ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​មេរៀន​អក្សរ​ចាម​អាច​ទប់​ឥទ្ធិពល​ឥស្លាម​និយម​ជ្រុល​នៅកម្ពុជា​


សហគមន៍​ចាម​ដែល​កាន់​សាសនា​ឥស្លាម​នៅកម្ពុជា ​មិន​ដែល​ទទួល​រង​ឥទ្ធិពល​ពី​ជំនួយ​បរទេស​ណា​ដែល​ឈាន​ទៅដល់​ការ​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​នោះទេ។​
សហគមន៍​ចាម​ដែល​កាន់​សាសនា​ឥស្លាម​នៅកម្ពុជា ​មិន​ដែល​ទទួល​រង​ឥទ្ធិពល​ពី​ជំនួយ​បរទេស​ណា​ដែល​ឈាន​ទៅដល់​ការ​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​នោះទេ។​
​កំពង់​ឆ្នាំង៖ សាន់ រ៉ូហ្វីអាស់​កំពុង​បង្រៀន​សិស្ស​របស់​នាង​ឲ្យ​ចេះ​អាន​និង​សរសេរ​អក្សរ​ចាម ​នៅក្នុង​ថ្នាក់រៀន​តូច​នេះ​ ក្នុង​ភូមិ​ចាម​មួយ​ស្ថិត​នៅ​ជាយ​ក្រុង​ភ្នំពេញ។
អ្នក​គ្រូ​វ័យ​២៩​ឆ្នាំ​រូបនេះ​និយាយ​ថា ​អ្នកគ្រូ​ចង់​ជួយ​ក្មេង​ចាម​ជំនាន់​ក្រោយ​ឲ្យ​ស្គាល់​និង​ចេះ​អក្សរ​ចាម​របស់​ខ្លួន​ឡើងវិញ​ ដោយ​សារ​អ្នក​គ្រូ​អះអាង​ថា ​អក្សរ​នេះ​កំពុង​បាត់​បង់​ទៅ​ហើយ។​
«នៅ​ខាង​ខ្ញុំ ​គេ​ចាប់​អារម្មណ៍​រៀន​តែ​អក្សរ​ចាវី ​អក្សរ​អារ៉ាប់​ក្នុង​គម្ពីរ​កូអាន។​ គេ​ចាប់​អារម្មណ៍​រៀន​តែ​ខាង​ហ្នឹង​ទេ។ ​ចំណែក​ខាង​អក្សរក.ខ. ​នេះ​គ្មាន​គ្រូ​ណា​មក​បង្រៀន​ទេ។ ​ខ្ញុំ​នឹក​ឃើញ​ថា​ ចង់​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ដឹង​ថា​ នេះ​គឺ​ជា​អក្សរ​ចាម​របស់​ពួកយើង​ទាំង​អស់​គ្នា»។​
សៀវភៅ​មេរៀន ​ដែល​អ្នក​គ្រូ​ប្រើ​នៅក្នុង​ថ្នាក់នេះ ​ត្រូវ​បាន​បោះ​ពុម្ព​ជា​អក្សរ​ចាម។ ​សៀវភៅ​នេះ​ក៏​ត្រូវ​គេ​យក​ទៅ​បង្រៀន​កូន​សិស្ស​ចាម​ចំនួន​ជាង​២៧០​នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ ​ខេត្ត​កណ្តាល​ និង​ខេត្ត​កំពង់​ឆ្នាំង ​ក្រោម​គម្រោង​អភិរក្ស​កេរតំណែល​ជនជាតិ​ចាម​មួយ​ ដែល​ឧបត្ថម្ភ​ថវិកាដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។​

ស្ថានទូត​ស.រ.អា.នៅ​កម្ពុជា​សង្គ្រោះ​ជីវិត​ភាសាចាម
សូម​រង់ចាំ

No media source currently available

0:00 0:05:10 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​អ្នក​ភូមិ​នៅ​ក្នុង​ភូមិ​ចាម​មួយ​ទៀត​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នេះ ​ដែល​ជា​កន្លែង​បង្រៀន​អក្សរ​ចាម​ដល់​កូន​សិស្ស​ចាម​ដែរ​នោះ ​និយាយ​ថា​ គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​សហ​រដ្ឋ​អាមេរិក​នេះ​ ក៏​កំពុង​ជួយ​ធ្វើឲ្យ​រស់ឡើងវិញ​នូវ​ប្រពៃណី​ជនជាតិចាម​ដែល​គេ​បាន​ភ្លេច​បាត់​ជា​យូរ​លង់​មក​ហើយ។​
អ្នក​ស្រី​ហ្វើ សារី​គឺ​ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ទាំង​នេះ​ ដែល​ចេះ​និយាយ​តែ​មិន​ចេះ​សរសេរ​អក្សរ​ចាម​របស់​ខ្លួន។​
«ឃើញ​គេ​មក​ជួយ​អញ្ចឹង​ ខ្ញុំ​ក៏​អរ​ថា ​ប្រពៃណី​របស់​ខ្ញុំ​បាន​រឭកឡើង​វិញ ​បាន​ឮ​ឈ្មោះ​មក​វិញ»។​
ប៉ុន្តែ​ជនជាតិ​ចាម​ខ្លះបាន​សម្តែង​ការ​សង្ស័យ​ទៅលើ​គោល​បំណង​ពិត​ប្រាកដ​របស់​អាមេរិក​ជុំវិញ​ការ​ជួយ​ឧបត្ថម្ភ​ការ​ផលិត​និង​បោះពុម្ព​សៀវ​ភៅ​មេរៀន​ចាម​នេះ។​
កញ្ញា កែ ​សារ៉ាត់​គឺ​ជា​សិស្ស​ចាម​ម្នាក់​នៅ​ទី​នេះ។​
«ខ្ញុំ​គិត​ថា ​ប្រហែល​ជា​ពួកគេ​គិត​ថា ​ពួកខ្ញុំ​មាន​ការ​អូសទាញ​ពី​ខាង​ក្រៅ​ច្រើន​ពេក ​ហើយ​ពួក​ខ្ញុំ​អត់​ទទួល​យក។ ​ហើយ​ពួក​គាត់​ចង់​ឲ្យ​ពួក​ខ្ញុំ​បាន​រៀន​ខ្ពស់​ និង​ចេះ​អក្សរ​ខ្លួន​ឯង»។​
ក្រុម​អ្នកភូមិ​ដែល​នៅ​អភិរក្ស​និង​ប្រើ​ប្រាស់​អក្សរ​ចាម ​ប្រតិបត្តិ​សាសនា​ឥស្លាម​តាម​ទម្រង់​មួយ​ដែល​ទទួល​ឥទ្ធិពល​ពី​សាសនា​ហិណ្ឌូ​ ហើយ​លាយ​ឡំ​ជាមួយ​នឹង​ប្រពៃណី​បុរាណ​របស់​ពួក​គេ។​
ប៉ុន្តែ​ជនជាតិ​ចាម​ ដែល​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​នៅ​កម្ពុជា ​បាន​ជ្រើស​យក​ភាសា​អារ៉ាប់​ ហើយ​បាន​ងាក​ចេញ​បន្តិច​ម្តងៗ​ពី​ទំនៀម​ទម្លាប់​របស់​ខ្លួន ​ទៅ​ប្រតិបត្តិ​សាសនា​តាម​បែប​អារ៉ាប់​ដែល​មាន​លក្ខណៈ​តឹងរឹង​ជាង​ក្រុម​អ្នក​អភិរក្ស​ប្រពៃណី​ចាម​បុរាណ។​
លោក ​ទែ ម៉ាត់លី​គឺជា​អ៊ីម៉ាំ​ ឬ​អ្នកដឹកនាំ​វិហារ​ឥស្លាម​មួយ​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំង​នេះ​ដែល​បដិសេធ​ជំនួយ​បរទេស​ណា​ដែល​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ធ្វើតាម​ម្ចាស់​ជំនួយ​នោះ។​
«សហ​រដ្ឋ​អាមេរិក​ចង់​ជួយ​ឲ្យ​ស្គាល់​ចិត្ត ​ឲ្យ​ស្គាល់​គំនិត ​ហើយ​ចង់​ឲ្យ​យើង​មើល​ឃើញ​ថា​ ផ្លូវ​ណា​មួយ​ល្អ ​ផ្លូវ​ណា​អាក្រក់។​ ដូច្នេះ​គឺ​អាច​កាត់​បន្ថយ​អំពើ​ភេរវ​កម្ម​បាន»។​
ប៉ុន្តែ​ស្ថានទូត​អាមេរិក​និយាយ​ថា​ គម្រោង​អភិរក្ស​កេរមរតក​ចាម​នេះ​មិន​ពាក់​ព័ន្ធ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម​នោះ​ទេ។​
មីហ្សែល ​ប៊ឺណិត​គឺ​ជា​អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។
«គម្រោង​កេរមរតក​ចាម​នេះ​មិន​ទាក់​ទង​នឹង​សាសនា​ទេ។​ វា​គ្រាន់​តែ​ជា​កម្មវិធី​មួយ​ដែល​បង្រៀន​ភាសា​និង​វប្បធម៌​តែ​ប៉ុណ្ណោះ»។​
ប្រទេស​កម្ពុជា​មិន​ធ្លាប់​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​ទេ ​ប៉ុន្តែ​នៅ​ឆ្នាំ​២០០៤​មាន​ការ​រាយ​ការណ៍​អំពី​គម្រោង​ដាក់​គ្រាប់បែក​បំផ្ទុះ​ស្ថានទូត​អាមេរិក​និង​ចក្រភព​អង់គ្លេស​ក្នុង​ទីក្រុង​ភ្នំពេញ ​ដោយ​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​មួយ​ឈ្មោះ​ជីម៉ា អ៊ិស្លាមីយ៉ា ​(Jemaah Islamiyah)។
លោក​កូប ហារូន​គឺ​ជា​នាយក​អង្គការ​ក្តី​សង្ឃឹម​សម្រាប់​ខ្មែរ​ឥស្លាម។ ​លោក​និយាយ​ថា ​សហគមន៍​ចាម​ដែល​កាន់​សាសនា​ឥស្លាម​នៅកម្ពុជា ​មិន​ដែល​ទទួល​រង​ឥទ្ធិពល​ពី​ជំនួយ​បរទេស​ណា​ដែល​ឈាន​ទៅដល់​ការ​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​នោះទេ។​
«យើង​មិន​ដែល​បាន​គិត​ថា យើង​ទទួល​ឥទ្ធិពល​ពី​អារ៉ាប់​ ទៅ​ចូលរួម​ខាង​ភេរវ​កម្ម ​ទេ​គឺ​យើង​មិន​ដែល​បាន​ទទួល​ទេ។​ រហូត​មក​ដល់​ថ្ងៃ​នេះ​គឺ​យើង​អត់​ដែល​ទទួល​បាន​អ្វី​ដូច​ដែល​គេ​និយាយ​ទេ។ ​ប្រសិន​បើ​អារ៉ាប់គេ​មកជួយ​ ហើយ​បើ​យើង​ទទួល​យក​បាន​ យើង​យក ​ដូចជា​ជួយ​កសាង​សាលា​ ឬ​មន្ទីរ​ពេទ្យ ​ឬ​ជួយ​ក្មេង​កំព្រា។ ​អាហ្នឹង​គឺ​ជា​ការបរិច្ចាក​របស់​ច្បាប់​ឥស្លាម»។​
លោក​និយាយ​បន្ថែម​ថា ​អ្នក​កាន់សាសនា​ឥស្លាម​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវ​កម្ម​ដែល​គេ​ធ្លាប់​ឮ​ជា​ហូរ​ហែរ​កន្លង​មក​នោះ​គឺ​ជា​ករណី​ភាគ​តិច​ប៉ុណ្ណោះ​ ហើយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​ទាំង​មូល​នៃ​សាសនា​ឥស្លាម​នោះ​ទេ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG