ករណីឃាតកម្មទៅលើឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីសប្តាហ៍មុនបានធ្វើឲ្យមានការតាមដានយ៉ាងសកម្មទាំងក្រុមបណ្តាញសង្គមហ្វេសប៊ុកនិងមជ្ឈដ្ឋានទូទៅក្នុងប្រទេសកម្ពុជា។ ហើយអ្វីដែលបានបន្សល់ទុកក្រោយពីហេតុការណ៍នេះ គឺការភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួនដែលបានកំពុងដក់ជាប់ក្នុងស្រទាប់អ្នករកស៊ីខា្នតតូច មធ្យម ដែលកំពុងប្រកបមុខរបរទទួលទានក្នុងទីក្រុងភ្នំពេញ។
លោក ស៊ឺន នីត ម្ខាស់ស្ថានីយប្រេងសាំងមួយកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ២ដែលបានតាមដានករណីឃាតកម្មនេះតាមបណ្តាញសង្គមហ្វេសប៊ុក ទូរទស្សន៍ និងតាមរយៈសារព័តមានបានបញ្ជាក់ថា ឃាតកម្មនេះបានធ្វើឲ្យលោករន្ធត់តាមរយៈការបង្ហាញពីសកម្មភាពរបស់ឃាតករមានភាពសាហាវដែលគេបានបង្ហោះតាមប្រព័ន្ធសង្គមហ្វេសប៊ុក។
លោកមានប្រសាសន៍ថា ទាំងលោកនិងប្រជាពលរដ្ឋទាំងអស់មានការប៉ះពាល់ដល់សតិអារម្មណ៍និងភ័យខ្លាចយ៉ាងខ្លាំងដោយសារភាពសាហាវឃោរឃៅរបស់ឃាតករ។
លោកនិយាយថា៖ «ព្រឹត្តិការណ៍ដែលមើលទៅឃោរឃៅសាហាវ ហើយប៉ះពាល់ដល់សុវត្ថិភាពមិនត្រឹមតែអ្នករកស៊ីទេ ប្រជាជនទូទៅដែលគាត់មានបញ្ហានៅក្នុងសង្គម ទំនាស់អ្វីក៏ដោយវាអាចមើលទៅវាសាហាវ បាញ់ឆៅៗអញ្ចឹង»។
លោកឧកញ៉ា អ៊ឹង ម៉េងជឺ អាយុ៥៣ឆ្នាំត្រូវបានឃាតករបាញ់នឹងកាំភ្លើងខ្លីចំនួន៨គ្រាប់កាលពីថ្ងៃទី២២កន្លងទៅនេះ បណ្តាលឲ្យលោកបានដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងខណៈពេលដែលលោកបានធ្វើដំណើរចាកចេញពីរថយន្តក្នុងគោលបំណងទៅទិញផ្លែឈើនៅតាមផ្លូវព្រះសីហនុជិតអាងទឹកអូឡាំពិក។
ព័ត៌មាននៃឃាតកម្មទៅលើអ្នកជំនួញចុងក្រោយនេះត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកភ្លាមៗដោយមានឃើញរូបភាពនៃឃាតករដែលកំពុងធ្វើសកម្មភាពបាញ់ប្រហារទៅលើជនរងគ្រោះក្នុងខណៈពេលបានដើរចេញពីរថយន្តរហូតដល់ត្រូវគ្រាប់កាំភ្លើងស្លាប់ភ្លាមៗ។
អ្នករកទទួលទានខ្នាតមធ្យមម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថាសកម្មភាពបាញ់សម្លាប់មនុស្សតាមផ្លូវសារធារណៈដូចបាញ់សត្វយ៉ាងដូច្នេះសម្រាប់លោកជាអ្នកជំនួញបានធ្វើឲ្យលោកមានអារម្មណ៍រន្ធត់។ លោកបានឲ្យដឹងថា អ្វីដែលនាំឲ្យមានការខាតបង់ដល់ប្រទេសគឺប៉ះពាល់ដល់ផ្នែកទេសចរណ៍ហើយអ្នកវិនិយោគទុនធំៗមានការខ្លាចរអារក្នុងការមកបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជាដែរ។
លោកនិយាយថា៖ «មូលហេតុដែលភ័យខ្លាចដោយសារបាញ់ស្រស់ៗអញ្ចឹង យើងមិនធ្លាប់ជួបប្រទះ។ ក្នុងនាមយើងអ្នកជំនួញ បើឃើញគេបាញ់មនុស្សឆៅៗអញ្ចឹង ដូចបាញ់ចាប អញ្ចឹងមិនខ្លាចយ៉ាងម៉េច»។
លោកឧកញ៉ាមួយចំនួនដែលមានឈ្មោះល្បីក្នុងប្រទេសកម្ពុជាដូចជាលោក ហ៊ុន តូ ក្មួយប្រុសលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គិត ម៉េង លោក សុខ គង់ និង លោក លី យ៉ុងផាត់ មិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេ។
ក៏ប៉ុន្តែលោកឧកញ៉ា អូស្មាន់ ហាសាន់ បានបញ្ជាក់ថា តាមជីវិតឯកជនរបស់លោកមិនមានការព្រួយបារម្មណ៍ទេដោយសារប្រទេសយើងបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំមកហើយ ហើយឃាតកម្មដែលបានកើតមានឡើងនេះជារឿងធម្មតានិងតូចតាចតែប៉ុណ្ណោះ។
លោកនិយាយថា៖ «ចំពោះខ្លួនខ្ញុំផ្ទាល់ដូចជាមិនមានការព្រួយបារម្ភពេកទេ។ ពីព្រោះថា ទី១ខ្ញុំដឹងខ្លួនយើងហើយថា យើងមិនដែលធ្វើអ្វីឲ្យប៉ះពាល់ទៅដល់អ្វីនៅក្នុងឆាកជីវិតនយោបាយក៏ដូចជាកន្លងទៅ នៅក្នុងឆាកជីវិតធ្លាប់ជាអ្នកធ្វើអាជីវករខ្លះៗក៏យើងមិនមានការព្រួយបារម្មណ៍ទេ»។
លោក កែម ឡី អ្នកស្រាវជ្រាវសង្គមមានប្រសាសន៍ថា ឃាតកម្មនេះអាចជះឥទ្ធិពលនិងនាំឲ្យអ្នកជំនួញធំៗដែលបានមកវិនិយោគនៅស្រុកខ្មែរមានការប្រុងប្រយ័ត្ននៅពេលដែលឃើញកម្ពុជានៅតែមានការបាញ់សម្លាប់ក្រៅច្បាប់នៅឡើយ។
លោកនិយាយថា៖ «ខ្ញុំគិតថា វាអាចឆ្លុះបញ្ចាំងនៅប្រទេសមួយដែលមានការបាញ់កាប់ចាក់ស្តែងៗច្រើន។ វាអាចឆ្លុះបញ្ចាំងពីរឿងវប្បធម៌។ វប្បធម៌ដូចនៅក្នុងគ្រួសារមួយកាលណាឪពុកម្តាយកាចកូនច្រើនកាច»។
ក្រោយពីឃាតកម្មទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការចម្រុះមួយដោយមានការចូលរួមពីក្រុមសមត្ថកិច្ចទាំងអស់ក្នុងគោលបំណងដើម្បីស្វែងរកចាប់ឃាតករយកផ្តន្ទាទោស។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថា សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យរួចហើយ តែលោកមិនបានអត្ថាធិប្បាយលម្អិតទេដោយកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតរបស់ក្រុមអាជ្ញាធរមានសមត្ថកិច្ច៕