ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​សន្យា​ផ្តល់​សិទ្ធិ​និង​ម៉ោង​ផ្សាយ​ទូរទស្សន៍​ដល់​សហគមន៍​ឥស្លាម


លោក​ សម​ រង្សី​ និង​អ្នក​ចូលរួម​ខ្មែរឥស្លាមនៅក្នុង​កម្មវិធី​អាហារ​ស្រាយបួស​ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)
លោក​ សម​ រង្សី​ និង​អ្នក​ចូលរួម​ខ្មែរឥស្លាមនៅក្នុង​កម្មវិធី​អាហារ​ស្រាយបួស​ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)

គណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​ផ្តល់​ម៉ោង​ផ្សាយ​អំពី​ជំនឿ​សាសនា​និង​កិច្ចការ​ប្រចាំ​ថ្ងៃ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ដល់​ប្រជា​ពលរដ្ឋខ្មែរឥស្លាម​ព្រម​ទាំងការ​សន្យា​ផ្នែក​នយោបាយ​ផ្សេងៗ​ដល់​ពួកគេ។

ថ្លែង​ទៅកាន់​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ចំនួន​ជាង​១០០​នាក់​នៅ​ក្នុង​កម្មវិធី​ទទួល​ទាន​អាហារ​ស្រាយ​បួស​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​លោក​សម រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​ថា​ លោក​នឹង​រៀបចំ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ព្រះ​អាទិត្យ​និង​ទូរទស្សន៍​ជាតិ​ផ្តល់​ពេល​វេលា​ដល់​ខ្មែរ​ឥស្លាម​យ៉ាង​ហោច​ឲ្យ​បាន​មួយ​ម៉ោង​ក្នុង​១ថ្ងៃ​ដើម្បី​ផ្សព្វផ្សាយ​កិច្ចការ​សាសនា​និង​កិច្ចការ​ទូទៅ​របស់​ខ្មែរ​ឥស្លាម​នៅ​ពេល​គណបក្ស​របស់​លោក​បាន​ដឹក​នាំ​ប្រទេស​កម្ពុជា។​

ការ​សន្យា​របស់​មេ​បក្ស​ជំទាស់​ កើតមាន​នៅ​គ្រា​ដែល​គណបក្ស​នេះកំពុង​រៃអង្គាស​ប្រាក់​ដើម្បី​បើក​ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ​ឈ្មោះ​ថា​ «ទូរទស្សន៍​ព្រះ​អាទិត្យ​» ដើម្បី​ផ្សព្វផ្សាយ​ដំណឹងជូន​ពលរដ្ឋ​ខ្មែរ​ទូទៅ។​

លោក​សម រង្ស៊ី​បន្ថែម​ថា៖

«យើង​នឹង​រៀប​ចំ​ឲ្យ​ទូរទស្សន៍​ជាតិ​ ទូរទស្សន៍​ គឺ​ផ្តល់​ពេលវេលាដល់​ខ្មែរ​ឥស្លាម​យ៉ាង​ហោច​ឲ្យ​បាន​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ផ្សព្វផ្សាយ​កិច្ចការ​សាសនា​ និង​កិច្ច​ការ​ទូទៅ​របស់​ខ្មែរ​ឥស្លាម»។ ​

លោក​ សម រង្ស៊ី ​ក៏​បានសន្យា​ឱ្យ​មានការ​បើក​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​សាងសង់​ម៉ាស្ជិទ ហៅ​ម្យ៉ាង​ទៀត​ថា ​ព្រះវិហារ ​និង​ការ​សង់​សាលារៀន​សាសនា​ ក៏ដូចជា​ការ​អនុញ្ញាត​ឲ្យ​សិស្ស​ស្រី​អាច​ស្លៀក​ពាក់តាម​ទំនៀម​ទម្លាប់​សាសនា​ដើម្បី​ចូល​សាលារៀន​និង​ចូលរួម​ក្នុង​ពិធី​ផ្សេងៗ​ ហើយ​នឹង​ការ​បើក​ទូលាយ​សេរីភាព​ប្រតិបត្តិ​សាសនា​ និង​ការ​ទំនាក់​ទំនង​ជាមួយ​សាសនិក​ឥស្លាម​ក្រៅ​ប្រទេស​ ព្រម​ទាំង​បន្ត​ជំរុញ​ឲ្យ​មាន​ការ​បញ្ជូន​និស្សិត​ខ្មែរ​ឥស្លាម​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​កាន់តែ​ច្រើន។​

តាមរយៈ​ការ​សន្យា​ផ្នែក​នយោបាយ​នេះ​ដែរ​ លោក​សម រង្សី​មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ក្នុង​រដ្ឋសភា​ ថា​លោក​នឹង​រៀប​ចំ​ឲ្យ​គ្រូបង្រៀន​សាសនា​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ពី​រដ្ឋាភិបាល​ និង​ជំរុញ​ឲ្យ​មាន​ការសាងសង់​កន្លែង​ថ្វាយ​បង្គំ​ (ស៊ូរ៉ាវ) ​នៅ​តាម​ទី​សាធារណៈ ​សាកលវិទ្យាល័យ​ មន្ទីរពេទ្យ​ សណ្ឋាគារ​ និង​នៅ​តាម​ផ្សារ​នានា​ផង​ដែរ។

នៅ​ក្នុង​វិស័យ​ការងារ​មេ​បក្ស​ជំទាស់​រូប​នេះ​ដែល​ធ្លាប់​ជារដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ថ្លែងថា​ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​លោក​ នឹង​អនុញ្ញាត​ឲ្យ​ខ្មែរ​ឥស្លាម​ដែល​ធ្វើ​ការ​នៅ​គ្រប់​ស្ថាប័ន​ ទាំង​អស់​ ទាំង​ស្ថាប័ន​រដ្ឋ​ និង​ស្ថាប័ន​ឯក​ជន​មាន​សិទ្ធិ​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​បី​ថ្ងៃ​នៅ​ថ្ងៃ​ បុណ្យ​រ៉យ៉ា​ស្រាយ​បួស​ និង​បី​ថ្ងៃ​នៅ​បុណ្យ​រ៉យ៉ាហាជ្ជី។​

ចំពោះ​វិស័យ​ការទូត​លោក​ថ្លែង​ថា ​រដ្ឋាភិបាល​របស់​លោក​នឹងពង្រីក​ស្ថានទូត​កម្ពុជា​នៅ​តាម​បណ្តា​ប្រទេស​ឥស្លាម​ជា​មិត្ត ​និង​ផ្តល់​ឱកាស​ឲ្យ​ខ្មែរ​ឥស្លាម​ណា​ដែល​មាន​សមត្ថភាព​ធ្វើការ​នៅ​តាម​ស្ថានទូត​ទាំងនោះ។​ ​

លោក​សម រង្ស៊ី​ថា​ លោក​នឹង​អនុញ្ញាត​ឲ្យ​ស្រ្តី​ខ្មែរ​ឥស្លាម​គ្រប​ក្បាល​តាម​ទំនៀម​ទម្លាប់​សាសនា​ឥស្លាម​នៅ​ពេល​ថត​រូប​ធ្វើ​ឯកសារ​ផ្លូវ​ការ​ផ្សេងៗ​ដូច​ជាលិខិត​ឆ្លង​ដែន​ អត្តសញ្ញាណបណ្ណ​ ឬ​ប្រវត្តិរូប​ធ្វើ​ការងារ។

«រដ្ឋាភិបាល​ថ្មី​ត្រូវ​អនុញ្ញាត​ឲ្យ​ស្រ្តី​ខ្មែរ​ឥស្លាម​គឺ​គ្រប​ក្បាល​តាម​ទំនៀម​ទម្លាប់​សាសនា​ឥស្លាម​នៅ​ពេល​ថត​រូប​ធ្វើ​ឯកសារ​ផ្លូវការ​ ដូច​ជា​លិខិត​ឆ្លង​ដែន​ អត្តសញ្ញាណបណ្ណ​ ឬ​ប្រវត្តិរូប​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង​ទាំង​អស់»។​ ​

ទោះ​ជា​មាន​ការ​សន្យា​ហូរហែ​បែប​នេះ​ពី​សំណាក់​មេ​បក្ស​ប្រឆាំង​រូប​នេះ​យ៉ាងណាក៏ដោយ​ លោក​កែម ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​បាន​ ប្រាប់​ VOA ​ថា​ ការ​សន្យា​របស់​បក្ស​ប្រឆាំង​ក្នុង​ពេល​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​នៅឡើយ​ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ។​

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ​គាត់​ឈ្នះ​។​ គាត់​អាចធ្វើ​បាន​ដូច​ជា​គាត់ថា​ផ្តល់​ឲ្យ​គ្រូ​ឥស្លាម​ហ្នឹង​ជា​គ្រូ​ដែល​មាន​ប្រាក់​ខែ​ ឬមួយ​ក៏​បើក​បរិយាកាស​ល្អ​បន្ថែម​ទៀត​ដល់​ជន​ជាតិ​ឥស្លាម។​ ប៉ុន្តែ​ពេល​ខ្លះ​នយោបាយ​អត់​បានសិក្សា​វិភាគស៊ី​ជម្រៅ​ថា​អាច​ធ្វើ​បាន​ឬមិន​បាន​ទេ​។ ភាគ​ច្រើន​គាត់​សន្យ​ហួស​ ហួស​ហេតុ។ អ្នកនយោបាយ​យើង​វប្បធម៌​ហើយ​ដែល​ចូល​ចិត្ត​បោក​ប្រាស់​ភូតភរប្រជា​ពលរដ្ឋ​ អត់​មាន​វិភាគ​អ្វី​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់ ​ភាគច្រើន​ដែល​យើង​ឃើញ។ ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​ថា​ធ្វើ​បាន​ទាំង​ស្រុង​ទេ​ ប៉ុន្តែ​សុឆន្ទៈ​ដែល​ឮ​ ភាគច្រើន​អាច​ធ្វើ​បាន។ ប៉ុន្តែ​លក្ខណៈ​បច្ចេកទេស​យើង​ត្រូវ​ការ​ពេល​វេលា​ទៀត»​។

ពិធី​បុណ្យ​រ៉ាមាដាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​មាន​រយៈពេល​មួយ​ខែ។​ នៅ​ក្នុងឆ្នាំ​នេះ​ពិធី​បុណ្យ​តមការ​ទទួល​ទាន​អាហារ​គ្រប់​ប្រភេទ​តាំង​ពី​ពេល​ព្រះអាទិត្យ​រះ​រហូត​ដល់​ព្រះ​អាទិត្យ​លេច​នេះ​ បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃ​១៨មិថុនា​កន្លង​ទៅ​នេះ។​ ពិធី​បុណ្យ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨​ខែ​កក្កដា​ខាង​មុខ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG