក​ស្ថិត​ក្នុង​ការ​ធ្វើ​ចត្តា​ឡីស័ក ​នឹង​ទទួល​បាន​ការ​អនុ​គ្រោះ​ទាក់​ទង​នឹង​ការ​បង់​សង​កម្ចី។

សមាគម​ទាំង​ពីរបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ក្រោយ​បណ្តាញ​សហគមន៍ សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​ ១០០​ ស្ថាប័ន កាល​ពី​ថ្ងៃ​អង្គារ​ បាន​អំពាវ​នាវ​ជា​ថ្មី​ឲ្យ​រដ្ឋា​ភិបាល​ជួយ​ធ្វើ​អន្ត​រាគមន៍​ដល់​ការ​ផ្អាក​បង់​ប្រាក់​សង​ដល់​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​យ៉ាង​តិច​រយៈពេល​ ៣ ​ខែ។

សមាគម​ទាំង​ពីរ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍របស់​ខ្លួន​ថា ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ ស្ថាប័ន​ហិរញ្ញវត្ថុ ដែលមាន​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ «បាន​ចូលរួម​យ៉ាង​សកម្ម» ​ក្នុង​ការ​ជួយ​ដល់​អតិថិជន​ដែល​រង​គ្រោះ​ដោយសារ​កូវីដ​១៩ តាម​រយៈ​ការ​រៀប​ចំ​ឥណ​ទាន​ឡើង​វិញ។

ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ស្ទើរ​តែ​គ្រប់​ករណី​ដែល​ពួក​គេ​ទទួល​បាន គឺ​ធនាគារ​និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កំពុង​តែ​ផ្អាក​ការ​បង់​ប្រាក់​ដើម ​ប៉ុន្តែ​នៅ​តែ​បន្ត​ប្រមូល​យក​ការ​បង់ការ​ប្រាក់ ព្រម​ទាំង​គណនា​ការ​ប្រាក់​លើ​ឥណ​ទាន​ទាំង​នេះ​ដដែល។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម៍​ទាំង​ពីរ​ សម្រាប់​អតិថិ​ជន​ដែល​ឆ្លងជំងឺ​កូវីដ​១៩ នឹងទទួលបាន​នូវ​ការ​រៀប​ចំ​ឥណ្ឌ​ទាន​ឡើង​វិញ​ដោយ​ស្វ័យ​ប្រវត្តិ ប្រសិន​បើ​អតិថិជន​យល់​ព្រម។

ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​លោក ​កាំង តុងងី​ ថ្លែង​ប្រាប់​ VOA ​ថា ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយ​មាន​ឈ្មោះ​ជំពាក់​កម្ចី​អាច​ទទួល​បាន​ការ​អនុ​គ្រោះ ដោយ​មិន​បង់​ទាំង​ប្រាក់​ដើម​និង​ការ​ប្រាក់ យ៉ាង​តិច​ ៤ ​ខែ ហើយ​មិន​មាន​ការ​ពិន័យ​នោះ​ទេ។

សមាគម​ឲ្យ​ដឹង​ទៀត​ថា ​អតិថិជន​ដែល​ជាប់​ធ្វើ​ចត្តា​ឡីស័ក ក៏​ទទួល​បាន​ការ​រៀប​ចំ​ឥណទាន​ឡើង​វិញ​ដោយ​ស្វ័យ​ប្រវត្តិ​ដែរ ដោយ​មាន​ការ​អនុគ្រោះ​មិន​បង់ទាំង​ប្រាក់​ដើម​និង​ការ​ប្រាក់​រយៈ​ពេល​មួយ​ខែ និង​លើក​លែង​ការ​ផាក​ពិន័យ​ទាំង​អស់។

សមាគម​បញ្ជាក់​ថា ​អតិថិជន​ដែល​ទទួល​មរណ​ភាព​ដោយ​ជំងឺ​កូវីដ​១៩ ក៏​នឹង​ទទួល​បាន​ការ​អនុ​គ្រោះ តាម​លទ្ធ​ភាព​ជាក់​ស្តែង​របស់​គ្រឹះ​ស្ថាន​នីមួយៗ។

សមាគម​ឲ្យ​ដឹង​ទៀត​ថា​ ស្ថាប័ន​ហិរញ្ញវត្ថុ​នឹង​បន្ត​ការ​ផ្តល់​នូវ​ការ​រៀប​ចំ​ឥណ​ទាន​ឡើង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស ​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អតិថិជន ​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​១៩។

គិត​ត្រឹម​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ ​អតិថិជន​ប្រមាណ​ ៣៤ ​ម៉ឺន​នាក់ ទទួលបាន​ការ​រៀបចំ​ឥណ​ទាន​ឡើង​វិញ ក្នុង​ទំហំឥណ​ទាន​ប្រមាណ​ ៤ ​ពាន់លាន​ដុល្លារ​អាមេរិក។ ភាគ​ច្រើននៃ​អតិថិជន​បាន​ជ្រើ​ស​យកជម្រើស​បង់​តែ​ការ​ប្រាក់​ក្នុង​រយៈ​ពេល​៣​ទៅ​ ៦ ​ខែ ពន្យារ​រយៈ​ពេល​សង​កម្ចី​ ឬ​ផ្អាក​បង់​ទាំង​ការ​ប្រាក់​និង​ប្រាក់​ដើម​រយៈ​ពេល​ ៣ ​ទៅ​ ៦ ​ខែ​ ក្នុង​ករណី​ដែល​អតិថិ​ជន​រង​ផល​ប៉ះពាល់​ខ្លាំង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សមាគម​តំណាង​ឲ្យ​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ។​

ពួកគេ​លើក​ឡើង​ថា​ ការ​រៀបចំ​ឥណ​ទាន​ឡើង​វិញ​ត្រូវ​ធ្វើ​ឡើង​អាស្រ័យ​តាម​ស្ថានភាព​ជាក់​ស្តែង​របស់​អតិថិជន​ ហើយ​នឹង​ត្រូវ​ធ្វើ​បន្តទៅ​ទៀត​ក្នុង​អំឡុង​ពេល​ដែល​វិបត្តិជំងឺ​កូវីដ​១៩​ នេះ​ មិន​ទាន់​បញ្ចប់​នៅ​ឡើយ៕

XS
SM
MD
LG