ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានពិភពលោកស្គាល់ភាគច្រើនដោយសារអតីតកាលនៃសោកនាដកម្មដ៏ជូរចត់របស់ខ្លួន ដែលពាក់ព័ន្ធនឹងរបបខ្មែរក្រហមនិងអំពើប្រល័យពូជសាសន៍។ ប៉ុន្តែ សិល្បករមួយក្រុមសង្ឃឹមថា ពួកគេនឹងជួយធ្វើឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតនេះ ដោយធ្វើឲ្យគេស្គាល់ប្រទេសនេះតាមរយៈស្នាដៃសិល្បៈរបស់ខ្លួនវិញ។
សិល្បករវ័យក្មេងទាំងនេះកំពុងហាត់សមរបាំរបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមមហោស្រពសិល្បៈដ៏ធំមួយក្នុងទីក្រុងញូយ៉ក នៅខែមេសានេះ។
ពួកគេនិយាយថា ពួកគេចង់ឲ្យប្រជាជននៅលើពិភពលោកស្គាល់ប្រទេសកម្ពុជា ដោយសារសិល្បៈរបស់ខ្លួន ជាជាងដោយសារវាលពិឃាតនៃប្រទេសនេះ។
លោកជី រតនាគឺជាអ្នករាំម្នាក់នៅក្នុងក្រុមដែលមានសមាជិក៥នាក់ មកពីអង្គការអម្រឹតាសិល្បៈនេះ។
លោកជី រតនាគឺជាអ្នករាំម្នាក់នៅក្នុងក្រុមដែលមានសមាជិក៥នាក់ មកពីអង្គការអម្រឹតាសិល្បៈនេះ។
«ឥឡូវយើងមានការអភិវឌ្ឍច្រើនជាមួយនឹងសិល្បៈ ហើយជាមួយនឹងសមត្ថភាពកូនខ្មែរ។ យើងមានគំនិត ហើយធនធានពួកយើងរឹងមាំច្រើន ហើយកើនឡើងច្រើនដើម្បីធ្វើឲ្យពិភពលោកដឹងថា ប្រទេសរបស់យើងមានសមត្ថភាពបង្ហាញស្នាដៃអ្វីមួយ»។
ក្រុមនេះនឹងសម្តែងរបាំរបស់ពួកគេនៅឯមជ្ឈមណ្ឌលសិល្បៈ Abrons Arts Center នៅថ្ងៃទី១៨ និង១៩ខែមេសានេះ ជាផ្នែកមួយនៃមហោស្រពសិល្បៈខ្មែរ ឬSeason of Cambodia ក្នុងទីក្រុងញូយ៉ក។
របាំដែលគេឲ្យឈ្មោះថា Olden New Golden Blueឬចរន្តបញ្ច្រាសទិស បង្ហាញអំពីទំនាក់ទំនងបែបសិល្បៈរបស់អ្នករាំជាមួយនឹងឬសគល់នៃអតីតកាលរបស់ពួកគេ។
លោកភីតធើ ឈិន (Peter Chin )គឺជាបង្កើតរបាំថ្មីបែបសហសម័យនេះឡើង។
«មហោស្រពនៅទីក្រុងញូយ៉កនោះនឹងមិនអាចទប់បានទេ ហើយខ្ញុំសង្ឃឹមថា វានឹងផ្លាស់ប្តូរផ្នត់គំនិតដែលមានរួចមកហើយថា កម្ពុជាមានអង្គរវត្តនិងមានទំនាក់ទំនងទៅនឹងសង្គ្រាមខ្មែរក្រហម។ ប៉ុន្តែឥឡូវនេះ មហោស្រពនេះផ្តល់ឲ្យយើងនូវឱកាសកំណត់ប្រទេសកម្ពុជាឡើងវិញថា ជាប្រជាជាតិដែលពោរពេញទៅដោយសិល្បៈវប្បធម៌»។
ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងការវាយប្រយុទ្ធគ្នារវាងភាគីនានាអស់រយៈពេល៣ទសវត្ស ចាប់តាំងពីទសវត្សឆ្នាំ១៩៧០មក។
រជ្ជកាលដ៏អាក្រក់បំផុតក្នុងរបបខ្មែរក្រហមបានបង្កឲ្យប្រជាជនប្រមាណ១លាន៧សែននាក់ស្លាប់ហើយសិល្បៈ វប្បធម៌ ត្រូវបានបំផ្លាញ។
តែទោះជាយ៉ាងនេះ ក្រុមសិល្បករវ័យក្មេងទាំងនេះនៃអង្គការអម្រឹតាសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា ពិភពលោកនឹងចាប់ផ្តើមស្គាល់កម្ពុជា ដោយសារទេពកោសល្យខាងសិល្បៈរបស់ខ្លួនវិញ។
លោក កង ឬទ្ធីសាល គឺជានាយកកម្មវិធីអង្គការអម្រឹតាសិល្បៈ។
«ឱកាសសម្រាប់សិល្បករជំនាន់ថ្មីរបស់ខ្មែរទៅសម្តែងនៅទីនោះគឺជាការចូលរួមចំណែកមួយយ៉ាងខ្លាំងក្នុងការធ្វើឲ្យប្រទេសខ្មែរយើងបានចូលទៅក្នុងឆាកអន្តរជាតិ បានត្រូវគេឮ គេស្គាល់ គេដឹង លើសពីអ្វីដែលជាប្រវត្តិជូរចត់ដូចជាខ្មែរក្រហម និងប្រវត្តិសោកនាដកម្មផ្សេងៗរបស់ខ្លួន»។
ក្រុមសិល្បករៈវ័យក្មេងទាំងនេះនឹងចូលរួមជាមួយសិល្បករចំនួនជាង១០០នាក់ផ្សេងទៀតពីប្រទេស
កម្ពុជា នៅក្នុងមហោស្រពសិល្បៈខ្មែរដែលនឹងចាប់បើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៣ខែមេសានេះ។
លោកព្រីម ភ្លឿនគឺជានាយកប្រតិបត្តិនៃអង្គការសិល្បៈខ្មែរអមតៈនិងជាអ្នករៀបចំមហោស្រពសិល្បៈខ្មែរនោះ។
«ក្មេងៗសម័យឥឡូវដែលកំពុងស្វែងយល់អំពីវប្បធម៌គាត់ ហើយគាត់ចាប់ផ្តើមមានស្នាដៃថ្មីរបស់គាត់។ អញ្ចឹងខ្ញុំគិតថា ដល់ពេលដែលកម្ពុជាយើងចាប់ផ្តើមបង្ហាញពិភពលោកអំពីស្នាដៃវប្បធម៌របស់យើង»។
លោកបន្ថែមថា ការយល់ដឹងរបស់ពិភពលោកអំពីប្រទេសកម្ពុជាថា ជាវាលពិឃាត ឬរបបប្រល័យពូជសាសន៍នោះ បានក្លាយជារឿងកាលពី៣០ឆ្នាំមុនទៅហើយ៕