ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​ដឹកនាំ​អាស៊ាន​ជំរុញ​ដំណោះស្រាយ​វិបត្តិ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​


ប្រមុខដឹកនាំ​ប្រទេស​ទាំង​ដប់​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន)​
ប្រមុខដឹកនាំ​ប្រទេស​ទាំង​ដប់​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន)​

ប្រមុខដឹកនាំ​ប្រទេស​ទាំង​ដប់​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន)​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​បន្ដដោះស្រាយ​វិបត្តិ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ​ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ចរចា​ឡើងវិញ​អំពី​សំណុំរឿង​នេះ។

ក្រោយ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ​ ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បិទ​បញ្ចប់​នៅ​រសៀល​នេះ​ លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន ​សែន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ​ប្រមុខ​ដឹកនាំ​ប្រទេស​អាស៊ាន​បា្រថ្នា​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្ដិវិធី​តាមរយៈ​ការ​ចរចា​អំពី​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​នោះ។

«យើង​បាន​គូស​បញ្ជាក់​អំពី​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​សុឆន្ទៈ ​និង​ ដោយ​សន្តិវិធី ​ដើម្បី​ដោះស្រាយ​អាវុធ​នុយក្លេអ៊ែ ​ឧបទ្វីបកូរ៉េ ​ពិសេស​តាមរយៈ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់ផ្តើម​ឡើងវិញ ​ដោយ​ឆាប់​រហ័ស​នូវ​កិច្ច​ចរចា​៦​ភាគី»។

កិច្ចចរចា​ប្រាំមួយ​ភាគី​រួម​មាន​សហរដ្ឋ​អាមេរិក ​ជប៉ុន​ រុស្ស៊ី ​ប្រទេស​កូរ៉េខាងត្បូង ​ប្រទេស​ចិន ​និង​ប្រទេស​កូរ៉េ​ខាង​ជើង។

វិបត្តិ​អាវុធ​នុយក្លេអ៊ែរនៅ​កូរ៉េ​ខាងជើង​ បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដែល​នាំ​ឲ្យ​មាន​កង្វល់ជា​ខ្លាំង​ដល់​សន្ដិសុខ​ក្នុង​តំបន់​ និង​ក្នុង​សកលលោក។ ​សហ​រដ្ឋ​អាមេរិក​បាន​សម្រេច​ព្យួរ​ជំនួយ​ម្ហូប​អាហារ​ដល់​ក្រុងព្យុងយ៉ាង ​បន្ទាប់​ពី​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​បាន​ប្តេជ្ញា​បន្ដ​ធ្វើ​ការ​បាញ់​សាកល្បង​នូវ​កាំជ្រួច​វង់​ប្រតិបត្តិការ​រយៈ​ចម្ងាយ​ឆ្ងាយ​ចំនួន​ពីរ​គ្រាប់​ នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។

លោក​Albert del Rosario រដ្ឋមន្ដ្រី​ការបរទេស​ហ្វីលីពីនបាន​ប្រាប់​ក្រុម​អ្នក​កាសែត​មុន​នឹង​សន្និសីទ​កាសែត​ថា ​ប្រទេស​ហ្វីលីពីន​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ការ​បាញ់​សាកល្បង​គ្រាប់​កាំជ្រួច​មីស៊ីល​នេះ។

«យើង​អំពាវនាវ​ឲ្យ​មាន​វិធានការ​ជា​អន្ដរជាតិ​ដើម្បី​បញ្ចុះ​បញ្ចូល​ប្រទេស​កូរ៉េ​ខាងជើង​ឲ្យ​បញ្ឈប់​ការ​បាញ់​សាកល្បង​កាំជ្រួច​របស់​ខ្លួន»។

លោក​Surin Pitsuwan ​អគ្គលេខាធិការ​អាស៊ាន បាន​បញ្ជាក់​ថា ​លោក​រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា ​ហោ ណាំហុង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើងនៅ​មុន​កិច្ចប្រជុំ​កំពូល​នៃ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​ក្នុង​ខែ​កក្កដា ​ឆ្នាំ​២០១២​នេះ ​ហើយលោក​ក៏​នឹង​ត្រូវ​ទៅ​កាន់​ទីនោះ​ដែរ។

លោក​អគ្គលេខាធិការ​អាស៊ាន​បញ្ជាក់​ថា ​លោក​ប្រមុខ​រដ្ឋាភិបាលខ្មែរ​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​និង​ថៃ​ដើរតួ​សំខាន់​ក្នុង​ការ​នាំ​ក្រុងព្យុងយ៉ាង​ចូល​ក្នុងស្មារតី​នៃ​វេទិកា​តំបន់​របស់​សមាគម​អាស៊ាន​ឆ្នាំ២០០០។ ​វេទិកា​នេះ​ផ្តោត​លើ​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ សន្ដិសុខ​ និង​កិច្ច​សហ​ប្រតិបត្តិការ​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

«លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែន​បាន​និយាយ​យោង​ដល់​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ​ ដោយ​សុំឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​នាំ​ប្រទេស​កូរ៉េខាងជើង​ ចូលរួម​ចំណែក​ក្នុង​ស្មារតី​នៃ​វេទិកា​ប្រចាំ​តំបន់​របស់​សមាគម​អាស៊ាន​ឆ្នាំ ​២០០០​ ហើយ​ប្រទេស​កម្ពុជា​នឹង​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​និង​ដើម្បី​ឲ្យ​ប្រាកដ​ថា ​ក្នុង​ពេល​នេះ​យើង​អាច​រួមចំណែក​បាន​ខ្លះ​ក្នុង​ដំណោះ​ស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ»។

សូម​បញ្ជាក់​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ​នេះ​បាន​សម្រេច​អនុម័ត​លើ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​តំបន់​អាស៊ាន​ ​គ្មាន​គ្រឿងញៀន ​នៅ​ឆ្នាំ​២០១៥​ ជំរុញ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​សន្ដិសុខ ​និង​ស្ថិរភាព​ក្នុង​រង្វង់​ប្រទេស​ជា​សមាជិក​ទាំង​ដប់​ និង​ការ​ទប់ស្កាត់​ការ​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ។

ក្នុង​បរិបថ​សន្ដិសុខ​នេះ ​លោកស្រី ​យីង​ ឡាក់ ​នាយក​រដ្ឋមន្ដ្រី​ប្រទេសថៃ​ បាន​ប្រាប់​អ្នក​កាសែត​ថា​ ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា ​និង​ថៃ​នៅ​តាម​តំបន់​ព្រំដែន​មិន​ត្រូវ​បាន​លើក​មក​ជជែក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទេ។

ជាង​នេះ​ ប្រទេស​អាស៊ាន​ទាំង​ដប់​បាន​ទទួល​ស្គាល់​ថា ​ខ្លួន​កំពុង​មាន​បញ្ហា​ប្រឈម​តទៅទៀត​សម្រាប់​ការ​បង្កើត​សហគមន៍​រួម​មួយ​ តែមួយ ​នៅ​ឆ្នាំ២០១៥។ ​ភាព​ប្រឈម​ មាន​ដូច​ជា​គម្លាត​សេដ្ឋកិច្ច​រវាង​បណ្ដា​ប្រទេស​ជា​សមាជិក ​ការ​សម្រប​សម្រួល​គ្នាដើម្បី​ការ​អនុវត្ត​មាន​ភាព​ស៊ីសង្វាក់​ក្នុង​គម្រោង​ការនានា ​ការ​កៀងគរ​ហិរញ្ញវត្ថុ ​និង​ការ​ប្រឈម​ក្នុង​តម្រូវការ​ចាំបាច់​សម្រាប់​ការ​សហការ ​ការពារ​សិទ្ធិពលករ ​និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG