ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជជែក​ដេញដោល​លើក​ទី ៦ របស់​ក្រុម​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ធ្វើ​ឡើង​នៅ​រដ្ឋ California


បដាអំពីការ​ជជែក​ដេញដោល​លើក​ទី ៦ របស់​ក្រុម​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យនៅ​រដ្ឋ California។

ក្រៅ​ពី​ការ​ប្រឡង​ឆ​មាស​ដែល​និស្សិត​នៃ​សាកល​វិទ្យាល័យ Loyola Marymount ក្នុង​ទីក្រុង Los Angeles រដ្ឋ Californiaកំពុង​តែ​គិត​នោះ នៅ​មាន​រឿង​មួយ​ទៀត​ដែល​ពួកគេ​ចាប់​អារម្មណ៍​ផង​ដែរ ដែល​នោះ​គឺ​ការ​ជជែក​ដេញដោល​ដែល​មាន​ការ​ចាក់​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​របស់​ក្រុម​បេក្ខជន​ដែល​ប្រជែង​ដើម្បី​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សាកល​វិទ្យាល័យ​នេះ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

នាង Havana Campo និស្សិត​ផ្នែក​ជីវៈគីមីវិទ្យា​នៃ​សាកល​វិទ្យាល័យ Loyola Marymount មក​ពី​រដ្ឋ Texas បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា ការ​ជជែក​ដេញដោល​នេះ​នឹង​ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ​នេះ គំនិត​ដំបូង​របស់​ខ្ញុំ​គឺ​ត្រូវ​ប្ដូរ​ថ្ងៃ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ចូល​ស្ដាប់​ការ​ជជែក​ដេញដោល​នេះ​បាន»។

លោក Peter Martin និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ Loyola Marymountមក​ពី​រដ្ឋ California និយាយ​ថា៖ «ខ្ញុំ​រំភើប​ណាស់។ ខ្ញុំ​គិត​ថា វា​ល្អ​ណាស់​សម្រាប់​សាកល​វិទ្យាល័យ​នេះ​ក្នុង​ការ​ធ្វើ​ជា​អ្នក​រៀបចំ​ការ​ជជែក​ដេញដោល​នេះ»។

រដ្ឋ California ដែល​មាន​ប្រតិភូ​តំណាង​ចំនួន ៤៩៥ នាក់ កំពុង​ប្រជែង​គ្នា​នេះ នឹង​ដើរ​តួនាទី​ធំ​ជាង​មុន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​ក្រោយ ជា​ពិសេស​បន្ទាប់ពី​បាន​ពន្លឿន​ការ​បោះ​ឆ្នោត​បឋម​របស់​ខ្លួន​ចំនួន ៣ ខែ លឿន​ជាង​កាល​ពី​ឆ្នាំ ២០១៦ ដែល​ការ​បោះ​ឆ្នោត​បឋម​បាន​ធ្វើ​ឡើង​នៅ​ខែ​មិថុនា​។ នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ជ្រើសរើស​យក​ទីក្រុង Los Angeles ជា​កន្លែង​ជជែក​ដេញដោល​លើក​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក Michael Genovese ប្រធាន​វិទ្យាស្ថាន​គោល​នយោបាយ​សាកលលោក​នៃ​សាកល​វិទ្យាល័យ Loyola Marymountនិយាយ​ថា៖ «ការ​ជជែក​ដេញដោល​នៅ​រដ្ឋ California លើក​នេះ​គឺ​ត្រូវ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​នេះ​ជាង​កាល​ពី​លើក​មុនៗ ដោយសារតែ​ក្នុង​ករណី​ភាគ​ច្រើន យើង​នឹង​ដឹង​ថា​បេក្ខជន​មួយ​ណា​ដែល​នឹង​ត្រូវ​គេ​តែងតាំង​ឲ្យ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​ពេល​ដែល​បេក្ខជន​នោះ​មក​ធ្វើ​ការ​ជជែក​ដេញដោល​នៅ​រដ្ឋ California ហើយ​យើង​គ្រាន់តែ​សម្រេច​ចុង​ក្រោយ​លើ​អ្វី​ដែល​គេ​បាន​សម្រេច​រួច​មក​ហើយ​តែ​ប៉ុណ្ណោះ។ រឿង​នេះ​វា​ហាក់​ដូចជា​ទៅ​ជា​ទម្លាប់​រួច​ទៅ​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​រដ្ឋ California។ ហើយ​ឥឡូវ​នេះ រដ្ឋ California នឹង​ក្លាយ​ជា​រដ្ឋ​ដ៏​សំខាន់ និង​មាន​ឥទ្ធិពល​ខ្លាំង​ណាស់»។

អ្នក​បោះ​ឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ California ដែល​ជា​រដ្ឋ​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​យ៉ាង​រឹងមាំ នឹង​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​ទី ៣ ខែ​មិនា​ខាង​មុខ​នេះ ដែល​គេ​ហៅ​ថា Super Tuesday។ នៅ​ថ្ងៃ Super Tuesday នេះ រដ្ឋ​ផ្សេងៗ​ទៀត​ភាគ​ច្រើន​ក៏​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​បឋម​ផង​ដែរ។ មូលហេតុ​មួយ​ទៀត​ដែល​បេក្ខជន​ទាំង​នេះ​មក​ជជែក​ដេញដោល​នៅ​រដ្ឋ California គឺ​ដោយសារ​ស្វះស្វែង​រក​ថវិកា។

លោក Michael Genovese បញ្ជាក់​ថា៖ «ទីក្រុង Los Angeles ជា​កន្លែង​ដែល​បេក្ខជន​នីមួយៗ​មក​ស្វះស្វែង​រៃ​អង្គាស​ថវិកា មិន​មែន​មក​ធ្វើ​យុទ្ធនាការ​ឃោសនា​ប៉ុន្មាន​ទេ។ មាន​អ្នក​ឧបត្ថម្ភ​ថវិកា​មក​ពី​ប្រភព​ជា​ច្រើន ដូចជា​តំបន់ Hollywood និង​សហគមន៍​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ជា​ដើម»។

លោក Joe Biden លោក Bernie Sanders អ្នកស្រី Elizabeth Warren និង​លោក Pete Buttigieg នៅតែ​ជា​បេក្ខជន​នាំ​មុខ​ទាំង ៤ រូប​ដដែល។ ប៉ុន្តែ​អ្នក​វិភាគ​នានា​និយាយ​ថា គេ​គួរតែ​តាមដាន​មើល​បេក្ខជន​ម្នាក់​ទៀត​គឺ​លោក​សហគ្រិន Andrew Yang ផង​ដែរ ដែល​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ទាំង​ប្រផឹតប្រផើយ​សម្រាប់​បាន​ចូលរួម​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​នេះ។

លោក Andrew Yang ប្រហែល​ជា​នឹង​មិន​អាច​ក្លាយជា​បេក្ខជន​នាំ​មុខ​គេ​ទេ​នៅ​លើក​នេះ​ទេ ប៉ុន្តែ​លោក Michael Genovese បញ្ជាក់​ថា៖ «លោក Yang បាន​ធ្វើ​ឲ្យ​ខ្លួន​លោក​ក្លាយជា​បេក្ខជន​ចម្បង​ម្នាក់។ ដូច្នេះ​ចំណុច​សំខាន់​គឺ​មិន​មែន​ស្ថិត​នៅ​លើ​អ្វី​ដែល​លោក Yang នឹង​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​ទេ គឺ​វា​នៅ​លើ​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។ អ្នក​អាច​ឃើញ​លោក​ស្ថិត​នៅ​ក្នុង​ក្រុម​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​លោក​បាន​ធ្វើ​ឲ្យ​ខ្លួន​លោក​ក្លាយជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពល និង​ធ្វើ​ឲ្យ​ឥទ្ធិពល​នេះ​កាន់តែ​ខ្លាំងក្លា​ឡើង​នៅ​ពេល​អនាគត»។

និស្សិត​សាកល​វិទ្យាល័យ Loyola Marymount ភាគ​ច្រើន ដែល​តាមដាន​ការ​ជជែក​ដេញដោល​នេះ​គឺ​ផ្ដោត​លើ​សមាជិក​ព្រឹទ្ធសភា​លោក Bernie Sanders និង​សមាជិក​ព្រឹទ្ធសភា​អ្នកស្រី Elizabeth Warren។ ប្រធានបទ​ដែល​ពួកគេ​ចាប់​អារម្មណ៍​គឺ​មាន​ភាព​ចម្រុះ​ដូចជា​ប្រវត្តិ​ចម្រុះ​របស់​និស្សិត​ទាំង​នេះ​ដែរ។

នាង Havana Campo និយាយ​ថា៖ «ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ប្រធានបទ​ចំនួន ៣ សម្រាប់​ការ​បោះ​ឆ្នោត​លើក​នេះ ដែល​នោះ​គឺ​ការ​ប្រែប្រួល​អាកាសធាតុ ការ​ថែ​រក្សា​សុខភាព និង​ការ​កែ​ទម្រង់​អន្តោ​ប្រវេសន៍»។

ចំណែក​ឯ​លោក Peter Martin ដែល​ជា​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​វិញ និយាយ​ថា៖ «រឿង​មួយ​ដែល​ខ្ញុំ​គិត​ថា ខ្ញុំ​មិន​ទាន់​បាន​ឮ​គ្រប់គ្រាន់​ពី​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ការ​លើក​ឡើង​ពី​សន្តិសុខ​នៃ​ការ​បោះ​ឆ្នោត និង​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត ដោយសារតែ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ គេ​ឃើញ​មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន​អំពី​ការ​កំណត់​ផែនទី​មណ្ឌល​បោះ​ឆ្នោត​សភា​ដើម្បី​ប្រយោជន៍​គណបក្ស ការ​ដក​សិទ្ធិ​អ្នក​បោះ​ឆ្នោត​តាម​រយៈ​ច្បាប់​អត្តសញ្ញាណ​អ្នក​បោះ​ឆ្នោត និង​រឿង​ដូច​នេះ​ផ្សេងៗ​ទៀត»។

នាង Gabriella Jeakle និស្សិត​អក្សរសាស្ត្រ​អង់គ្លេស​នៃ​សាកល​វិទ្យាល័យ Loyola Marymountដែល​មកពី​រដ្ឋ Washington ចង់​ឲ្យ​បេក្ខជន​នីមួយៗ​និយាយ​អំពី​បញ្ហា​ដែល​និស្សិត​ភាគ​ច្រើន​ព្រួយ​បារម្ភ។

នាង​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​ចាប់ផ្ដើម​ឮ​ច្រើន​អំពី​បញ្ហា​បំណុល​របស់​និស្សិត។ បញ្ហា​ដែល​ប៉ះពាល់​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង​គឺ​សំខាន់​ខ្លាំង​ណាស់»។

អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​វ័យ​ក្មេង និង​វ័យ​ចំណាស់​នៅ​ក្នុង​រដ្ឋ California និង​រដ្ឋ ១៣ ផ្សេង​ទៀត នឹង​ទៅ​បោះ​ឆ្នោត​បឋម​នៅ​ថ្ងៃ Super Tuesday ខាង​មុខ​នេះ។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​អាច​កំណត់​រក​អ្នក​ដែល​អាច​ប្រជែង​ជាមួយ​នឹង​លោក​ប្រធានាធិបតី Donald Trump បាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG