លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) មេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសភូមា មានប្រសាសន៍ថា លោកស្រីបានជួបប្រជុំជាលើកដំបូងប្រកបដោយភាពវិជ្ជមានជាមួយលោកប្រធានាធិបតី ថេន សេន (Thein Sein) កាលពីសប្តាហ៍មុន។ កិច្ចប្រជុំនេះជាការផ្តួចផ្តើមគំនិតមួយក្នុងចំណោមការផ្តួចផ្តើមគំនិតមួយចំនួន ដែលរដ្ឋាភិបាលភូមាកំពុងអនុវត្តដើម្បីធ្វើទំនាក់ទំនងជាមួយក្រុមអ្នករិះគន់របស់ខ្លួន។ ខណៈដែលសហគមន៍អន្តរជាតិបានស្វាគមន៍ការទាក់ទងនេះ នៅមានការមន្ទិលសង្ស័យថាតើរដ្ឋាភិបាលនឹងធ្វើសកម្មភាពដ៏មានសារៈសំខាន់បន្តពីទៀតឬដូចម្តេច។
លោកស្រី អ៊ោង សានស៊ូជី បានជួបជាមួយក្រុមអ្នកគាំទ្រនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬហៅជាភាសាអង់គ្លេសថា National League for Democracy ដើម្បីពិភាក្សាអំពីកិច្ចសន្ទនារបស់លោកស្រីជាមួយក្រុមមន្ត្រីនៅឯរដ្ឋធានី ណាយពីយីដរ (Naypyidaw)។
ខណៈដែលលោកស្រី ស៊ូជី បានចេញផ្សាយព័ត៌មានលម្អិតសំខាន់ៗតែបន្តិចបន្តួចស្តីពីកិច្ចសន្ទនារបស់លោកស្រី លោកស្រីបាននិយាយថាការជួបប្រជុំជាមួយលោកប្រធានាធិបតីគឺជាឪកាសសម្រាប់ទាំងសងខាងដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋភូមា ដោយទុកការខ្វែងគំនិតគ្នាមួយឡែកសិន។
លោកស្រីបានថ្លែងទៀតថា ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយភាពវិជ្ជមាន ដែលមានភាពស្មោះត្រង់និងឥតលាក់លៀម។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៅប្រទេសភូមាបានឲ្យដឹងថា ភាគីទាំងពីរបានព្យាយាមស្វែងរកមូលដ្ឋានរួមមួយសម្រាប់ធ្វើសហការ។
ប៉ុន្តែក្រុមគាំពារមតិខាងសិទ្ធិមនុស្សនៅក្នុងប្រទេសថៃនៅតែមានភាពមន្ទិលសង្ស័យ។ លោក បូ ជី (Bo Kyi) លេខាធិការរួមរបស់ក្រុមគាំពារមតិអ្នកទោស ដែលមានឈ្មោះថា សមាគមជួយឧបត្ថមអ្នកទោសនយោបាយនៅភូមា (Assistance Association for Political Prisoners Burma) ថ្លែងថា សញ្ញាដ៏សំខាន់សម្រាប់ភាពជឿនលឿនទៅមុខនោះគឺការដោះលែងជនដែលក្រុមសិទ្ធិមនុស្សបានប៉ាន់ស្មានថាជាអ្នកទោសនយោបាយចំនួន២ពាន់នាក់។
«គ្រាន់តែប្រជុំមួយមុខមិនទាន់គ្រប់គ្រាន់ទេ។ ខ្ញុំមិនទាន់ឃើញមានសញ្ញាណាមួយស្តីពីការដោះលែងអ្នកទោសនយោបាយទាំងអស់ទេ។ ហើយការរំលោភសិទ្ធិមនុស្សនៅតែមានភាពរាលដាលដដែល។ ហើយជាការពិតណាស់ ការរំលោភសិទ្ធិមនុស្សកើតមានពាសពេញផ្ទៃប្រទេសភូមា»។
ក្រុមអ្នកវិភាគនិយាយថា កិច្ចសន្ទនានេះកំណត់ឲ្យឃើញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្សះផ្សាវាងក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សានស៊ូជី និងរដ្ឋាភិបាលដែលគាំទ្រដោយកងយោធា។ រដ្ឋាភិបាលថ្មី ដែលមានតែឈ្មោះថាជារដ្ឋាភិបាលស៊ីវិល ត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោត កាលពីឆ្នាំមុន ដែលប្រទេសនៅខាងក្រៅបានពណ៌នាថាជារឿងក្លែងក្លាយ ដែលមានគោលបំណងដើម្បីរក្សាក្រុមយោធាឲ្យនៅកាន់អំណាចដដែល។
អ្នកស្រី ដេប៊ី ស្តូហាឌ (Debbie Stohard) អ្នកនាំពាក្យរបស់ក្រុមសិទ្ធិមនុស្សឈ្មោះ បណ្តាញឆ្លាស់គ្នារបស់អាស៊ាន (Alternative ASEAN Network) ថ្លែងថា រដ្ឋាភិបាលសង្ឃឹមថានឹងទទួលបានការគាំទ្រពីអន្តរជាតិក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើជាអ្នកទទួលភ្ញៀវក្នុងកិច្ចប្រជុំរបស់ប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Association of South East Asian Nations) នៅឆ្នាំ២០១៤ និងដើម្បីបន្ធូរបន្ថយទណ្ឌកម្មទៅលើប្រវតិ្តសិទ្ធិមនុស្សរបស់ខ្លួន។
«របបនេះកំពុងព្យាយាមខំបញ្ចេញស្នេហ៍មុខយ៉ាងសកម្ម ដោយសារតែពួកគេចង់រារាំងអង្គការសហប្រជាជាតិមិនឲ្យចាប់ផ្តើមរៀបចំគណៈកម្មការមួយស្តីពីឧក្រិដ្ឋកម្មសង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅភូមា។ ពួកគេចង់ធានាឲ្យបានទទួលដំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១៤ ហើយពួកគេកំពុងខំធ្វើការយ៉ាងខ្លាំងដើម្បីដកទណ្ឌកម្មសេដ្ឋកិច្ចចេញ»។
សមាជិកអាស៊ានបានជំរុញឲ្យសហរដ្ឋអាមេរិកនិងអឺរ៉ុបដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីភូមា ដោយនិយាយថាប្រទេសនេះធ្វើឲ្យមានភាពរីកចម្រើនខាងកំណែទម្រង់នយោបាយក្នុងអំឡុងឆ្នាំកន្លងទៅ។
ផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីវាយតម្លៃពីការរីកចម្រើនរបស់រដ្ឋាភិបាលថ្មីស្តីពីកំណែទម្រង់នយោបាយនិងបញ្ហាសិទ្ធិមនុស្ស កំពុងកើតមានឡើងនៅក្នុងសប្តាហ៍នេះ ដោយមានដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់ លោក ថូម៉ាស់ អូចេ គ្វីនតាណា (Tomas Ojea Quintana) បេសកជនសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ នេះជាលើកដំបូងក្នុងរយៈពេល១៨ខែ ដែលរដ្ឋាភិបាលផ្តល់ការអនុញ្ញាតឲ្យលោកទៅធ្វើទស្សនកិច្ច។
លោកគ្រោងនឹងជួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាល ព្រមទាំងលោកស្រី អ៊ោង សានស៊ូជី ផងដែរ។
លោក បូ ជី អ្នកគាំពារមតិដើម្បីសិទ្ធិអ្នកទោស មានប្រសាសន៍ថា លោក គ្វីនតាណា គួរតែអំពាវនាវឲ្យមានការផ្លាស់ប្តូរមួយចំនួនដើម្បីធ្វើឲ្យសភាពការណ៍សិទ្ធិមនុស្សបានប្រសើរឡើងនៅភូមា ដោយរាប់ទាំងប្រព័ន្ធតុលាការឯករាជ្យជាដើម។
«គេពិបាកនឹងមើលឃើញថាមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងដំណើរទស្សនកិច្ចរបស់លោក គ្វីនតាណាលើកនេះ។ អ្វីដែលលោកអាចធ្វើបានគឺ ស្នើសុំទៅរបបយោធាភូមាឲ្យធ្វើកិច្ចការអ្វីមួយ។ ប្រសិនបើរដ្ឋាភិបាលភូមាអនុវត្តតាមអនុសាសន៍របស់លោក យើងនឹងអាចមើលឃើញរឿងវិជ្ជមានខ្លះៗ ជាពិសេសលោក គ្វីនតាណា នឹងធ្វើការស្នើសុំឲ្យរបបភូមាដោះលែងអ្នកទោសនយោបាយទាំងអស់ដើម្បីផ្លាស់ប្តូរប្រព័ន្ធតុលាការ ដោយសារតែគ្មានប្រព័ន្ធតុលាការឯករាជ្យនៅភូមាទេ»។
លោក គ្វីនតាណា ត្រូវបានរំពឹងថា នឹងធ្វើការកត់សំគាល់បឋមរបស់លោកនៅឯសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងរ៉ង់ហ្គោន (Rangoon)៕
ប្រែសម្រួលដោយ លី សុខឃាង