អាជ្ញាធរប៉ូលិសកម្ពុជាបានជំរុញដល់មន្ត្រី នគរបាលប្រឆាំងការជួញដូរមនុស្ស និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនសកម្មភាពចុះអប់រំដល់ប្រជាពលរដ្ឋជាពិសេសគឺស្ត្រីទាក់ទងនឹងការស៊ីឈ្នួលពពោះជំនួស ព្រោះវាជាបទល្មើសជួញដូរមនុស្សដោយឆ្លងដែន។ នេះបើតាមសេចក្តីរាយការណ៍របស់អគ្គស្នងការនគរបាលជាតិកម្ពុជា។
លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនរគបាលជាតិបានលើកឡើងនៅក្នុងពិធីបិទសន្និបាតនៃការបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ កាលពីថ្ងៃសុក្រថា ករណីស៊ីឈ្នួលពពោះជំនួសនៅតែមាននៅកម្ពុជាដូច្នេះដើម្បីបង្ការមិនឲ្យមានទៀតមន្ត្រីគប្បីបង្កើនសកម្មភាពបន្ថែមទៀតចុះអប់រំ ដល់ពលរដ្ឋតាមមូលដ្ឋានឱ្យយល់ដឹងកាន់តែច្រើនពីបញ្ហានេះ។
លោកស្រីបានបន្ថែមថា៖ «យើងត្រូវចុះអប់រំពួកគាត់ថាករណីស៊ីឈ្នួលពពោះជំនួសនេះគឺជា ករណីខុសច្បាប់ ហើយការចាក់បញ្ចូលមេជីវិតទៅដល់ពួកគាត់គឺជាមេជីវិតរស់ដោយពុំមាន អត្តសញ្ញាណជាឱពុកច្បាស់លាស់ ដូច្នេះយើងមិនត្រូវឲ្យករណីនេះកើតមានបន្តទៀតនោះទេ»។
នៅប្រទេសកម្ពុជាករណីស៊ីឈ្នួលពពោះជំនួសនេះត្រូវបានការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សចំនួន ៣៥ នាក់ កាលពីខែមិថុនា ឆ្នាំ ២០១៨ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ដែលជាអ្នកពពោះជំនួសចំនួន ៣២ នាក់ និងមេខ្យល់ ៥ នាក់ ក្នុងនោះមានម្នាក់ជាជនជាតិចិន។ នេះបើតាមសេចក្តីរាយការណ៍ដដែលរបស់អគ្គស្នងការនគរបាលជាតិ៕