ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​គណបក្ស​ប្រឆាំង​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កណ្តាល


ជួង ​ជួងី ​មេធាវី​ការពារក្តី​គណបក្ស​ប្រឆាំង​
ជួង ​ជួងី ​មេធាវី​ការពារក្តី​គណបក្ស​ប្រឆាំង​

កាលពី​ថ្ងៃ​ច័ន្ទ​នេះតុលាការ​បាន​កោះហៅ​លោក ​ជួង​ ជួងី​ឲ្យ​ចូល​បំភ្លឺ​ជា​លើក​ទី​៣​ ពី​បទ​ផ្តល់​មធ្យោបាយ​ឲ្យ​ជន​ជាប់​ចោទ​លោក​មាស ​ប៉េង ​ទំទប់​ទី​២ ​ឃុំ​បន្ទាយដែក ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល ​ខាង​គណបក្ស​សម ​រង្ស៊ី ​ឲ្យ​លួច​រត់។

តុលាការ​ខេត្ត​កណ្តាល បាន​ដាក់​បទ​បញ្ជា​យ៉ាង​តឹងរឹង​ដល់​លោក​ ជួង ​ជួងី ​មេធាវី​ការពារក្តី​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​ក្នុង​ខណៈពេល​ដែល​លោក​កំពុង​តែ​មាន​រឿង​ក្តីក្តាំង​ជាមួយ​នឹង​តុលាការ។

លោក ​ស៊ិន ​វីរៈ ​ចៅក្រមស៊ើប​អង្កេត​នៃ​តុលាការ​ខេត្ត​កណ្តាល​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​បាន​បញ្ចប់​ការ​សាកសួរ​អស់​រយៈពេល​ជាង​បី​ម៉ោង​ថា តុលាការ​មិន​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ជួង ជួងី ទេ។ ក៏ប៉ុន្តែ​បាន​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស​នៅ​ពេល​ក្រោយ។

«បី​ចំណុច ​ចំណុច​ទី​១ ​នៅ​ក្នុង​មាត្រា​២២៣​ហ្នឹង​គឺ​មិន​ឲ្យ​ចាកចេញ​ពី​ដែនដី​សមត្ថកិច្ច​ប្រទេស​កម្ពុជា។ ​ទី​២ ​ប្រសិន​បើ​មាន​ការ​ផ្លាស់ប្តូរ​លំនៅដ្ឋាន ​ត្រូវ​តែ​មាន​ការ​ឯកភាព ​ការ​ស្នើសុំ​ពី​ចៅក្រម​ស៊ើបសួរ​ និង​ទី​៣ ​ត្រូវ​ចូល​មក​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ចៅក្រម​ស៊ើបសួរ»។

លោក ​ជួង​ ជួងី ​មេធាវី​ការពារក្តី​ខាង​គណបក្ស​ប្រឆាំង​បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​ថា មិន​បាន​ផ្តល់​យុត្តិធម៌​ចំពោះ​រឿងក្តី​នេះ​ទេ​ ពីព្រោះ​លោក​មិន​បាន​ប្រព្រឹត្តខុស។ លោក​បាន​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​ជំទាស់​ទៅ​នឹង​រូប​លោក។

«លក្ខខណ្ឌ​របស់​ចៅក្រម​មាន​លក្ខណៈ​តឹងរឹង​បន្តិច ប៉ុន្តែ​ខ្ញុំ​បន្ទន់​ឥរិយាបទ។ ​ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​ ប៉ុន្តែ​បើ​ថា​និយាយ​ពី​រឿង​សេរីភាព ​វា​ប៉ះពាល់​សេរីភាព​របស់​ខ្ញុំ​ហើយ។ ខ្ញុំ​ខិតខំ​ការពារ​កូនក្តី​ខ្ញុំ​ឲ្យ​បាន​ល្អ​ បែរ​មក​ជា​ដាក់​សម្ពាធ​មក​លើ​ខ្ញុំ ​វា​ឥត​ជា​ការ​ល្អ​សម្រាប់​អាជីព​ជា​មេធាវី​ទេ។​ អាជីព​មេធាវី​គឺ​ជា​អ្នក​សេរី ​ហើយ​អ្នក​ដែល​សម្រេច​មុន​គេ​គឺ​គណៈមេធាវី​ថា​តើ​អំពើ​នេះ​ខុស​ ឬ​ក៏​ត្រូវ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ​គណៈមេធាវី​នៅ​តែ​ថា​អំពើ​របស់​ខ្ញុំ​ត្រូវ។ ប៉ុន្តែ​តុលាការ​គាត់​នូវ​តែ​រក្សា​ការ​ចោទ​ប្រកាន់ ​ហើយ​ខ្ញុំ​សុំ​ឲ្យ​តុលាការ​បញ្ចប់​ពី​ពេល​នេះ​ត​ទៅ»។

លោក ​ជួង ​ជួងី ​នៅ​ពេល​ដែល​បង្ហាញ​ខ្លួន​ នៅ​ក្នុង​តុលាការ​ខេត្ត​កណ្តាល​ដោយ​មាន​ការ​ឃ្លាំមើល​ពី​មន្ត្រី​សិទ្ធិមនុស្ស ​និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ផង​នោះ មាន​មេធាវី​ការពារក្តី​រហូត​ទៅ​ដល់​ប្រាំបី​នាក់ ​គឺ​ប្រាំពីរ​នាក់​ត្រូវ​បាន​តែងតាំង​ពី​គណៈមេធាវី ​និង​មួយ​រូប​ផ្សេង​ទៀត​ គឺ​លោក​សុខ ​សំអឿន។

លោក សុខ សំអឿន មេធាវី​ការពារក្តី​លោក ​ជួង ​ជួងី ​និង​ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​ដំណើរការ​សាកសួរ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន។​ ក៏ប៉ុន្ត​លោក​ត្រូវ​រង់ចាំ​មើល​ដំណើរការ​របស់​តុលាការ​ត​ទៅ​ទៀត។

«នីតិវិធី​អំបាញ់​មិញ​ល្អ​ណាស់​ ប្រសិន​បើ​ថ្ងៃ​មុន​ធ្វើ​ដូច​អីញ្ចឹង​ឥត​មាន​បញ្ហា​ទេ។​ ពីព្រោះ​ពេល​ដែល​ចាប់​ផ្តើម​ដំណើរការ​គឺ​ចៅក្រម​សម្រេច​ពី​ការ​នៅ​ក្នុង​ឃុំ ​ឬ​ក្រៅ​ឃុំ​មុន​គេ​តែ​ម្តង​មុន​នឹង​សួរ​ទៅ​ដល់​អង្គហេតុ»។

លោក ​យឹម ​សុវណ្ណ ​អ្នក​តំណាងរាស្ត្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​រឿង​ក្តី​នេះ​ថា​ គឺ​ជា​រឿង​នយោបាយ​ពីព្រោះ​លោក​ថា លោក​ជួង ​ជួងី ​មិន​មាន​កំហុស​ទេ ​ដោយសារ​តែ​លោក​ជា​មេធាវី​កាពារក្តី​សម្រាប់​គណបក្ស​ប្រឆាំង​តែ​ម្នាក់​គត់។

«នោះ​គឺ​ជា​ការ​គំរាមគំហែង​នយោបាយ​ ដែល​គួរ​តែ​ជៀសវាង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ​និយាយ​ដោយ​សន្និដ្ឋាន​ទៅ​ សូម​ឲ្យ​បញ្ចប់​រឿង​ក្តី​ហ្នឹង​ឲ្យ​បាន​ឆាប់​ទៅ ​ដើម្បី​សន្សំ​សំចៃ​ពេលវេលា ​ធនធាន ​និង​កម្លាំងកាយ​កម្លាំងចិត្ត ​ទាំង​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់​ៗ​ដ៏ទៃ​ទៀត»។

កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១១ ​លោក ​លឹម ​សុគន្ថា ​ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​ បាន​សម្រេច​ឲ្យ​នាំយក​លោកមាស​ ប៉េង ​ជំទប់​ទី​២ ​ឃុំ​បន្ទាយដែក ​ខាង​គណបក្ស​ប្រឆាំង​យក​ទៅ​ឃុំ​ខ្លួន​ នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល ​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា។

លោក ​ជួង ​ជួងី ​មេធាវី​ការពារក្តី​បាន​បញ្ជា​ឲ្យ​លោក​ចាន់ ​ចេង ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នាំយក​លោក​មាស ​ប៉េង ​ទៅកា​ន់​លំនៅដ្ឋាន​វិញ ​ដោយ​ចោទ​ប្រកាន់​ថា​ការ​ឃុំ​ខ្លួន​នេះ​ គ្មាន​ដីកា​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ត្រឹមត្រូវ។

លោក ​ចាន់ ​ចេង ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី ​ត្រូវ​ជាប់​ចោទ​ពី​បទ​ផ្តល់​មធ្យោបាយ​ឲ្យ​ជន​ជាប់​ចោទ ​មាស ​ប៉េង ​លួចរត់​ដូច​ករណី​លោក​ជួង ​ជួងី ​ដែរ។

តុលាការ​ខេត្ត​កណ្តាល​គ្រោង​នឹង​កោះហៅ​លោក ​ចាន់ ​ចេង ​ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី​២៧ ​ខាង​មុន​នេះ៕

XS
SM
MD
LG