ភ្នំពេញ៖ ក្នុងខណៈពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្រុមសកម្មជនទាមទារសិទ្ឋិដីធ្លីបានបន្តដាក់ញត្តិរបស់ខ្លួនជាបន្តបន្ទាប់ទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកដើម្បីឲ្យសុំអន្តរាគមន៍ឲ្យដោះលែងសកម្មជនរបស់ពួកគេដែលកំពុងជាប់ឃុំឃាំងក្នុងពន្ឋនាគារឲ្យមានសេរីភាពវិញ។
ការទាមទារនេះបានបង្កឲ្យមានការព្រមានពីមន្ត្រីរដ្ឋាភិបាលថានឹងប្រើប្រាស់កម្លាំងដើម្បីបង្ក្រាបប្រសិនណាបើមានការតវ៉ាណាមួយបានកើតមានឡើងក្នុងពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
ក្រុមអ្នកភូមិបឹងកក់ សហគមន៍បូរីកីឡា សហគមន៍ថ្មគោល និងសហគមន៍៣៤៧ប៉ុន្មានថ្ងៃជាប់ៗគ្នានេះបានមកប្រមូលផ្តុំគ្នាដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិកដើម្បីស្នើសុំឲ្យលោកប្រធានាធិតីបារ៉ាក់ អូបាម៉ា និងលោកស្រីហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកជួយដល់អ្នកស្រីយោម បុប្ជានិងអ្នកស្រីទឹម សាក់មុន្នីដោះលែងចេញពីពន្ធនាគារ។
អ្នកស្រីយោម បុប្ជា សកម្មជនតវ៉ារឿងវិវាទដីធ្លីនៅតំបន់បឹងកក់ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនកាលពីថ្ងៃទី៤ ខែកញ្ញា ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស។ ចំណែកអ្នកស្រីទឹម សាក់មុន្នី សកម្មជនដីធ្លីនៅតំបន់បូរីកីឡាត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាឃុំខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញាពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
សាលាឧទ្ធរណ៍កាលពីថ្ងៃពុធសប្តាហ៍មុននេះបានបដិសេធសំណើរបស់មេធាវីការពារជនជាប់ចោទដែលបានស្នើសុំឲ្យអ្នកស្រីយោម បុប្ជា និងអ្នកស្រីទឹម សាក់មុន្នីឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
អ្នកស្រីទេព វន្នីតំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់បាននិយាយថា អ្នកស្រីនឹងបន្តទាមទាររហូតទាល់តែមានការដោះលែងអ្នកទាំងពីរឲ្យមានសេរីភាពឡើងវិញ។ អ្នកស្រីបាននិយាយថា សហគមន៍បឹងកក់ក៏បានទាមទារឲ្យអាជ្ញាធរកំណត់ព្រំដីជាង១២ហិកតាឲ្យបានច្បាស់លាស់ លុបឈ្មោះលោកឡាវ ម៉េងឃីនចេញពីប្លង់កម្មសិទ្ឋិនៅតំបន់បឹងកក់និងផ្តល់ប្លង់កម្មសិទ្ឋិដល់ប្រជាពលរដ្ឋ៦៤គ្រួសារ។
«សុំឲ្យលោកបារ៉ាក់ អូបាម៉ាក៏ដូចជាលោកជំទាវហីឡារី គ្លីនតុនហ្នឹងឲ្យគាត់ជួយដោះស្រាយជម្លោះនៅតំបន់បឹងកក់»។
ការតវ៉ារបស់សហគមន៍ដែលរងគ្រោះដោយសារការរំលោភដីធ្លីនេះមិនទាន់មានការបង្ក្រាបណាមួយពីអាជ្ញាធរសម្ថកិច្ចនៅឡើយទេខណៈដែលកិច្ចប្រជុំកំពូលអាស៊ានកាន់តែខិតជិតចូលមកដល់។
កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី១៩ដល់ថ្ងៃទី២១ និងកិច្ចប្រជុំផ្សេងៗទៀតនាពេលខាងមុខដែលគេរំពឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា និងលោកស្រីហ៊ីឡារីគ្លីនតុន រដ្ឋមន្ត្រីការបរទេសនឹងមកចូលរួមកិច្ចប្រជុំកំពូលនេះ។
រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រមាណជាង១ម៉ឺននាក់ដែលនឹងត្រូវដាក់ពង្រាយដើម្បីការពារសុវត្ថិភាពក្នុងកិច្ចប្រជុំ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយឯក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទែ។ លោកបានបញ្ជាក់ថាកម្លាំងសន្តិសុខជាង១ម៉ឺននាក់នេះបានហាត់រួចរាល់ហើយដើម្បីត្រៀមការពារសុវត្ថិភាព។
«បាទ!ទី១គឺយើងរក្សាសន្តិសុខចំពោះការប្រជុំទាំងមូលនិយាយរួមសន្តិសុខមិនត្រឹមតែថ្នាក់ដឹកនាំជាន់ខ្ពស់ទេ សន្តិសុខប្រតិភូផងនិងសន្តិសុខប្រជាពលរដ្ឋយើងផង។ ទី២កម្លាំងថែរក្សាសណ្តាប់ធ្នាប់តាំងពីរចរាចរណ៍ តាំងពីការរៀបចំចាត់ចែងអ្វីទាំងអស់»។
លោកខៀវ សុភ័ក បានបញ្ជាក់ទៀតថា ប្រសិនបើមានកម្លាំងបាតុកម្មណាមួយប្រឆាំងនឹងកិច្ចប្រជុំនេះសម្ថកិច្ចនិងអនុវត្តន៍ទៅតាមច្បាប់៕