ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​ការ​កោះ​ហៅ​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​រឿង​បង្រ្កាប​នៅ​ក្រចេះ


ពលរដ្ឋ​សុំឲ្យ​ដោះលែង​​លោក ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ​ FM 105​ មេហ្គាហឺត ​ដោយសារ​ការ ឆ្លើយ​ដាក់​ថា​លោកមាន​ការពាក់ព័ន្ធ​ជាមួយ​ផែនការ​អបគមន៍​ផ្តួលរំលំ​រដ្ឋាភិបាល​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។​
វ៉ាស៊ីនតោន៖ ក្រុមអង្គការ​សង្គម​ស៊ីវិល​ចំនួន២០​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​សម្តែង​ការ​សោកស្តាយ​ ចំពោះ ​ការចោទ​ប្រកាន់​លោក​ ចាន់ សាវ៉េត​មន្ត្រី​សិទ្ធិមនុស្ស​ដ៏​ឆ្នើម​នៃ​អង្គការ​អាដហុក ​ពី​បទជួយ​ដល់​ក្រុម​អបគមន៍​ ដោយ​បាន​រួមគ្នា​ហៅ​ចំណាត់ការ​របស់​តុលាការ ​ក្រុងភ្នំពេញ​ថាជាការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុងរយៈពេល​មួយទសវត្សរ៍ ​នេះ។​ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដែល​ចេញផ្សាយ​ជាភាសា​អង់គ្លេស​ដែល​វីអូអេ​ទទួល​បាន។

បើតាមដីការ​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​លោក​ចៅក្រម​ស៊ើបសួរ​ ឆែ វីរៈ​កាលពីថ្ងៃ​៩ ​ខែសីហា​ បាន​បញ្ជាក់ថា​លោក ចាន់ សាវ៉េត​អាយុ ៤៤ឆ្នាំ​ជាមន្ត្រី​ស៊ើបអង្កេត ​ជាន់ខ្ពស់​នៃអង្គការ​អាដហុក​ត្រូវចូលខ្លួន​មក​តុលាការ​នៅម៉ោង​៨:៣០នាទី​ព្រឹក​ ថ្ងៃ​២៤សីហា​ដើម្បី​សួរចម្លើយ​ពី​បទទាក់ទង​នឹង​ការផ្តល់​ជំនួយ​ដល់​ចារីប្រព្រឹត្ត​នៅរាជធានី​ ភ្នំពេញ​ កាលពី​ខែឧសភាឆ្នាំ​ ២០១២​ បន្ទាប់ពី​ត្រូវ​ចោទ​ប្រកាន់ ​កាលពីថ្ងៃ​ ៧ សីហា។​ តុលាការ​ទំនង​ជា​សង្ស័យ​ថា​លោក ចាន់ សាវ៉េត​មានជាប់​ទាក់ទង​នឹងការ​ជួយផ្តល់លុយ​៣០ម៉ឺនរៀល ​ផ្តល់ការស្នាក់​នៅ២យប់​ដល់ក្រុម អ្នកតវ៉ា​ឬ​ក្រុមអបគមន៍​ដីធ្លី​របស់​លោក ប៊ុន រដ្ឋា​ដែល​លោក ​នាយក​ រដ្ឋមន្ត្រី​ហ៊ុន សែន​បានប្រកាស​ជាសាធារណៈ​ ហើយសួរ​ដល់មន្ត្រី​លោក​ថា​ តើមន្ត្រី​អង្គការ​ ដែលផ្តល់​មធ្យោបាយ​ដល់​ក្រុម​អបគមន៍​ដីធ្លីនោះ​ហៅមក​សាកសួរ​ឬនៅ? ។

ចំណាត់ការ​របស់តុលាការ​កើតឡើងក្រោយ​តែ៤៨ម៉ោង​នៃការប្រកាស​របស់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែនកាលពី​ដើមខែ ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍រួម​លោក សួន ប៊ុន សាក់​នាយក​ប្រតិបត្តិ​នៃអង្គការ​ ប្រព្រឹត្តកម្ម​ដែល​មាន​អង្គការ​ជាង២០​ជាសមាជិក​បានអះអាង​ថា​រឿង​ចំណាត់ការ ​លើ​សង្គម​ស៊ីវិល​នេះ​គឺ​ជា​ការ​ប៉ុនប៉ង​ដាក់ទោស​ព្រហ្មទណ្ឌ​លើក្រុម​សកម្មជន​ អង្គការ​ស្រប​ច្បាប់​នានា៖

«ការកោះ​ហៅ​លោក ចាន់ សាវ៉េត ​បង្ហាញ​ពី​ការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំង ​នឹង​កិច្ចការ​របស់​អង្គការ​សិទ្ធិ​មនុស្ស​ដែល​យើង​បានឃើញ​ក្នុង​មួយ​ទសវត្សរ៍ ​នេះ»។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោកផៃ ស៊ីផាន​អ្នកនាំពាក្យ​របស់​ទីស្តីការ​គណៈ ​រដ្ឋមន្ត្រី​ បាន​អះអាង​ថា​ចំណាត់ការ​របស់​តុលាការ​ធ្វើតាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​ មិនមាន​ពាក់ព័ន្ធ​នឹង​ការ​ជ្រៀត​ជ្រែក​របស់​រាជរដ្ឋាភិបាល​ទេ។

«នេះ​ហើយ​ជានីតិរដ្ឋ​ដែល​យើង​ចង់ឃើញ​ការឆ្លងឆ្លើយ​ឬការតតាំង​តាមរយៈ​តុលាការហ្នឹង​។ នេះ​ជា​រឿង​មួយ​ល្អបំផុត​សម្រាប់​សង្គម​ប្រជាធិបតេយ្យ​ដើម្បី ​ជៀសវាង​ការចោទប្រកាន់​ឬ​សង្ស័យ​ទៅលើ​ជនណា​ម្នាក់​ដែល​ទទួល​បាន​ការដាក់​បន្ទុក​នោះ»។

ក្រុមសង្គម​ស៊ីវិល​បានអំពាវនាវ​ដល់តុលាការ​ឲ្យ​ស្ថិតនៅ​ឯករាជ្យ​ក្នុង​ចំណាត់ការ​ របស់ខ្លួន​ និង​ទទូច​ដល់​ស្ថាប័ន​នីតិប្រតិបត្តិ​មិន​ត្រូវលូកដៃ​ក្នុងចំណាត់ការ​នេះ​ដែរ ​ដែល​ពួកគេ​សង្ឃឹម​ថា​តុលាការ​នឹង​ជម្រះ​បទចោទ​ចំពោះ​សំណុំរឿង​លោក ចាន់សាវ៉េត។

ការចោទ​ប្រកាន់​រឿង​ការតវ៉ាដីធ្លី​ឬ​អបគមន៍​ដីធ្លី​ជាពាក្យ​របស់​អាជ្ញាធរ​នោះ ​កើតឡើង​នៅ​ក្នុង​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ​កាលពី ​ខែមេសា។​ ការតវ៉ា​នោះ​បាន​ធ្វើ​ឲ្យ ​ក្មេងស្រី​អាយុ១៤ឆ្នាំ​ម្នាក់ស្លាប់​ដោយសារ​ការបាញ់​ ប្រហារ​ពីអាជ្ញាធរ។​ ជាមួយ ​គ្នានេះដែរ​ ការចោទ​ប្រកាន់​រឿងពាក្យ​អបគមន៍​នេះ​បានធ្វើឲ្យ​មាន​ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ​ FM 105​ មេហ្គាហឺត ​ដោយសារ​ការ ឆ្លើយ​ដាក់​ថា​លោកមាន​ការពាក់ព័ន្ធ​ជាមួយ​ផែនការ​អបគមន៍​ផ្តួលរំលំ​រដ្ឋាភិបាល​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។​

លោក ​ម៉ម សូណង់ដូ​ប្រកែក​ពីការ​ពាក់ព័ន្ធ ហើយលោក​ ប៊ុន រដ្ឋា​ដែលជា​មេដឹកនាំ​ពលរដ្ឋ​ធ្វើបាតុកម្មរឿង​កម្មសិទ្ធិ​ដីធ្លី នៅក្នុង​ស្រុកឆ្លូង​ ខេត្តក្រចេះ​ក៏​បានបដិសេធ​ដែរ​ក្រៅពី​អះអាងថា​លោក​គ្មាន​ ជាប់ទាក់ទិន​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណាទេ​នៅពេល​ទាក់ទង​ជាមួយ​វីអូអេ ​ជា​បន្ត​បន្ទាប់​ពីកន្លែង​ដែល​លោក​លាក់ខ្លួននៅ​ក្រៅ​ប្រទេស៕
XS
SM
MD
LG