ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​បន្ត​សំណុំរឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ

  • ហេង រស្មី

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​បី​រូប​គឺ​​ លោក ម៉ែន សុថាវរិន្ទ្រ (ស្តាំ) លោកស្រី មូរ សុខហួរ និង​​លោក កែវ ភិរម្យ​ធ្វើ​សញ្ញា​លេខ​៧​នៅ​ក្រោយ​ពេល​ត្រូវ​​ឃាត់​ខ្លួន​ដោយ​​សមត្ថកិច្ច​​នៅ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

ក្រោយ​ពី​បាន​អភ័យឯកសិទ្ធិ​សភា​តំណាងរាស្ត្រ​ភ្លាម​ សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែល​ជាប់​ក្តីក្តាំ​ក្នុង​តុលាការ​មិន​បាន​បង្ហាញ​មុខ​ចំពោះ​តុលាការ​តាម​ដីកា​កោះ​ដូច​មុន​ទៀត​ទេ​ក៏​ប៉ុន្តែ​ពួក​គេ​បាន​ចាត់​មេធាវី​ការពារ​ក្តីឱ្យចូល​បំភ្លឺ​ជំនួស​វិញ​នៅ​ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ។​

សំណុំ​រឿង​នេះ​មិន​ទាន់​បាន​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​ បើ​ទោះ​បី​ជា​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​បាន​បញ្ចប់​ហើយ​ក៏ដោយ​បន្ទាប់​ពី​សមាជិក​សភា​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​បាន​ចូល​ប្រជុំ​សភា​កាល​ពី​សប្តាហ៍​មុន។​

អ្នក​តំណាង​រាស្ត្រ​ទាំង៨​រូប​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​មួយ​រូប​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​កោះ​ហៅ​សារជាថ្មី​ឱ្យមក​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​កាលពី​ថ្ងៃ​ទី​១៥​ខែកក្កដានៅ​ទី​លាន​ប្រជាធិបតេយ្យ​ដែល​បណ្តាល​ឱ្យក្រុម​សន្តិសុខ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​ជិត​៥០នាក់​បាន​រង​របួស។​

តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​តំណាង​រាស្ត្រ​និង​សកម្មជន​គណបក្ស​ឱ្យចូល​មក​បំភ្លឺនៅ​ក្នុង​តុលាការ​ជា​បន្ត​បន្ទាប់ចាប់​ពី​ថ្ងៃទី​៨​រហូត​ដល់​ថ្ងៃទី​១៣​ខែសីហា។​

នៅ​ថ្ងៃច័ន្ទ​នេះ​មាន​អ្នក​តំណាងរាស្ត្រ​ចំនួន​ពីរ​រូប​គឺ​ លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​ និង​ លោក​ ស្រី មូរ សុខហួរ​ក៏ប៉ុន្តែ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​តុលាការ​ដោយ​ផ្ទាល់ដូច​មុន​ទៀត​ទេ។​

លោក​ កឹម សុខា​មាន​ប្រសាសន៍​ថា​លោក​មាន​អភ័យ​ឯក​សិទ្ធិ​ហើយ​ដូច​ច្នេះ​លោក​មិន​ចូល​បំភ្លឺ​ដោយ​ខ្លួន​លោក​ផ្ទាល់​ទេ។​

លោក​បាន​និយាយ​ថា៖ ​«មេធាវី​ទៅពី​ព្រោះ​ខ្ញុំមាន​អភ័យ​ឯក​សិទ្ធិ​ ខ្ញុំទៅ​ធ្វើ​អ្វី​ទៀត​ ខុស​ច្បាប់»។​

លោក​ ចាន់ ចេន​ មេធាវី​ការពារក្តី​លោក​ កឹម សុខា​ មាន​ប្រសាសន៍​ថា​លោក​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ជំនួស​កូន​ក្តី​របស់​លោក​ទៅតុលាការ​ហើយ​ក៏ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា​តុលាការ​មាន​វិធាន​ការ​យ៉ាង​ណាទេ​ចំពោះ​ករណី​នេះ។​

លោក​និយាយ​ថា៖ ​«រហូត​មក​ដល់​ពេល​នេះ​យើង​អត់​ទាន់​ឃើញ​ចំណាត់​ការ​របស់​តុលាការ​គាត់​សម្រេច​យ៉ាង​ណា​ទេ។ ​តែ​បើ​តាម​អង្គហេតុ​កូន​ក្តី​ខ្ញុំ​គាត់​មិន​មែន​ជាជន​ត្រូវ​ចោទ​ហើយ​ក៏មិន​មែន​ជា​សាក្សី​គ្រាន់​ជា​អ្នក​បំភ្លឺ​។​ហើយ​ដោយ​សារ​កូន​ក្តី​ខ្ញុំ​គាត់​ជាតំណាង​រាស្ត្រ​ដែល​គាត់​មាន​អភ័យ​ឯក​សិទ្ធិ​ហើយ​គាត់​ជាប់​បេសកកម្ម​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ដែល​ជាម្ចាស់​ឆ្នោត​ ហើយ​ថ្ងៃ​នេះ​គាត់​អត់​បាន​ចូល​បំភ្លឺ​ទេបាទ»។​

លោក​ស្រី​មូរ សុខហួរ​ អ្នក​តំណាងរាស្ត្រ​មួយ​រូប​ផ្សេង​ទៀត​ក៏​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តុលាការ​ដែរ​ដោយ​លោក​ស្រី​មាន​ប្រសាសន៍​ថាការចេញ​ដីកា​កោះ​របស់​តុលាការ​សារជាថ្មី​ដោយមិនមាន​ការដកអភ័យ​ឯក​សិទ្ធិ​ជាមុន​គឺ​ជាការ​ខុស​ច្បាប់។​

លោក​ស្រី​និយាយ​ថា៖ ​«នីតិវិធី​ដែល​កោះ​ហៅ​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ​ហើយ​តាំង​ពី​ពួក​បង​នៅ​ឯ​តុលាការ​ គេ​ចោទ​ប្រកាន់​ គេ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​អី​ក៏ពួក​បង​នៅ​តែ​ឈរថា​ ពួក​យើង​គឺ​ជា​អ្នក​តំណាងរាស្ត្រ​ស្រប​ច្បាប់​ មាន​អភ័យ​ឯក​សិទ្ធិ​ហេតុ​អ្វី​បាន​ជាអត់​ដក​អភ័យ​ឯក​សិទ្ធិ​ពួក​យើង​សិន»។​

លោក​ កែវ មុន្នី​ ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​តុលាការ​ក្រុង​ភ្នំពេញ​មិន​បាន​ធ្វើ​អត្ថាធិប្បាយទេ​ដោយ​លោក​និយាយ​ថា​កំពុង​ជាប់​រវល់​ជម្រះ​ក្តី។​

អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប​និង​សកម្មជន​គណបក្ស​ចំនួន​១​រូប​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​សម្រេច​ឱ្យឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​១​សប្តាហ៍​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅទី​លាន​ប្រជាធិបតេយ្យ។​

អ្នក​តំណាង​រាស្ត្រ​និង​សកម្មជន​គណបក្ស​ទាំង​៩​នាក់​ត្រូវ​បាន​ដោះ​លែង​វិញ​ក្រោយ​ពី​ជំនួប​កំពូល​រវាង​មេដឹក​នាំ​ទាំង​ពីរ​បាន​បញ្ចប់​ដោយ​សន្យា​ថា​នឹង​រួប​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ។​

អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះជាតិ​ទាំង​៥៥​រូប​ក្រោយ​មក​បាន​សម្រេច​ចូល​រួម​ប្រជុំ​សភា​ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិកា​ចំនួន​ជាង​១០​ខែ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ មាន​ប្រសាសន៍​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​លោក​បាន​អះអាងថា​ប្រាក់​បៀវត្សរ៍​អ្នក​តំណាង​រាស្ត្រ​ទាំង​៥៥​រូប​ដែល​មិន​បាន​ចូល​រួម​ប្រជុំ​សភា​កន្លងមក​ លោក​បាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជាអ្នក​សម្រេច៕

XS
SM
MD
LG