យោធារបស់ភូមា កំពុងខិតខំប្រឹងប្រែងធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិរដ្ឋឲ្យទៅជាផ្នែកមួយនៃការធ្វើកំណែទម្រង់សេដ្ឋកិច្ច។ តែពួកអ្នករឹះគន់ជាច្រើននិយាយថា កម្មវិធីគ្រាន់តែផ្ទេរទ្រព្យសម្បត្តិទៅឲ្យសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលយោធា និងបន្តការត្រួតត្រាសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះ។
ភូមាជាប្រទេសក្រីក្របំផុតមួយក្នុងទ្វីបអាស៊ី ហើយរដ្ឋាភិបាលយោធាគ្រប់គ្រងសេដ្ឋកិច្ច។ ក៏ប៉ុន្តែ រដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់សេដ្ឋកិច្ចឲ្យជឿនលឿនទៅមុខ ដោយធ្វើការលក់ទ្រព្យសម្បត្តិរដ្ឋរហូតដល់៩០ភាគរយ។
ក្នុងខណៈពេលដែលសេចក្តីលម្អិតនៅជាសេចក្តីព្រាងនៅឡើយ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុង រ៉ង់ហ្គូន (Rangoon) ឲ្យដឹងថា ទ្រព្យសម្បត្តិដែលគ្រប់គ្រងដោយរដ្ឋជាង៤០០រួមមានអាកាសយានដ្ឋាន អគារ ស្ថានីយ៍ប្រេងឥន្ធនៈ និងដីជិតកំពង់ផែសំខាន់មួយបានត្រូវលក់។
លោក ដាកហ្ក្លាស ក្លាយតុន (Douglas Clayton) ជានាយករៀបចំចាត់ចែងនៃក្រុមហ៊ុនថវិកាបណ្តាក់ទុន LeopardCapital ដែលមានទីតាំងក្នុងប្រទេសកម្ពុជា។ លោកនិយាយថា ឯកជនភាវូនីយកម្មជាជំហានមួយឆ្ពោះទៅកាន់ប្រសិទ្ធិភាព។ លោក ក្លាយតុនមានប្រសាសន៍ថា៖
«ការដាក់សេដ្ឋកិច្ចឲ្យមានលក្ខណៈឯកជនទំនងជានាំឲ្យមានការគ្រប់គ្រងសេដ្ឋកិច្ចកាន់តែប្រសើរឡើង។ វាជាជំហានមួយឆ្ពោះទៅរកទំនើបភាវូនីយកម្មប្រទេសភូមា ហើយទោះបីជាយ៉ាងណាក៏ដោយ ក៏លទ្ធផលទំនងជាមិនអាក្រក់ជាងនៅពេលឥឡូវនេះទេ ហើយវាអាចកាន់តែល្អប្រសើរឡើង។ នឹងមានអ្នកទទួលផលប្រយោជន៍ពីសេដ្ឋកិច្ចសេរីដូច្នេះ វានឹងមានសន្ទុះកាន់តែខ្លាំងឡើងសម្រាប់ការធ្វើកំណែទម្រង់បន្ថែមទៀត»។
ក៏ប៉ុន្តែ អ្នកជំនាញការភូមាខ្លះ និយាយថា ឯកជនភាវូនីយកម្មជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកយោធាដើម្បីរក្សាការកាន់អំណាចរបស់ខ្លួន។ពួកគេ និយាយថា ទ្រព្យសម្បត្តិជាច្រើនបានធ្លាក់ទៅលើពាណិជ្ជករដែលមានចំណងទាក់ទងជាមួយពួកយោធា ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធ្វើឲ្យការគាំទ្រមុនពេលបោះឆ្នោតកាលពីឆ្នាំទៅ។
គណបក្សនានាដែលជិតស្និទ្ធនឹងពួកយោធាឈ្នះបានទទួលអាសនៈប្រហែល៨០ភាគរយនៅក្នុងការបោះឆ្នោតខែវិច្ឆិកាដែលជាការបោះឆ្នោតលើកទី១ក្នុងរយៈពេល២០ឆ្នាំ។ រដ្ឋធម្មនុញ្ញបានទុកដោយឡែកនូវអាសនៈចំនួន២៥ភាគរយនៃអាសនៈទាំងអស់សម្រាប់ពួកយោធា។
លោកស្រី អាលីសុន វីការី (Alison Vicary) ជាសេដ្ឋវិទូពីសកលវិទ្យាល័យ ម៉ាក្វារី (Macquarie) នៃប្រទេសអូស្រ្តាលី។ លោកស្រីមានប្រសាសន៍ថា៖
«ការលក់ទ្រព្យសម្បត្តិទាំងមូលនេះដែលពួកគេបានធ្វើមុនការបោះឆ្នោតគឺដើម្បីឲ្យបានទទួលការគាំទ្រពីពួកសហគ្រិនធំៗខ្លះ។ ឧទាហរណ៍ អាកាសយានដ្ឋាន បានត្រូវផ្តល់ទៅឲ្យពួកសហគ្រិនទាំងនោះដែលជាសម្ព័ន្ធមិត្តជាមួយរបបនោះអស់រយៈជាច្រើនឆ្នាំ។ ដូច្នេះ ជាការពិត របបនោះបានគិតថាពួកសហគ្រិនទាំងនោះ ចាំបាច់ត្រូវនៅខាងពួកគេ។ របៀបគេរៀបចំចាត់ចែងនៅថ្ងៃអនាគតជាបញ្ហាមួយផ្សេងទៀត»។
អ្នកជំនាញភូមាមួយចំនួនកត់សម្គាល់ថា ពួកអ្នកទិញទ្រព្យសម្បតិ្តរដ្ឋរួមមានក្រុមហ៊ុនសាជីវកម្មដែលកាន់កាប់ដោយពួកយោធាដូចជាក្រុមហ៊ុន Union of Myanmar Economic Holding ដែលត្រួតត្រាមូលនិធិចូលនិវត្តន៍របស់កងទ័ពនិងក្រុមហ៊ុន Myanmar Economic Corporation ដែលត្រួតត្រាមូលនិធិមកពីការលក់សហគ្រាសដែលរដ្ឋកាន់កាប់។
លោកស្រី ដេប៊ី ស្តថាដត៍ (Debbie Stothardt) ជាអ្នកនាំពាក្យអង្គការសិទ្ធិមនុស្សបណ្តាញអាស៊ាន (Alternative ASEAN Network)។ លោកស្រីថ្លែងថា៖
«ចលនានៃឯកជនភាវូបនីយកម្មដែលបានកើតមានឡើង ជាចំណាត់ការដើម្បីធ្វើទ្រព្យសម្បត្តិសាធារណៈឲ្យក្លាយជាទ្រព្យសម្បត្តិឯកជនរបស់របបយោធា ហើយមិត្តភក្តិជិតសិ្នទ្ធរបស់ខ្លួនរួមមានពួកមេដឹកនាំគណបក្សសហភាពសាមគ្គីភាព និងការអភិវឌ្ឍដែលជាគណៈបក្សដ៍ធំបំផុតដែលគាំទ្ររបបនោះ»។
លោក ប៊ទីល លិនត៍នរ (Bertil Lintner) ជាអ្នកនិពន្ធនិងអ្នកធ្វើអត្ថាធិប្បាយស្តីពីភូមាយល់ស្របថា ការលក់ឡាយឡុងធ្វើឲ្យសេដ្ឋកិច្ចភាគច្រើនស្ថិតនៅក្រោមការត្រួតត្រារបស់ពួកយោធា។ ក៏ប៉ុន្តែ លោកនិយាយទៀតថា វាអាចបើកផ្លូវសម្រាប់ការវិនិយោគទុនឯកជនដែរ ។ លោកបន្តថា៖
«ពួកគេនឹងនិយាយថា ចូរមើលឱកាសថ្មីៗទាំងអស់នេះនៅទីនេះ គឺដោយមានក្រុមហ៊ុន និងអង្គការកាន់កាប់ដោយឯកជននោះ សេដ្ឋកិច្ចបានរៀបចំសាជាថ្មី។ ក៏ប៉ុន្តែសេដ្ឋកិច្ចនៅខ្សោយណាស់ដែលពួកគេត្រូវចាត់វិធានការ»។
លោក ភិធរ ហ្កាលឡូ (Peter Gallo) ធ្វើការនៅក្រុមហ៊ុន ប៉ាស៊ីហ្វិក រីស្ក(Pacific Risk) ក្នុងទីក្រុងហុងកុងដែលជាក្រុមហ៊ុនពិគ្រោះការប្រឆាំងការលាងលុយកខ្វក់។ លោកព្រមានថា ពួកអ្នកវិនិយោគទុនបរទេស ត្រូវតែធ្វើការប្រុងប្រយ័តនៅភូមា ទោះបីមានឯកជនភាវូបនីយកម្មក៏ដោយ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរដ្ឋាភិបាលប្រទេសផ្សេងៗទៀត បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរដ្ឋាភិបាលដើម្បីធ្វើឲ្យមានកំណែទម្រង់នយោបាយ។ លោក ហ្កាលឡូថ្លែងថា៖
«បញ្ហាធំជាក់ស្តែងពិតប្រាកដគឺនីតិរដ្ឋ និងស្ថានភាពសិទ្ធិមនុស្ស។ អស់លោកអ្នកអាចមានប្រភេទរដ្ឋាភិបាលមួយដែលលោកអ្នកចូលចិត្ត។ តែសំខាន់នោះគឺថាតើរដ្ឋាភិបាលនោះជារដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យឬអត់ ក៏ប៉ុន្តែប្រសិនបើមានការរំលោភសិទ្ធិមនុស្សជាក់ស្តែងនៅក្នុងប្រទេសនោះហើយការរំលោភសិទ្ធិមនុស្សបានគេដឹងឮ ការថ្កោលទោសពីសហគមន៍អន្តរជាតិ នឹងត្រូវបន្ត » ។
ក្រុមហ៊ុនសាជីវកម្មធំៗជាច្រើនរបស់ភូមា ដូចជាក្រុមហ៊ុន Union of Myanmar Economic Holdings បានស្ថិតក្នុងបញ្ជីខ្មៅទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
លោកស្រី ស្តថាដត៍ ដែលជាតសកម្មជនសិទ្ធិមនុស្សនិយាយថាការធ្វើកំណែទម្រង់បានធ្វើឲ្យជីវភាពមានភាពប្រសើរឡើងបន្តិចបន្តួចសម្រាប់ប្រជាពលរដ្ឋភូមាភាគច្រើន។ លោកស្រីបន្តថា៖
«ប្រជាពលរដ្ឋភាគច្រើននៅភូមាមិនមានទឹកស្អាត ភ្លើងអគ្គីសនី ការថែទាំសុខភាព និងការសិក្សាអប់រំជាមូលដ្ឋានទេ។ ដូច្នេះ ចំណាត់ការទាំងមូលដើម្បីធ្វើឯកជនភាវូនីយកម្មទ្រព្យសម្បត្តិទាំងអស់នៅក្នុងប្រទេសគឺសំខាន់សម្រាប់ការប្រែក្លាយទ្រព្យសម្បត្តិសាធារណៈឲ្យទៅជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកមេដឹកនាំយោធា និងមិត្តភក្តិរបស់ពួកគេ ហើយវានឹងមិនធ្វើឲ្យស្ថានភាពប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋភូមាសាមញ្ញទេ»។
ពួកមន្រ្តីភូមា និងអ្នកវិភាគនយោបាយក្នុងតំបន់ខ្លះ និយាយថាការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ជាដើមហេតុធ្វើឲ្យមានភាពក្រីក្រនៅភូមា។ សមាគមប្រជាជាតិតំបន់អាស៊ីអាគ្នេយ៍ ដែលមានភូមាជាសមាជិកដែរនោះចង់លប់ចោលការដាក់ទណ្ឌកម្មនោះ។
មេដឹកនាំអាស៊ាន និយាយថា ការបោះឆ្នោត និងការដោះលែងលោកស្រីអោង សានស៊ូជី មេដឹកនាំគណបក្សប្រឆាំងចេញពីការឃុំឃាំងបង្ហាញថា ភូមាកំពុងធ្វើកំណែទម្រង់ខាងនយោបាយឲ្យមានភាពប្រសើរឡើង។ ជាលទ្ធផល សមាគមអាស៊ានឲ្យដឹងថា ការដាក់ទណ្ឌកម្មត្រូវតែលុបចោល។ ក៏ប៉ុន្តែ អង្គការសិទ្ធិមនុស្សប្រាប់ឲ្យដឹងថា ការផ្លាស់ប្តូរមិនបានធ្វើកំណែទម្រង់ពិតប្រាកដទេ ជាពិសេសដោយសារតែពួកយោធាភូមាបានឃុំឃាំងពួកអ្នកទោសនយោបាយជាង២ពាន់នាក់ ហើយនៅតែរឹតបន្តឹងលើសេដ្ឋកិច្ច៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន