ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាដែលនឹងអនុញ្ញាតឱ្យពលរដ្ឋខ្មែរឥស្លាមអាចពាក់កន្តិបនិងទទូរក្បាលក្នុងពេលថតរូបដើម្បីធ្វើអត្តសញ្ញាណបណ្ណនិងលិខិតរដ្ឋបាលផ្សេងៗទទួលបានការសាទរក្នុងស្រទាប់ខ្មែរឥស្លាមដែលបានតស៊ូមតិទាមទារសិទ្ធិនេះជាច្រើនឆ្នាំមកហើយ។
នៅក្នុងការប្រកាសពេលប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រាប់ឱ្យក្រសួងមហាផ្ទៃនិងក្រសួងការបរទេសឱ្យអនុវត្តតាមការសម្រេចរបស់លោកផ្តល់សិទ្ធិឱ្យអ្នកកាន់សាសនាឥស្លាមទាំងនោះ មានសិទ្ធិពាក់កន្តិបនិងស្បៃគ្របក្បាលឬមិនពាក់តាមការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
សកម្មជនសហគមន៍មូស្លិមដែលបានតស៊ូមតិកន្លងមកបានលើកឡើងថាមានស្រ្តីខ្មែរឥស្លាមមួយចំនួនអាចនឹងបាត់បង់សិទ្ធិក្នុងការបោះឆ្នោតក្នុងពេលខាងមុខដោយសារតែស្ថាប័នបោះឆ្នោតតម្រូវឱ្យប្រើប្រាស់អត្តសញ្ញាណបណ្ណឬលិខិតឆ្លងដែនជាឯកសារផ្លូវការប៉ុន្តែស្រ្តីមួយចំនួនមិនមានឯកសារទាំងនេះទេព្រោះពួកគាត់មិនព្រមដោះក្រម៉ាឬស្បៃគ្របក្បាលដើម្បីថតរូបដោយសារតែខ្លាចខុសនឹងប្រពៃណីទំនៀមទម្លាប់និងសាសនាឥស្លាមរបស់ខ្លួន។
លោក ហ៊ីម ខទៀត សមាជិកនៃគណៈកម្មាធិការដឹកនាំរបស់សមាគមអតីតនិស្សិតខ្មែរឥស្លាមបានសម្តែងការស្វាគមន៍ថា៖
«យើងសាទរនិងស្វាគមន៍ហើយជារួមបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមទូទាំងប្រទេសមានការសាទរនិងសប្បាយរីករាយជាខ្លាំងហើយដោយឡែកក្រុមយុវជនយើងក៏មានការសាទរដែរ»។
លោកបានបញ្ជាក់ថាកន្លងមកស្ត្រី ខ្មែរឥស្លាមមួយចំនួនមានការលំបាកក្នុងការសុំលិខិតអាពាហ៍ពិពាហ៍ ប្លង់កម្មសិទ្ធិដីធ្លី បណ្ណកម្មសិទ្ធិផ្ទះសម្បែងនិងអាជីវកម្មផ្សេងៗដោយសារតែពួកគេគ្មានអត្តសញ្ញាណបណ្ណ។
លោកស្រីសាន់ ហ្វាទីម៉ាស់ ជាស្រ្តីខ្មែរឥស្លាមម្នាក់រស់នៅទីក្រុងភ្នំពេញបានប្រាប់VOA ថា៖
«រូបខ្ញុំផ្ទាល់និងស្រ្តី ទាំងអស់នៅប្រទេសកម្ពុជាគឺមានអារម្មណ៍សប្បាយចិត្តរីករាយខ្លាំងមែនទែន ដែលសម្តេចបានអនុញ្ញាតឱ្យរាល់ចំណុចដែលស្រ្តីពួកខ្ញុំត្រូវការចំណុចទាំងហ្នុង»។
បច្ចុប្បន្ន លោកស្រីមានអត្តសញ្ញាណបណ្ណដែលថតដោយដោះស្បៃគ្របសក់ព្រោះជាអ្វីដែលត្រូវបង្ខំចិត្តធ្វើប៉ុន្តែបន្ទាប់ពីការសម្រេចចិត្តនេះលោកស្រីមានបំណងធ្វើអត្តសញ្ញាណបណ្ណថ្មី៖
«យើងធ្វើកាតមុនគឺអារម្មណ៍យើងមើលទៅឃើញថាមិនសូវល្អព្រោះឥស្លាមយើងមិនអាចឱ្យយើងបើកក្បាលឃើញសក់អញ្ចឹងខ្ញុំត្រូវការធ្វើម្តងទៀត»។
លោកឯល រ៉ាហ្វើត ប្រធានចលនាថ្នាក់ជាតិនៃ គណបក្សសង្គ្រោះជាតិក៏បានមើលឃើញដែរថាកន្លងមកស្រ្តីខ្មែរឥស្លាមចាស់ៗមួយចំនួនបានខកខានមិនបានចូលរួមការបោះឆ្នោតដោយសារតែមូលហេតុនេះបើទោះបីជាចិត្តពួកគាត់ចង់ចូលរួមយ៉ាងណាក៏ដោយ៖
«ចំពោះក្នុងសិទ្ធិបោះឆ្នោតបងប្អូនឥស្លាមយើងមិនថាស្រីឬប្រុសទេគឺពេលខ្លះអត់បានទៅដល់គ្រប់គ្រាន់ទេដោយសារតែគេតម្រូវឱ្យដោះក្រម៉ាអញ្ចឹងជារឿងមួយប៉ះពាល់អញ្ចឹងហើយការចូលរួមសម្រាប់យុវជនគឺបានច្រើនប៉ុន្តែសម្រាប់ចាស់ៗដែលគាត់នៅ កាន់ប្រពៃណីខ្លាំងគឺគាត់អត់បានទៅចូលរួមទេដោយសារគាត់គិតថាឱ្យទៅដោះក្រម៉ាអញ្ចឹងវាប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់សាសនាគាត់។ អញ្ចឹងគាត់អត់បានទៅ ទេ»។
នេះជាការបើកទំព័រថ្មី មួយទៀតសម្រាប់សហគមន៍ខ្មែរឥស្លាមនៅកម្ពុជាបន្ទាប់ពីការតស៊ូមតិរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
យ៉ាងណាក៏ដោយលោកហ៊ីម ខទៀតមើលឃើញថាការងារបន្តទៀតគឺត្រូវឃ្លាំមើលការអនុវត្តរបស់មន្ត្រីរដ្ឋាភិបាលព្រោះលោកតែងតែសង្កេតឃើញមានការខុសប្លែកគ្នារវាងការសម្រេចចិត្តថ្នាក់នយោបាយនិងការអនុវត្តជាក់ស្តែងនៅថ្នាក់មូលដ្ឋាន។ ប៉ុន្តែលោកសង្ឃឹមថាក្នុងពេលខាងមុខអាចនឹងមានខ្មែរឥស្លាមចូលរួមសកម្មភាពសង្គមច្រើនជាងមុនដោយសារតែទទួលបានសិទ្ធិទូលំទូលាយនេះ។
«យើងជឿជាក់ថាតាមរយៈការសម្រេចហ្នឹងពិតហើយថាប្រជាពលរដ្ឋក៏ដូចជារដ្ឋាភិបាលនឹងបានឃើញផលផ្លែផ្កាដែលចេញអំពីការសម្រេចហ្នឹង។ ដូចដែលអ្វី ដែលក្រុមយើងខ្ញុំទាមទារហ្នឹងគឺវានឹងបង្ហាញឱ្យឃើញពីការចូលរួមកាន់តែសកម្មនិងពេញលេញពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមនៅក្នុងការងារសង្គមមួយចំនួនដែលចេញពីការដែលគាត់មានក្រដាសស្នាមត្រឹមត្រូវក្រោយពី គាត់ទទួលបានសិទ្ធិពេញលេញ នៃការថតអត្តសញ្ញាណបណ្ណក៏ដូចជាលិខិតឆ្លងដែនហ្នឹងជាពិសេសចំណុចសំខាន់មួយនៅ ក្នុងការងារសង្គមហ្នុងគឺការងារបោះឆ្នោតដែលជាកាតព្វកិច្ចប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំប្រទេសជាតិរបស់គាត់នោះ»។
ក្នុងពេលជាមួយគ្នានេះដែររដ្ឋាភិបាលក៏តម្រូវឱ្យក្រសួងអប់រំទទួលយកគ្រូបង្រៀនខ្មែរឥស្លាមចំនួន១.៥០០នាក់ចូលក្នុងក្របខណ្ឌរដ្ឋផងដែរ៕