ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាបញ្ជាក់ថា មិនមានពលរដ្ឋខ្មែរស្លាប់ឬរងគ្រោះថ្នាក់ក្នុងហេតុការណ៍រញ្ជួយដីនៅជប៉ុនឡើយ


ស្ត្រីម្នាក់ជិះកង់កាត់សំណង់អគារដែលត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រោះរញ្ជួយដី នៅតំបន់ Noto ប្រទេសជប៉ុន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
ស្ត្រីម្នាក់ជិះកង់កាត់សំណង់អគារដែលត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រោះរញ្ជួយដី នៅតំបន់ Noto ប្រទេសជប៉ុន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​មិន​មាន​ពលរដ្ឋ​ខ្មែរ​ស្លាប់​ ឬ​រង​គ្រោះ​ថ្នាក់​ឡើយ​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដែល​កើត​ឡើង​កាល​ពី​ដើម​សប្តាហ៍​ទេ។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​ចេញ​ផ្សាយ​នា​ថ្ងៃទី​ ២ ខែ​មករា ឆ្នាំ​ ២០២៤។​

ក្រសួង​ការ​បរទេស​បញ្ជាក់​ថា​ ក្រសួង​និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បាន​និង​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​វិវត្ត​របស់​គ្រោះ​ធម្មជាតិ​នេះ ​និង​បាន​ខិត​ខំ​ទាក់​ទង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ។​ ក្រសួង​ការ​បរទេស​កម្ពុជា​បន្ត​ថា​ សុវត្ថិភាព​របស់​ពលរដ្ឋ​ខ្មែរ​គឺ​ជា​អាទិភាព​ចម្បង​បំផុត​របស់​រដ្ឋាភិបាល ​និង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​បន្ត​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ដោយ​គោរព​និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ជប៉ុន​ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។​

យោង​តាម​របាយ​ការណ៍​របស់​ស្ថានទូត​កម្ពុជា​ មាន​ពលរដ្ឋ​ខ្មែរ​ជាង​ ១.៦០០ ​នាក់ ​រស់​នៅ​ក្នុង​តំបន់​រង​គ្រោះ​ (ខេត្ត​ចំនួន​ ៦ ) ​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​ ២​ ខែ​មករា​ ឆ្នាំ​ ២០២៤ ពុំ​មាន​របាយ​ការណ៍​អំពី​ពលរដ្ឋ​ខ្មែរ​បាន​បាត់​បង់​ជីវិត ​ឬ​រង​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នេះ​ទេ។ ​និស្សិត​ខ្មែរ​ចំនួន​ ៣ ​រូប​ ដែល​ស្ថិត​ក្នុង​ខេត្ត ​Ishikawa ​និង​ចំនួន ​៥ ​រូប​ក្នុង​ខេត្ត​ Nigata​ ត្រូវ​បាន​ជម្លៀស​មក​ទីតាំង​មាន​សុវត្ថិ​ភាព​រួច​ហើយ។ ​ស្ថានទូត​កម្ពុជា​នឹង​បន្ត​តាម​ដាន ​និង​សហការ​ជាមួយ​អាជ្ញាធរ​ជប៉ុន​ជា​ប្រចាំ​អំពី​ស្ថាន​ភាព​នេះ។

ទី​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន​ JMA ​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ចន្ទ​ គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ដែល​មាន​កម្រិត​៧,៥ ​រិចទ័រ​ បាន​កើត​មាន​នៅ​តំបន់​ឆ្នេរ​សមុទ្រ ​ភាគ​កណ្តាល​ប្រទេស​ជប៉ុន ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ​៦០ ​នាក់ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន ​AFP៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG