ក្រសួងការបរទេសកម្ពុជា និងតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយដល់ទន្លេមេគង្គ ដែលមានតម្លៃប្រមាណ៤លាន៣សែនដុល្លារអាមេរិក។
ក្រសួងការបរទេសកម្ពុជាកាលពីចុងសប្តាហ៍បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅឯទីស្តីការក្រសួងការបរទេសកម្ពុជា។ ក្រសួងបញ្ជាក់ថានេះជាកិច្ចព្រមព្រៀងស្ដីពី«មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ឆ្នាំ២០២២ ដែលមាន១៣គម្រោង ក្នុងទឹកប្រាក់ចំនួន ៤.៣៣៥.៩០០ដុល្លារអាមេរិក។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ជំនួយនេះភាគច្រើនផ្តោតលើសកម្មភាពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ បរិស្ថាន អាកាសចរណ៍ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ ក្នុងចំណោមវិស័យដទៃទៀត៕