ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន៖ ស្រ្តី​ម៉ូស្លីម​កម្ពុជា​មួយ​ចំនួន​ប្រឈម​នឹង​ការ​បាត់​សិទ្ធិ​បោះឆ្នោត

  • ម៉ែន គឹមសេង

ស្ត្រី​ខ្មែរ​អ៊ីស្លាម​នៅ​​ស្រុក​មុខកំពូល​ ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥។

ស្រ្តី​កាន់​សាសនា​អ៊ីស្លាម​រាប់​ពាន់​នាក់​អាច​នឹង​បាត់​បង់​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​និង​មូលដ្ឋាន​ក្នុង​ពេល​ខាង​មុខ​ដោយ​សារ​តែ​ការ​គោរព​ប្រតិបត្តិ​សាសនា​និង​តម្រូវ​ការ​ថ្មី​របស់​ស្ថាប័ន​បោះឆ្នោត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សកម្មជន​សិទ្ធិ​របស់​ខ្មែរ​អ៊ីស្លាម។​

លោក ​ហ៊ីម ខទៀត ​សមាជិក​នៃ​គណៈកម្មាធិការ​ដឹកនាំ​របស់​សមាគម​អតីត​និស្សិត​ខ្មែរ​អ៊ីស្លាម​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​សាសនា​អ៊ីស្លាម​បាន​ហាម​ឃាត់​ស្ត្រី​មិន​ឱ្យ​ដោះក្រម៉ា​ឬស្បៃ​គ្របក្បាល​នៅ​ទី​សាធារណៈ​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ស្រ្តី​មួយចំនួន​មិន​ព្រម​ទៅធ្វើ​អត្តសញ្ញាណបណ្ណ​ទេ​ដោយ​សារ​តែ​ការ​ថត​រូប​ធ្វើ​អត្តសញ្ញាណបណ្ណ​តម្រូវ​ឱ្យ​ពួកគេ​មិន​ត្រូវ​មាន​អ្វី​គ្រប​សក់​ទេ។ រីឯ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​បាន​តម្រូវ​ឱ្យ​អ្នក​បោះឆ្នោត​ត្រូវ​តែ មាន​អត្តសញ្ញាណបណ្ណ​ពលរដ្ឋ​ខ្មែរ​និង​លិខិត​ឆ្លង​ដែន​ដើម្បី​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន។

លោក​ហ៊ីម ខទៀត ​បន្ថែម​ថា៖​ «បញ្ហា​នេះ​ហើយ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​គាត់​ដែល​មួយ​ភាគ​ធំ​នៃ​បងប្អូន​សាសនិក​អ៊ីស្លាម​កម្ពុជា​យើង​ជាស្រ្តី​គឺ​ពុំ​ទាន់​បានថត​រូបថត​ធ្វើ​អត្តសញ្ញាណបណ្ណ​និង​លិខិត​ឆ្លង​ដែន​ទៅតាម​លក្ខខណ្ឌ​ទាមទារ​ចង់​បាន​របស់​គ.ជ.ប​ទេ‍។ ដូច្នេះ​ហើយ​ពួកគាត់​សម្តែង​និង​ទាម​ទារ​យ៉ាង​ទទូច​ទៅដល់​ប្រមុខ​រាជរដ្ឋាភិបាល​សូម​ឱ្យ​មាន​ការ​អនុញ្ញាត​សិទ្ធិ​ជូន​ពួកគាត់​ក្នុង​ការ​ទទូរ​ក្រម៉ា​ឬ​កន្សែង​នេះ‍»។

លោក​ហ៊ីម ខទៀត​ បន្ថែម​ថា​បញ្ហា​នេះ​បាន​នឹង​កំពុង​បង្ក​ការប្រឈម​សម្រាប់​ពួកគាត់​ធំឡើងៗដោយ​រាលដាល​ទៅលើ​បញ្ហា​ដទៃ​ទៀត​ផងដែរ៖​ «​គាត់​ក៏​ជួ​បបញ្ហា​លំបាក​ផ្សេងៗ​ទៀត​ដែល​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​តម្រូវ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​អត្តសញ្ញាណបណ្ណ​ដូច​ជា​ការ​រៀបអាពាហ៍​ពិពាហ៍​ ការ​ធ្វើ​ប្លង់​ដី​ ប្លង់​ផ្ទះ​ឬក៏​ការ​ធ្វើ​ជំនួញ​អាជីវកម្ម​ផ្សេងៗ​គឺ ពួកគាត់​មាន​ការ​លំបាក‍​ច្រើន​មែនទែន»។​

លោក​ហង្ស ពុទ្ធា ​សមាជិក​គ.ជ.ប​និង​ជា​អ្នក​នាំ​ពាក្យ​បាន​បញ្ជាក់​ថា​ស្ថាប័ន​គ.ជ.ប​ប្រឹងប្រែង​អនុវត្ត​តាម​ច្បាប់​ហើយ​ការ​មិន​ទៅ​បោះឆ្នោត​ដោយ​សារ​តែ​គ្មាន​ឯកសារ​គឺជា​សិទ្ធិ​របស់​សាម៉ី​ខ្លួន​ផ្ទាល់។

«សិទ្ធិ​ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋ​ឬក៏​គ.ជ.ប​ហើយ​ប៉ុន្តែ នៅ ពេល​ដែល​អត់​ព្រម​ទៅ​ធ្វើ​អត្តសញ្ញាណបណ្ណ​ខ្ញុំគិត​ថា​នេះ​គឺ​ជា​ការ​បាត់​បង់​សិទ្ធិ​របស់​ខ្លួនឯង​។ បញ្ហា​ប្រពៃណី​និង​អ្វី​ផ្សេង​ទៀត​គឺ​សាម៉ី​ខ្លួន​ជាអ្នក​ទទួលខុសត្រូវ​ខ្លួន​ឯង​។ បើ​សិន​ជា​សាម៉ីខ្លួន​សម្រេច​ចិត្ត​ថា​ចង់​បោះឆ្នោត​គឺ​ត្រូវ​តែ​មាន​ការ​លះបង់​ដូច​ជា​ត្រូវ​ការ​ទៅថត​រូប​ដើម្បី ធ្វើ​អត្តសញ្ញាណបណ្ណ‍»។​

ប្រទេស​កម្ពុជា​នឹង​រៀបចំ ​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នៅ ក្នុង​ឆ្នាំ​២០១៧និង​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨។​

ក្នុង​ខណៈ​ពេល​នេះ​ដែរ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​បើ​សិន​ជា​គណបក្ស​របស់​លោក​ជាប់​ឆ្នោត​លោក​នឹង​បន្ធូរបន្ថយ​នីតិវិធី​នៃ​ការ​ថត​រូប​ធ្វើ​អត្តសញ្ញាណបណ្ណ​និង​លិខិត​ឆ្លង​ដែន​នេះ។ លោក​ក៏​បាន​សន្យា​ថា​នឹង​ផ្តល់​ម៉ោង​ផ្សាយ​តាម​ទូរទស្សន៍​ឱ្យ​ពួកគេ​ផ្សព្វផ្សាយ​ពី​សាសនា​ផង​ដែរ។

អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រហែល​១,៦​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ទាំងអស់​ឬ​មានចំនួន​ប្រហែល​២៣៦.០០០​នាក់៕

XS
SM
MD
LG