ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញបានឲ្យដឹងនៅថ្ងៃពុធនេះថា សន្តិសុខស្ថានទូតត្រូវបានពង្រឹងបន្ថែមទៀត បន្ទាប់ពីមានការវាយប្រហារនៅប្រទេសលីប៊ី។
កាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រុមបាតុករហិង្សាបានវាយប្រហារលើស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុងប៊ែនកាស៊ី ហើយបានសម្លាប់ឯកអគ្គរដ្ឋទូតម្នាក់និងមន្ដ្រីអាមេរិកបីនាក់ មូលហេតុដោយសារពួកគេខឹងសម្បារនឹងការបង្ហាញភាពយន្តដែលមានចំណងជើងថា “Innocence Muslim" ឬសាសនាម៉ូស្លីមបរិសុទ្ធដែលពួកគេចាត់ទុកថា បានប្រមាថលើសាសនាម៉ូស្លីមរបស់ពួកគេ។
លោកសន ម៉ាកគីនតូស អ្នកនាំពាក្យស្ថានទូតអាមេរិក បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅរសៀលថ្ងៃនេះថា រដ្ឋបាលរបស់លោកប្រធានាធិបតីអូបាមាបានចេញបញ្ជាឲ្យពង្រឹងសន្តិសុខនៅគ្រប់ស្ថានទូតអាមេរិកទាំងអស់ក្នុងពិភពលោក។
«ភ្លាមៗបន្ទាប់ពីមានការវាយប្រហារនៅប្រទេសលីប៊ី លោកប្រធានាធិបតីអូបាមា និងក្រសួងការបរទេសបានដាក់បញ្ជាឲ្យយើងទាក់ទងជាមួយរដ្ឋាភិបាលក្នុងស្រុកដើម្បីធានាសន្តិសុខ ហើយដើម្បីធ្ចើឲ្យប្រាកដថា បុគ្គលិកទូតត្រូវបានការពារ»។
លោក សន ម៉ាគីនតូសបន្ថែមថា ជនជាតិអាមេរិកក្នុងប្រទេសកម្ពុជាត្រូវបានព្រមានឲ្យស្ថិតក្នុងភាពប្រុងប្រយ័ត្នផងដែរ។
មន្ដ្រីនាំពាក្យដដែលបញ្ជាក់ថា ស្ថានទូតអាមេរិកបានទាក់ទងជាមួយក្រសួងមហាផ្ទៃកម្ពុជារួចហើយដើម្បីស្នើសុំការគាំទ្រផ្នែកសន្តិសុខ ហើយក្រសួងមហាផ្ទៃក៏បានធានាចំពោះការឆ្លើយតបជាចាំបាច់សម្រាប់ផ្នែកសន្តិសុខផងដែរ។ ទោះជាយ៉ាងណា លោកមិនអាចបញ្ជាក់លម្អិតពីការសន្យារបស់ក្រសួងមហាផ្ទៃខ្មែរលើបញ្ហានេះទេ។
លោកសន ម៉ាកគីនតូសឲ្យដឹងបន្ថែមថា ស្ថានទូតកំពុងសហការល្អជាមួយសមត្ថកិច្ចរដ្ឋាភិបាលលើបញ្ហានេះ។
«យើងកំពុងសហការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលម្ចាស់ផ្ទះដើម្បីធ្វើឲ្យប្រាកដថា អ្នកការទូតរបស់យើងត្រូវបានការពារ»។
ចលនាប្រជាជនឥស្លាមបានងើបឡើងប្រឆាំងនឹងអាមេរិកនៅក្នុងប្រទេសជាច្រើនក្រោយពីមានការវាយប្រហារនៅលីប៊ីរួចមក។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាតុករឥស្លាមថៃប្រមាណ៣០០នាក់បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិកក្នុងទីក្រុងបាងកកដើម្បីប្រឆាំងនឹងខ្សែភាពយន្តដ៏ចម្រូងចម្រាស់នោះដែរ។ ស្ថានទូតអាមេរិកក្នុងទីក្រុងបាងកកត្រូវបានបិទទ្វារ ហើយលោកសន ម៉ាកគីនតូសជឿថា ស្ថានទូតនេះអាចនឹងបើកឡើងវិញនៅថ្ងៃនេះ។
ដោយឡែកលោកលើកឡើងថា ស្ថានទូតមិនដែលទទួលការគំរាមកំហែងភេរវកម្មពីប្រជាពលរដ្ឋខ្មែរឥស្លាមនោះទេ។
វីអូអេបានព្យាយាមទាក់ទងលោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ គាត ចន្ថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដើម្បីសុំការបំភ្លឺ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕