ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្រុង​បញ្ចប់​គម្រោង​សាកល្បង​រថយន្ត​ក្រុងដោយ​ជោគជ័យ


អ្នក​ដំណើរ​ចុះ​ពី​រថយន្ត​ក្រុង​មួយ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​អំឡុង​ពេល​ការ​សាកល្បង​​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
ដំណើរការ​សាកល្បង​នៃ​សេវាកម្ម​រថយន្តក្រុង​រយៈ​ពេល​មួយខែ​ក្នុង​រាជធានី​ភ្នំពេញ​ដែលជា​គម្រោង​ការ​រួមគ្នា​រវាង​សាលាក្រុង​ភ្នំពេញ និង​ភ្នាក់ងារ​សហប្រតិបត្តិការ​ជប៉ុន​អន្តរជាតិ​ហៅ​កាត់​ថា ចៃ​កា (JICA) បានបញ្ចប់​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយបាន​ហៅថា​នេះ​គឺជា​ការសាកល្បង​ប្រកបដោយ​ជោគជ័យ។

ក៏ប៉ុន្តែ​ការដឹកជញ្ជូន​អ្នកដំណើរ​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃទី៥ខែ​មិនា។ នេះ​បើ​យោងតាម​ លោក ជូ គឹម​ទ្រី​អនុប្រធាន​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ។

មន្ត្រី​ដដែល​បញ្ជាក់ថា​ក្រុមហ៊ុន​ឯកជនមួយ​មកពី​ប្រទេស​ចិននឹង​បន្ត​សេវាកម្ម​នេះ​ក្រោម​កិច្ចសហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។

«ក្រុមហ៊ុន​ឯកជន​មួយ​គាត់​នឹង​បន្ត។ឈ្មោះ​ Global Trade Cambodiaមកពី​ប្រទេស​ចិន។ គាត់​នឹង​អនុវត្ត​បន្ត​ពី​អង្គការ​ចៃ​កា​ពីថ្ងៃ​ទី០៥ទៅ»។

យោងតាម​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​និង​របស់​JICA ​ឲ្យ​ដឹងថា​មាន​ប្រជាពលរដ្ឋ​ពី​ចន្លោះ​ ១.៥០០ ទៅ ១.៨០០នាក់​ក្នុងថ្ងៃៗ​បាន​ប្រើប្រាស់​យានជំនិះ​សាធារណៈ​ក្នុងអំឡុង​រយៈពេល​សាកល្បង​មួយខែ​មកនេះ។

លោក​អ៊ី​ហ្គា​មី ម៉ាសា​ហ៊ី​កុ តំណាង​អង្គការ​JICA​ប្រចាំ​នៅ​កម្ពុជា​ថ្លែ​ង​ថា​គម្រោង​សាកល្បង​នេះ​បានទទួល​ជោគជ័យ​ហើយ​លោក​មានការ​ភ្ញាក់ផ្អើល​នៅពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​តម្លៃ​លើ​សេវាកម្ម​សាធារណៈ​នេះ។

«ខ្ញុំ​គិតថា​គម្រោង​រថយន្តក្រុង​នេះ​ទទួលបាន​ជោគជ័យ​ខ្លាំងណាស់​ហើយ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល។ប្រជាពលរដ្ឋ​កាន់តែច្រើន​ឡើង​យល់ដឹង​ពី​អត្ថប្រយោជន៍​និង​ភាពងាយស្រួល​តាមរយៈ​ការធ្វើដំណើរ​តាម​រថយន្តក្រុង»។

សេវាកម្ម​រថយន្ត​ក្រុង​សាកល្បង​នេះ ​បាន​ចាប់ដំណើរការ​កាលពី​ថ្ងៃ​ទី០៤ ខែកុម្ភៈ​ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បង់ថ្លៃ​សំបុត្រ​មួយ​ជើង​ត្រឹមតែ​១៥០០រៀល​តែប៉ុណ្ណោះ​សម្រាប់​ចម្ងាយ​ផ្លូវ​ទៅមក​ពី​រង្វង់​មូល​ស្តា​ត​ចាស់​តាម​បណ្តា​យ​ផ្លូវ​ព្រះមុន្នីវង្ស​ដល់​ស្ពាន​ព្រះមុន្នីវង្ស ​ផ្សារ​ច្បារអំពៅ។

រថយន្តក្រុង​សរុប​ចំនួន​ ១០គ្រឿង​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ។ ប្រជាពលរដ្ឋ​ដែល​បាន​ជ្រើស​រើស​យក​សេវាកម្ម​រថយន្តក្រុង​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​សេវាកម្ម​រថយន្តក្រុង​នេះ។

អ្នកស្រី ប៉ែន ហួន​អាយុ ៦១​ជា​អាជីវករ​នៅ​ផ្សារ​អូ​ឫស្សី។ កំពុង​អង្គុយ​លើ​កៅអី​នៃ​រថយន្តក្រុង​ធ្វើដំណើរ​ចេញទៅ​ច្បារអំពៅ អ្នកស្រី​និយាយថា​ការធ្វើដំណើរ​តាម​រថយន្តក្រុង​មានតម្លៃ​ថោក ​ហើយ​មាន​សុវត្ថិភាព។ អ្នកស្រី​ចង់​ឲ្យ​គម្រោង​នៃ​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​បន្តទៅទៀត។

«បន្ត​ជិះ​តទៅទៀត។ វា​មាន​សុវត្ថិភាព។ ចង់ទៅ​លេង​កូន​នៅ​ច្បារអំពៅ។ វា​សុវត្ថិភាព​ចឹង»។

លោក សៀន សេត ​អាជីវករ​នៅ​ផ្សារ​ធំថ្មី ​មានប្រសាសន៍​ថា​លោក​កំពុង​ធ្វើដំណើរ​ពី​ផ្សារ​ថ្មី ឆ្ពោះ​ទៅកាន់​គល់ស្ពាន​ព្រះមុន្នីវង្ស។

បុរស​អាយុ ៥៥ឆ្នាំ​រូប​នេះ​រំពឹងទុក​ថា​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​នេះ​នឹង​នៅតែ​បន្ត។

«តាំងពី​មាន​ឡានក្រុង​មក​ខ្ញុំ​ជិះរ​ហួត។ វា​ស្រួល​ ហើយ​អត់​ក្តៅ។ ចង់​ឲ្យ​សេវា​កម្ម​ឡានក្រុង​ហ្នឹង​បន្ត​រហូត»

លោក ជា វិចិត្រ ​គឺជា​អ្នកបើកបរ​រថយន្តក្រុង។ កំពុង​អង្គុយ​រង់ចាំ​អ្នកធ្វើដំណើរ​នៅ​ចំណតរថយន្ត​ក្រុង​ក្បែរ​គល់ស្ពាន​ព្រះមុនីវង្ស លោក​ឲ្យ​ដឹងថា​ជា​រៀងរាល់ថ្ងៃ ​រថយន្ត​របស់លោក​ទ​ទួលបាន​អ្នកធ្វើដំណើរ​ជា​មធ្យម​ប្រហែល​ជាង​ ១០០​នាក់។

«និយាយ​ទៅ​ចម្រុះ។ ក្មេង ​ចាស់ ​អ្នកធ្វើការ ​និង​ជាពិសេស​ក្រុម​សិស្សសាលា។ ចាប់ពី​ម៉ោង៣. ៤. ៥ ហ្នឹង​គឺថា​ច្រើន។ មនុស្ស​ពេញ​ឡាន​តែម្តង»។

អ្នកបើកបរ​រថយន្ត​ក្រុង​ម្នាក់​ទៀត ​គឺ​លោក​ឈួន ហុង ​បាន​ប្រាប់​ឲ្យ​ដឹងថា​ចំនួន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​រថយន្ត​ក្រុង​សាធារណៈ​មានការ​កើនឡើង​តិចតួច​ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ។ អ្នកធ្វើដំណើរ​ភាគច្រើន​គឺជា​ក្រុម​អ្នកធ្វើការ​រដ្ឋ​និង​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មាន​មុខរបរ​ជា​អ្នកលក់ដូរ។ ដោយឡែក​ចំនួន​អ្នកធ្វើដំណើរ​ជា​យុវវ័យ​វិញ​នៅមានកម្រិត​តិច​នៅ​ឡើយ។

«អ្នកធ្វើការ​ អ្នកលក់​បន្លែ​ចឹ​ង​គេ​ជិះ។ វា​ដោយ​ថ្ងៃ​ដែរ​ថ្ងៃ​ណា​ច្រើន​ក៏​ច្រើន ​ថ្ងៃ​ណា​អត់​ក៏​អត់​សូវ​មាន​ច្រើន​ដែរ។ យុវវ័យ​កាល​ដំបូង​ច្រើន​តែ​ឥឡូវ​ដូច​ថយ​ទៅវិញ​ហើយ»។

ការសាកល្បង​សេវាកម្ម​រថយន្តក្រុង​នៅ​កម្ពុជា​ធ្លាប់​ត្រូវបាន​អនុវត្ត​ម្តង​រួចទៅហើយ​កាលពី​ឆ្នាំ ២០០១ ប៉ុន្តែ​ពុំ​ទទួលបាន​ជោគជ័យ។

លោក​ ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​ថ្វីបើ​គម្រោង​ដំណើរការ​រថយន្តក្រុង​សាកល្បង​ជាមួយ​អង្គការ​JICA ​នេះ​បានបញ្ចប់​ទៅហើយ​ក្តី ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​មិនទាន់បាន​ចុះហត្ថលេខា​ផ្តល់​សិទ្ធិ​វិនិយោគ​ដល់​ក្រុម​ចិន ​Global Trade Cambodia ដែល​នឹង​ដំណើរ​ការបន្ត​នោះ​ទេ។

លោក​ ឡុង ឌី​ម៉​ង់ បញ្ជាក់​ថា​សាលា​រាជធានី​ភ្នំពេញ​កំពុង​ពិចារណា​ដើម្បី​ពង្រីក​ផ្លូវ​រត់​របស់​រថយន្តក្រុង​បន្ថែម​ទៀត៕
XS
SM
MD
LG