ភ្នំពេញ៖ តុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធនេះបានចេញដីការក្សាការពារឲ្យកម្មករនិងបុគ្គលិកកាស៊ីណូជាប់ព្រំដែនកម្ពុជាថៃប្រមាណជិត៣០០នាក់ឲ្យចូលបម្រើការងារឡើងវិញនៅក្នុងរយៈពេល៤៨ម៉ោងដោយលាយឡំជាមួយនឹងការព្រមានថានឹងបញ្ឈប់ពីការងារ ប្រសិនណាបើពួកគេមិនចូលធ្វើការងារតាមការកំណត់របស់តុលាការ។
ការចេញដីការក្សាការពាររបស់តុលាការខេត្តបន្ទាយមានជ័យបានធ្វើឡើងក្រោយពីក្រុមកម្មករនិងបុគ្គលិកនៃកាស៊ីណូត្រូពិចហ្គាណា ប្រមាណជិត៣០០នាក់បានប្រមូលផ្តុំគ្នាធ្វើកូដកម្មដោយសន្តិវិធីមួយចំនួនប្រាំថ្ងៃមកហើយ។ បើតាមការបញ្ជាក់ពីមន្ត្រីសហជីពនិងមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានឲ្យដឹងថាមូលហេតុនៃការធ្វើកូដកម្មនេះដោយសារតែកាស៊ីណូត្រូពិចហ្គាណា បានបញ្ឈប់បុគ្គលិកសហជីពម្នាក់ និងប្រធានសហជីពម្នាក់ផ្សេងទៀតពីការងារដែលពួកគេបានចោទប្រកាន់ថាជាទង្វើខុសច្បាប់។
លោក ឡាយ បូរ៉ែន សកម្មជនសហជីពសេរីកម្មករ និងលោក សាទ សែត ប្រធានសហជីពសេរីកម្មករប្រចាំកាស៊ីណូត្រូពិចហ្គាណាត្រូវបានថៅកែកាស៊ីណូបញ្ឈប់ពីការងារកាលពីខែមិនា ដោយបានចោទប្រកាន់ថាបានលួចបន្លំសន្លឹកបៀជាមួយនឹងភ្ញៀវដែលចូលលេងក្នុងបនល្បែងកាស៊ីណូក្នុងគោលបំណងដើម្បីបន្លំប្រាក់តាមរយៈបនល្បែងកាស៊ីណូ។
នៅក្នុងដីការក្សាការពារដែលមានចុះហត្ថលេខាដោយលោក ពេជ្រ វិជ្ជាធរ ចៅក្រមនៃតុលាការខេត្តបន្ទាយមានជ័យបានចាត់ទុកការធ្វើកូដកម្មនេះធ្វើឡើងដោយខុសច្បាប់។
លោកចៅក្រមបានបញ្ជាឲ្យកូដករ ដែលជាកម្មករនិយោជិតរបស់ក្រុមហ៊ុនកាស៊ីណូត្រូពិចហ្គាណាឲ្យចូលធ្វើការងាររបស់ខ្លួនវិញនៅក្នុងរយៈពេល៤៨ម៉ោងគិតចេញពីថ្ងៃចេញប្រកាសសាលក្រមនេះ។
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីរបស់មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិបានចាត់ទុកសេចក្តីសម្រេចរបស់តុលាការថាពួកគេមិនអាចទទួលយកបានទេ។
«ដីកាសម្រេចថាការពាររបស់តុលាការខេត្តបន្ទាយមានជ័យហ្នឹង ដោយសារតែវាជារឿងមួយដែលអយុត្តិធម៌ ពីព្រោះពួកគាត់បានធ្វើទៅតាមនីតិវិធីច្បាប់ ហើយកូដកម្មរបស់គាត់ហ្នឹងជាអហិង្សាមិនបានបង្កឲ្យមានផលប៉ះពាល់ទៅដល់ជាទ្រព្យសម្បត្តិសាធារណៈ ឬក៏ជាទ្រព្យសម្បត្តិក្រុមហ៊ុន»។
លោក ស៊ុំ ចាន់គា អ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាដហុកបានរិះគន់ថាតុលាការខេត្តបន្ទាយមានជ័យមានភាពលំអៀងទៅលើក្រុមហ៊ុនកាស៊ីណូ ដោយបានទាត់ចោលការទាមទាររបស់ក្រុមកម្មករ។
«តុលាការសម្រេចចេញដីកាការពារមួយនេះ ធ្វើឲ្យបាត់បង់ទៅលើកម្មករដែលខំតវ៉ាដើម្បីផលប្រយោជន៍រួម ហើយធ្វើឲ្យកាស៊ីណូហ្នឹងមានកែប្រែឲ្យចេះគោរពច្បាប់»។
លោកមេធាវីការពារក្តីឲ្យក្រុមហ៊ុនកាស៊ីណូ និងលោកចៅក្រម ពេជ្រ វិជ្ជាធរ មិនអាចស្នើសុំដើម្បីធ្វើសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃពុធនេះ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
បុគ្គលិកនិងកម្មករកាស៊ីណូត្រូពិចហ្គាណានៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះគ្រោងនឹងបន្តធ្វើកូដកម្មបន្ថែមទៀត ដើម្បីទាមទារលក្ខខណ្ឌការងារនិងឲ្យបុគ្គលិកសហជីពសេរីកម្មករចំនួនពីរនាក់ចូលធ្វើការងារឡើងវិញ៕