ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​គោរព​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​​


លោក​Michael Posner ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការ​ងារ។​ ដោយ៖ ហេង រស្មី
លោក​Michael Posner ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការ​ងារ។​ ដោយ៖ ហេង រស្មី
ភ្នំពេញ៖ រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់ៗ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ឲ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​ ក្នុង​នោះមាន​លោក​ម៉ម សូណង់ដូ​ និង​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ជាសកល​នៅ​ក្នុង​ខែកក្កដា​ខាង​មុខ​នេះ។​

ការ​ដាក់​សម្ពាធ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​ឡើង​ស្រប​ពេល​និង​ដំណើរ​ទស្សន​កិច្ច​លើក​ទី​៣របស់​លោក​Michael Posner ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការ​ងារ។​

លោក​ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក​បាន​ជួប​ជាមួយ​និង​មន្ត្រី​រដ្ឋាភិបាល​ តំណាង​គណបក្ស​នយោ​បាយ​ ព្រម​ទាំង​មេដឹក​នាំ​សង្គម​ស៊ីវិល​មួយ​ចំនួន។

លោក​Michael Posner​បាន​ប្រាប់​នៅ​ក្នុង​អង្គ​សន្និសីទកាសែត​ដែល​ទើប​និង​បញ្ចប់​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា​ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ដំណើរ​ការបើក​ចំហ​លទ្ធិ​ប្រជា​ធិបតេ្យ​សេរី​និង​ពហុបក្ស។

លោក​បាន​និយាយ​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ប្រកាន់​ជំហរ​ជាក់​ស្តែង​ក្នុង​ការ​ធានា​ឲ្យមាន​ភាព​ស្នើ​គ្នា​ គ្រប់​អ្នក​ចូល​រួម​នយោបាយ​ទាំង​អស់​អាច​ចូលរួម​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខែ​កក្កដា ​ដោយ​រួម​ទាំង​លោក​សម រង្ស៊ី​ផង​ដែរ។

«ភាព​អាច​ឲ្យ​គេ​ទុក​ចិត្ត​បាន​នៃ​ការ​បោះឆ្នោត​ទាំង​នេះ​វា​ស្រ័យ​ថា​ តើ​គ្រប់​គណបក្ស​នយោបាយ​ប្រឆាំង​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូល​រួម​ពេញ​លេញ​និង​ដោយ​យុត្តិ​ធម៌​ដែរ​ឬ​ទេ»។

លោក​សម រង្ស៊ី ​អាយុ៦៣​ឆ្នាំ​ មេដឹក​នាំគណបក្ស​សង្រ្គោះ​ជាតិ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ លេខ​១៨៥​ នៅ​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយ​រៀង​ និង​ក្លែង​ឯក​សារ​សារធារណៈ។​

បច្ចុប្បន្ន​នេះ​ លោក​សម រង្ស៊ី​កំពុង​និរទេស​ខ្លួននៅ​ឯ​ប្រទេស​បារាំង។​ចំណែក​ឯលោក​ម៉ម សូណង់​ដូ​ នាយក​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ពីបទ​បង្កើត​តំបន់​អប្បគមន៍​ខុស​ច្បាប់​នៅ​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន។​

លោក​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ហៅ​ការ​កាត់​ទោស​នេះ​ថា​ ជាការ​កាត់ទោស​អ្នក​ទោស​នយោបាយ​ ហើយ​លោកទាម​ទារ​ឲ្យ​ដោះ​លែង​លោកម៉ម សូណង់ដី​ចេញពី​ពន្ធនាគារ​ ហើយឲ្យលោកសម រង្ស៊ី​អាច​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​បាន។​ លោក​បាន​និយាយ​ថា ​ក្នុង​ពេល​នេះ ​ប្រទេស​កម្ពុជា​មាន​បញ្ហា​ច្រើនផ្នែក​សិទ្ធិមនុស្ស។​

បន្ទាប់​ពី​ជំនួបរវាង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ណាំហុង​ និង​លោក​Michael Posner ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហ​រដ្ឋអាមេរិក​ លោក​អ៊ុច បូរិទ្ឋ​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កា​សែត​ថា​ កម្ពុជា​បដិសេធ​ដាច់​ខាត​មិន​ដោះ​លែង​តាម​ការ​ស្នើ​សុំ​របស់​សហ​រដ្ឋ​អាមេរិក​ទេ។​

លោក​អ៊ុច បូរិទ្ធ​បាន​និយាយ​ថា​ ការ​កាត់​ទោស​ក៏ដូច​ជា​ការ​ដាក់​ទណ្ឌ​កម្ម​លោក​សម រង្ស៊ីក៏ដោយ​ លោក​ម៉ម សូណង់​ដូ​ក៏​ដោយ​មិន​មែន​ជា​កាត់​ទោស​លើ​បុគ្គល​ដែល​បំពេញ​សកម្មភាព​ការងារ​ក្នុងក្រប​ខណ្ឌការ​ងារ​សិទ្ធិ​មនុស្ស​ទេ​ ឬការងារ​ក្នុង​នាម​អ្នក​គោរព​សិទ្ធិ​មនុស្ស​ទេ ​ក៏ប៉ុន្តែ​ជា​ការ​កាត់​ទោស​ក្នុង​នាម​ជា​ទណ្ឌិត​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ។​

«ដូច​ដែល​គេទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​ពីរ​នាក់​ លោក​សម រង្ស៊ី​ និង​លោក​ម៉ម សូណង់ដូ​ហ្នឹង​គឺ​ជាការ​ទាម​ទារ​ឲ្យ​យើង​បង្ក​ឲ្យ​មាន​ភាព​អណា​ធិបតេយ្យ​ដែល​យើង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ក្នុង​នាម​យើង​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យ​ភាព​ជាតិ​របស់​យើង។​ អញ្ចឹង​ចំណុច​នេះ​ មួយ​ឯក​ឧត្តម​ឧប​(នាយក​រដ្ឋមន្ត្រី)​ដាច់​ខាត​គឺយើង​មិន​ព្រម​ទៅ​តាម​អ្វី​ដែល​ជា​សំណូម​ពរ​ដែល​នាំ​ឲ្យ​កម្ពុជា​ឈាន​ចូល​ទៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​ លទ្ធិ​អាណាធិបតេយ្យ​មួយ​ដែល​គ្មាន​ការ​គោរព​ច្បាប់​ត្រឹម​ត្រូវ​នោះ​ទេ»។​
លោក​ខៀវ​ កាញារិទ្ឋ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ករណី​លោក​សម រង្ស៊ី​ជា​កិច្ច​ការ​របស់​តុលាការ ​ដូច្នេះ​លោក​ទុក​ឲ្យ​តុលាការ​ជាអ្នក​សម្រេច៕​
XS
SM
MD
LG