ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​បាតុកម្ម​នៅ​ទីក្រុង​ហ្សឺណែវ​ទាម​ទារ​សិទ្ធិមនុស្ស


Courtesy of SRP France
Courtesy of SRP France
វ៉ាស៊ីនតោន៖ ពលរដ្ឋ​ខ្មែរជាង​មួយរយ​នាក់នៅ​សហគមន៍​អឺរ៉ុប​បាន​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខទីស្នាក់​ការ​ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅទីក្រុង​ហ្ស៊ឺណែវ នៅ​ថ្ងៃ​អង្គារ​ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​មានការគោរព​សិទ្ធិ​មនុស្ស​និង​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរីនិង​យុត្តិធម៌​នៅ ​កម្ពុជា។

ក្រុម​បាតុករ​មក​ពី ​ប្រទេស​បារាំង​ បែលហ្ស៊ិក និង​ស្វីសក៏​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​កក្កដា​ ​របស់​លោក​ សុរិយា ស៊ូប៊ែឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​បញ្ជាក់​ពី​ស្ថាន​ភាព​មិនល្អ​ខាងផ្នែក​សិទ្ធិ​មនុស្ស។​

លោក​ លី ពឿង ​អ្នក​រៀបចំ​ធ្វើ​បាតុកម្ម​បាន​បញ្ជាក់ប្រាប់​វីអូអេ​ថា៖

«នៅ​ក្នុង​ប្រទេស​កម្ពុជា​បើ​យើង​និយាយ​អំពី​សេរី​ភាព​នោះ​វិញ​គឺ​ពិបាក​នឹង​ថា​យើង​ហាក់​បី​ដូច​ជា​ស្រមោល​មួយ​ដែល​គេធ្វើ​ឡើង​គឺ​ឱ្យ​តែ​រន្ធោល​តាម​ប្រាណ​។ នៅ​ទី​ណា​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ទីនោះ​គណបក្ស​ប្រជាជន​តែង​តែ​តាម​បំផ្លាញ​....អ្នក​ដែល​ជា​អ្នក​ស្នេហា​ជាតិ​បែរ​ទៅ​ជា​ជន​ក្បត់​ជាតិ​ តួរយ៉ាង​លោក​សម រង្ស៊ី​ដក​បង្គោល​ពី​បញ្ហា​ព្រំដែន​វៀតណាម​និង​ខ្មែរ​ទៅ​ជា​ជន​ក្បត់​ជាតិ។ អ្នក​ការពារ​ជាតិ​ទៅ​ជា​ជន​ក្បត់​ជាតិ»។

ក្រុម​បាតុករ​បានលើក​បដាមាន​រូបថតលោក​ហ៊ុន សែននិង​ភរិយា​របស់​គាត់ដោយ​ថ្កោល​ទោស​អំពើ​ផ្តាច់​ការនិងអំពើ​ពុករលួយ​ព្រម​ទាំងទាម​ទារ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​សម រង្ស៊ី​ដែល​ពេល​នេះ​កំពុង​រស់​នៅ និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ។

លោក​ លី ពឿង​បាន​បញ្ជាក់​បន្ថែម​ថា៖

«នៅក្នុង​ការ​តវ៉ា​មាន​រួម​ការ​ទាម​ទារ​ឱ្យ​លោក​សម រង្ស៊ី​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​តាមរយៈ​លោក​សុរិយា​ ស៊ូប៊ែឌី​គាត់​បាន​សរសេរ​ក្នុង​របាយការណ៍​ហើយ​ហត្ថលេខា​គាំទ្រ​របស់​យើង​គឺ​សរសេរ​ពី​ការ​វិល​ត្រឡប់​របស់​លោ​កសម រង្ស៊ីដើម្បី​បោះ​ឆ្នោត​តតាំង​ជាមួយ​នឹង​លោក​ហ៊ុន សែន»។

បាតុកម្មនេះមាន​ការ​ចូលរួម​ដោយ​កម្រ​ពី​ព្រះតេជគុណ ​លូន សូវ៉ាត ​ជ័យ​លាភី​រង្វាន់​សិទ្ធិ​មនុស្ស​ដ៏​ឆ្នើមដែល​បាន​និមន្ត​ទៅពី​ប្រទេស​កម្ពុជា។

ព្រះតេជគុណ​ លូន សូវ៉ាត​បាន​មាន​សង្ឃ​ដីការ​ប្រាប់​វីអូអេថា៖

«អ្វី​ដែល​អាត្មា​ចង់​បាន​គឺ​ចង់​ឱ្យ​ប្រទេស​កម្ពុជា​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជាធំ ​ដោយ​មិន​ត្រូវ​យក​អំណាច​ជាធំ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​គ្មាន​យុត្តិធម៌ ​សន្តិភាព​ និង​សេចក្តី​សុខ​ផ្សេងៗ។ នេះ​ជា​ការ​រំលោភ​ច្បាប់​ទាំងច្បាប់​ព្រះ​ពុទ្ធ​សាសនា​ច្បាប់​សិទ្ធិមនុស្ស​ហើយ​នឹង​ច្បាប់​ប្រជាធិបតេយ្យ​ដែល​យើង​មើល​ទៅ គឺ​ទៅ ជា​ប្រទេស​មួយ​ដែល​កើត​ឡើង​នូវ​អំពើ​អយុត្តិធម៌​អំពើហិង្សា​ផ្សេងៗ​»។

លោក​សុរិយា ស៊ូប៊ែឌី​ បាន​ឡើង​អាន​របាយការណ៍​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​ប្រាប់​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវនិង​បាន​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ក្រុម​បាតុករ។

នៅក្នុង​របាយការណ៍​របស់​លោក​សុរិយា ស៊ូប៊ែឌី អ្នក​រាយ​ការណ៍​ពិសេសអ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជាបាន​ស្នើ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ និង​ដំណើរការ​ប្រជាធិបតេយ្យ​ នីតិរដ្ឋ​នៅ​កម្ពុជា​ដោយ​លោក​លើក​ឡើង​ថា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​

បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ ការ​រិតត្បិត​សេរីភាព​បញ្ចេញ​មតិនៅ​មាន​ជាច្រើន​នៅឡើយ។​
លោក​ស៊ូប៊ែឌីក៏បាន​លើក​ឡើងដែរ​ថា​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅតែ​ជា​ក្តី​បារម្ភ​ដ៏​សំខាន់មួយ​ដោយ​លោក​បញ្ជាក់​ថាពលរដ្ឋ​ជាច្រើន​ខ្លាច​មិន​ហ៊ាន​បញ្ចេញ​មតិ​ដោយ​សារ​ខ្លាច​ត្រូវ​គេ​ចាប់ខ្លួន​និង​ឃុំខ្លួន​ក្រោម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ស្តីពី​ការ​ញុះញង់ ​និង​បរិហារ​កេរ្តិ៍​។​

នៅក្នុងរបាយការណ៍​របស់​លោក​ស៊ូប៊ែឌី​ក៏​បាន​លើក​ឡើងថា​ ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​មាន​បញ្ហា​ឆ្គាំឆ្គង​ច្រើន​ដោយសារ​តែ​មន្ត្រី​រាជការ​ធ្វើសកម្មភាព​ខាង​នយោបាយ​ មានការ​បំភិត​បំភ័យ​ លើ​សកម្ម​ជន​គណបក្ស​នយោបាយ​ប្រឆាំង​ ការ​ប្រើប្រាស់ទ្រព្យ​សម្បត្តិ​រដ្ឋ​ដើម្បី​ចូលរួម​ប្រតិបត្តិ​ការ​ឃោសនា​ ឬ​សកម្មភាព​នយោបាយ​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​មិន​ស្មើភាព​ហើយសមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មិនឯករាជ្យដែល​ធ្វើ​ឲ្យ​បាត់​ជំនឿ​ពីអ្នក​បោះឆ្នោត។

រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធចោល​របាយការណ៍​របស់​លោក​ស៊ូប៊ែឌី​ដោយ​លើក​ឡើង​ថា​ដើរ​មិន​ទាន់​សភាព​ការណ៍។

លោក​ផៃ​ ស៊ីផាន​ រដ្ឋ​លេខាធិការ​ទីស្តី​ការ​គណរដ្ឋ​មន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ​បានសម្តែង​ការ​សោក​ស្តាយ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​ទៅ​តវ៉ា​ហើយហៅ​បាតុកម្មនេះ​ថា​ធ្វើ​គ្រាន់​តែ​បង្ហាញ​រូបភាពនយោបាយ​និង​មិនអាចដោះស្រាយ​អ្វី​បាន​ទេ​ព្រោះ​បញ្ហាពិតគឺ​រដ្ឋាភិបាល​កំពុង​ព្យាយាម​ដោះស្រាយបណ្តើរៗ។

ក្នុង​ករណី​មេបក្ស​ប្រឆាំង លោក​ផៃ​ ស៊ីផាន​ក៏​បញ្ជាក់​បន្ថែម​ថា​ការវិល​ចូលស្រុក​បាន​ឬ​មិន​បាន​គឺ​អាស្រ័យ​លើ​លោក សម​រង្ស៊ីផ្ទាល់។

«បញ្ហា​ចង់​ឱ្យ​មាន​មាតុភូមិ​និវត្តន៍​របស់​ឯកឧត្តម​សម រង្ស៊ី​ដែល​ជា​ប្រធាន​របស់​គណបក្ស​ប្រឆាំង…នេះ​ជា​សិទ្ធិ​របស់​លោក​សម រង្ស៊ី​គ្មាន​អ្នក​ណា​ដឹង​ពី​រឿង​ហ្នឹ​ង​ជាងលោក​សម រង្ស៊ីទេ ​ថាតើ​ឥរិយាបទ​បែបណាដែល​អាច​ឱ្យ​គាត់​មាន​សម្បទាន​មាន​ការ​ដោះ ស្រាយ​ជា​នយោបាយ​នោះ​គឺ​គាត់​ព្រោះ​ការ​ដោះ ស្រាយ​តាម​នយោបាយ​វា​មាន​ច្រើន​ដង​ហើយ​យើង​ស្អប់​ថា​អ្នក​មាន​អំណាច​ អ្នក​មាន​តួរនាទី​ធំៗ​មិនដែល​នៅ ក្រោម​ច្បាប់​ទេ​ចុះ​ហេតុអ្វី បាន​ជា​ឯកឧត្តម​សម រង្ស៊ី​ចង់​នៅ​ពីលើ​ច្បាប់?»។
ប្រទេសកម្ពុជានឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ឆ្នាំ​២០១៣​ដើម្បី​ជ្រើស​រើស​តំណាង​រាស្រ្ត​និង​នាយករដ្ឋ​មន្ត្រី​ថ្មី។ សហគមន៍​អន្តរជាតិ​បាន​ដាក់​សម្ពាធ​ជាបន្ត​បន្ទាប់​ឱ្យ​កម្ពុជា​ស្វែង​រក​ដំណោះស្រាយ​ផ្នែក​នយោបាយ​ដើម្បី​ឱ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ដែលមាន​ការ​ចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ៕
XS
SM
MD
LG