ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​តែងតាំង​អ្នក​ការទូត​ជើង​ចាស់​ទៅ​ប្រចាំ​នៅ​ហ្វីលីពីន


រដ្ឋមន្ត្រី​ការបរទេស​វៀតណាម Pham Gia Khiem (ឆ្វេង) និយាយ​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (R) នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​របស់​អាស៊ាន​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១០។
រដ្ឋមន្ត្រី​ការបរទេស​វៀតណាម Pham Gia Khiem (ឆ្វេង) និយាយ​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (R) នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​របស់​អាស៊ាន​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១០។

លោកស្រី ទួត បញ្ញា ​អនុរដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​ត្រូវបាន​តែងតាំង​ទៅ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហ្វីលីពីន ​ជំនួស​លោក ហើស សិរីធន។

ភ្នំពេញ៖ ប្រទេស​កម្ពុជា​បានសម្រេច​តែងតាំង​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​ប្រទេស​ហ្វីលីពីន​ ស្របពេល​ដែល​លោក ហើស សិរីធន ​អតីត​ឯកអគ្គរាជទូត​បានត្រឡប់​មក​កាន់មាតុប្រទេស​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​សីហា​នេះ ​ប្រទេស​កម្ពុជា​បាន​កោះហៅ ​លោក ហើស សិរីធន ​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហ្វីលីពីន​ឲ្យ​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ ​បន្ទាប់​ពី​លោក​បានសរសេរ​លិខិត​រិះគន់ ​ប្រទេស​វៀតណាម ​និង​ប្រទេស​ហ្វ៊ីលីពីន​ថា​មាន​គោលនយោបាយ​កខ្វក់​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

លោក កុយ គួង ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោកស្រី ទួត បញ្ញា ​អនុរដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​ត្រូវបាន​តែងតាំង​ទៅ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហ្វីលីពីន ​ជំនួស​លោក ហើស សិរីធន។ លោក​បានមានប្រសាសន៍​ថា​ លោក ហើស សិរីធន នឹងបម្រើ​ការងារ​នៅ​ក្រសួង​ការបរទេស។

ក៏ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក៏ដោយ ​ក៏លោក​បាន​មាន​ប្រសាសន៍​ថា ​ការផ្លាស់ប្តូរ​ឯកអគ្គរាជទូត​នេះ​មិនជាប់​ពាក់ព័ន្ធ​នឹង​សមុទ្រចិន​ខាង​ត្បូង​នោះ​ទេ។

«ចំពោះ​ការផ្លាស់ប្តូរ​នេះ ​ជា​រឿង​ធម្មតា​ទេ ​ហើយ​ក៏​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដែរ។ ដូច្នេះ​ការផ្លាស់ប្តូរ​នេះ​ដោយ​ការ​យល់​ឃើញ ​នៃ​ការចាំបាច់​នៃ​ការផ្លាស់ប្តូរ ​នោះ​រាជរដ្ឋាភិបាល​ត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​ហើយ»។

លោក​កុយ គួង​បាន​បន្ថែមថា៖
«ទោះយ៉ាងណា​ក៏ដោយ ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ គឺ​មិនមាន​អ្វី​ប្រែប្រួល​ទេ»។
លោក Raul Hernandez អ្នក​នាំពាក្យ​ក្រសួង​ការបទេស​ហ្វីលីពីន​មិនអាច​ស្នើសុំ​ដើម្បី​ទំនាក់ទំនង​បានទេ​នៅ​ថ្ងៃ​សុក្រ​នេះ​នៅពេល​ដែល​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក​បានផ្ញើ​សារ​អេឡិចត្រូនិក​ ​និង​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក​ជា​ច្រើន​លើក​តែ​មិនមាន​ការឆ្លើយ​តប។

ប្រទេស​កម្ពុជា​កាល​ពី​អំឡុង​ខែ​កក្កដា ​បានរៀបចំ​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​ដែល​ហៅកាត់​ថា​អាស៊ាន ​ក៏ប៉ុន្តែ​នៅពេល​នោះ​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួម ​ដោយសារ​មិនមាន​ការចុះ​សម្រុង​គ្នា​រវាង​ប្រទេស​ហ្វីលីពីន ​និង​ប្រទេស​វៀតណាម ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។​

ប្រទស​វៀតណាម និង​ប្រទេស​ហ្វីលីពីន ​បានជំរុញ​ឲ្យ​ដាក់​បញ្ហា​សមុទ្រចិន​ខាងត្បូង​នៅ​ក្នុង​សេចក្តីថ្លៃងការណ៍​រួម ​ក៏ប៉ុន្តែ​កម្ពុជា​ជា​ប្រធាន​ប្តូរវេន​ បាន​ជំទាស់។

លោក ហើស សិរីធន អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ហ្វីលីពីន​បានធ្វើ​សេចក្តីអត្ថាធិប្បាយ​មួយ​កាល​ពី​ខែ​កក្កដា​ថា ប្រទេស​វៀតណាម និង​ប្រទេស​ហ្វីលីពីន បានព្យាយាម​ធ្វើ​វិច្ឆេទកម្ម​ និង​យក​កិច្ចប្រជុំ​កំពូល​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ធ្វើ​ជា​ចំណាប់​ខ្មាំង​ និង​មាន​នយោបាយ​កខ្វក់​ស្តីអំពី​បញ្ហាសមុទ្រ​ចិន​ខាងត្បូង។

ក្រសួង​ការបរទេស​ហ្វីលីពីន បានកោះហៅ​លោក​ហើស សិរីធន ឲ្យ​មក​ចូល​បំភ្លឺ។ ក៏ប៉ុន្តែ​លោក​មិនបាន​ចូល​មកបំភ្លឺ​ទេ ដោយ​លើក​យក​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន។

បញ្ហា​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង ជាប់ពាក់ព័ន្ធ​ជាមួយ​ប្រទេស​បួន​នៅ​ក្នុង​ប្លុក​អាស៊ាន ដែល​រួមមាន​ប្រទេស​វៀតណាម ​ហ្វីលីពីន ​ម៉ាឡេស៊ី ​និង​ប្រទេស​ប្រ៊ុយណេ៕
XS
SM
MD
LG