ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រវត្តិ​សង្ខប​របស់​មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ អោង សាន ស៊ូគ្យី


មេដឹកនាំ​ចលនា​លទ្ធិប្រជាធិបតេយ្យ​ភូមា លោក​ស្រី Aung San Suu Kyi សៀត​ផ្កា​​ដែល​អ្នក​គាំ​ទ្រ​ម្នាក់​បាន​ជូន ជាប់​នឹង​សក់​​ នៅ​ក្រោយ​ពេល​លោក​ស្រី​ត្រូវ​បាន​ដោះ​លែង​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន​​ប្រទេស​ភូមា​កាល​ពី​ថ្ងៃ​​ទី​១៣​ខែ​វិច្ឆិក
មេដឹកនាំ​ចលនា​លទ្ធិប្រជាធិបតេយ្យ​ភូមា លោក​ស្រី Aung San Suu Kyi សៀត​ផ្កា​​ដែល​អ្នក​គាំ​ទ្រ​ម្នាក់​បាន​ជូន ជាប់​នឹង​សក់​​ នៅ​ក្រោយ​ពេល​លោក​ស្រី​ត្រូវ​បាន​ដោះ​លែង​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន​​ប្រទេស​ភូមា​កាល​ពី​ថ្ងៃ​​ទី​១៣​ខែ​វិច្ឆិក

លោក​ស្រី អោង ​សាន ស៊ូ​គ្យី មេ​ដឹក​នាំ​លទ្ធិ​ប្រជា​ធិបតេយ្យរបស់​ប្រទេសភូមា គឺជាស្ត្រី​ម្នាក់​ ដែល​បាន​លះ​បង់​យ៉ាង​ធំ​ធេង ដើម្បី​នាំ​យកលទ្ធិ​ប្រជាធិបតេយ្យមក​ឲ្យប្រទេសលោក​ស្រីវិញ។

លោក​ស្រី អោង ​សាន ស៊ូ​គ្យី គឺ​ជា​កូន​ស្រីរបស់លោក​ អោង សាន មេដឹកនាំ​ទាមទារ​ឯករាជ្យ​របស់ភូមា ដែលត្រូវ​បាន​ធ្វើ​ឃាត​ នៅពេល​លោក​ស្រី​នៅ​ក្មេង។ ប៉ុន្តែ លោក​ស្រី​ ​បាន​ចំណាយ​ពេលភាគ​ច្រើន​រស់​នៅ​ឯ​បរទេស ហើយ​ទោះ​ជាឪពុក​ធ្លាប់មានប្រវត្តិ​ល្បីល្បាញ ជា​អ្នក​នយោបាយ​ក៏​ដោយ​ ក៏លោក​ស្រី​មិនចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ភូមា​រហូត​ដល់ឆ្នាំ​១៩៨៨ នៅ​ពេល​ដែលការតវ៉ា​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​កើត​ឡើង​ទូ​ទាំងប្រទេស។

មេដឹក​នាំ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​មាន​វ័យ​៦៥​ឆ្នាំ​រូប​នេះ ​បាន​ដឹក​នាំ​គណបក្ស​សម្ព័ន្ធជាតិដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ កាលពី​ឆ្នាំ​១៩៩០។ ប៉ុន្តែ ក្រុម​យោធា ដែលបាន​គ្រប់​គ្រងអស់​រយៈ​ពេល៥​ទសវត្សរ៍​កន្លង​មកហើយ​ ​មិន​ទទួល​ស្គាល់​លទ្ធ​ផល​នេះ​ទេ​ ហើយឃុំ​ឃាំងលោក​ស្រី​ លោក អោង សាន ស៊ូគ្យី អស់​រយៈ​ពេល​២០​ឆ្នាំ​។

លោក​ ធីទីណាន​ ពុងស៊ូឌីរ៉ាក់ (Thitinan Pongsudhirak) ជា​នាយក​វិទ្យា​ស្ថាន​សិក្សា​ពី​សន្តិសុខ​ និង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​ជូឡាលុងកន​នៃ​ប្រទេស​ថៃ​ មាន​ប្រសាសន៍ថា៖

«លោក​ស្រី អោង សាន ស៊ូគ្យី ជានិមិត្ត​រួបគួរ​ជា​ទី​គោរព។ លោក​ស្រី បាន​ទទួល​ពាន​រង្វាន់ណូបែលសនិ្តភាព។ លោក​ស្រីបាន​ទទួល​រង​គ្រោះ​យ៉ាង​ច្រើន។ គណបក្សសម្ព័ន្ធ​ជាតិដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​របស់​អ្នក​ស្រី​បាន​ឈ្នះការ​បោះ​ឆ្នោតកាល​ពី​លើកមុន។ ពួក​គេ​បាន​ឈ្នះការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​១៩៩០។ ដូច្នេះ ពួក​គេ​ត្រូវ​បានប្លន់អស់រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ។ នេះ​ជាការ​ដណ្តើម​អំណាចជាប្រព័ន្ធ​ អស់រយៈពេលពីរ​ទសវត្សរ៍»។

លោក​ស្រី​ អោង សាន ស៊ូគ្យី បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​១៩៩១ សម្រាប់​កិច្ចប្រឹង​ប្រែង​របស់​លោក​ស្រី​ ក្នុង​ការ​នាំ​យក​លទ្ធិ​ប្រជា​ធិបតេយ្យទៅ​កាន់​ភូមា។ លោក​ស្រី​ ត្រូវ​បាន​ដោះ​លែង​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ កាល​ពី​ឆ្នាំ​២០០២ ហើយហ្វូង​មនុស្សយ៉ាងច្រើន​សន្ធឹក​សន្ធាប់​ បាន​ប្រមូល​ផ្តុំ​គ្នានៅ​ទូ​ទាំង​ប្រទេស ដើម្បី​ស្តាប់លោក​ស្រីមាន​ប្រសាសន៍។ ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក រដ្ឋាភិបាល​បាន​ឃុំ​ខ្លួន​លោក​ស្រីវិញ បន្ទាប់ក្រុម​គាំ​ទ្រ​របប​យោធា ​បាន​វាយ​ប្រហារទៅ​លើ​ក្បួន​រថយន្ត​របស់​លោក​ស្រី។

រដ្ឋាភិបាល​បាន​អះ​អាង​ថា ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ គឺ​ដើម្បី​ការ​ពារ​លោក​ស្រីតែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល បាន​ពន្យារ​ការ​ឃុំខ្លួនលោក​ស្រី បន្ទាប់​ពី​កាត់​លោក​ស្រី​ អោង សាន ស៊ូគ្យី ​ឲ្យ​មាន​ទោសពី​បទរំលោភលើ​លក្ខខ័ណ្ឌ​នៃ​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ ក្រោយ​ពី​បុរស​អាមេរិក​ម្នាក់​ បាន​ហែល​ទឹក​កាត់បឹង​មួយ​សំដៅ​ទៅ​ផ្ទះ​របស់​លោក​ស្រី។

លោក​ធីទីណាន មាន​ប្រសាសន៍​ថា​ ឧត្តមសេនីយ៍កំពុងកាន់អំណាច​ទាំង​ឡាយ​ បានប្រើប្រាស់​អំណាច​គ្រប់​យ៉ាងធ្វើ​អ្វីៗ​ ដើម្បីរំខាន បំភិត​បំភ័យ បង្ខិត​បង្ខំ និងផាត់ចោលលោក​ស្រី អោង សាន ស៊ូគ្យី។

ក្រុម​អ្នក​គាំទ្រ​លោក​ស្រីរាប់​ម៉ឺន​នាក់ ដែល​ពិពណ៌នា​លោក​ស្រី​យ៉ាង​សាមញ្ញ​ថា​ជា «សុភាពនារី» ត្រូវ​បាន​ឃុំ​ឃាំងពី​បទ​ប្រឆាំង​ទៅ​នឹង​របប​យោធា។

ប៉ុន្តែ ទោះ​បី​ជាមាន​ការ​ឃុំឃាំង​នេះ​ក៏ដោយ និងរយៈ​ពេល​ច្រើន​ឆ្នាំ​នៃ​ការ​កាត់​ផ្តាច់​ពី​ពិភព​ខាង​ក្រៅ ​ លោក​ធី​ទី​ណាន​ បាន​ថ្លែងទៀត​ថា លោក​ស្រី​ អោង សាន ស៊ូគ្យី នៅ​តែ​ជា​និមិត្ត​រូប​ដ៏​មាន​ឥទ្ធិពល សម្រាប់​ក្រុមអ្នកតស៊ូ​មតិដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ភូមា។ លោក ធីទីណាន​ឲ្យ​ដឹង​ទៀត​ថា៖

«ជា​ការ​ពិត​ណាស់ លោក​ស្រីធ្វើ​ជា​និមិត្ត​រូប និង​គំរូនៃសេចក្តី​សង្ឃឹម និង​ក្តី​ស្រម៉ៃជាច្រើនរបស់ប្រជាពលរដ្ឋ​ភូមា។ ហើយលោក​ស្រី​ទទួល​បាន​កិត្តិយស​នេះ ក្នុង​២​ទសវត្សរ៍ចុង​ក្រោយនេះ តាមរយៈ​ការ​ឈឺ​ចាប់ ឧត្តម​គតិគាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ យុទ្ធនាការ និង​ការ​បង្ហាញ​ពី​សុឆន្ទៈ​ផ្ទាល់ខ្លួន​លោក​ស្រី ដោយបានលះបង់​គ្រួសារ និង​សុខភាព​របស់​លោក​ស្រី ជា​ដើម»។

លោក​ស្រី អោង សាន ស៊ូគ្យី ​បាន​សិក្សា​នៅ​សកល​វិទ្យាល័យ​អ៊ុក​ហ្វឺដ (Oxford), ​បាន​រៀបការ​ជាមួយ​លោក​ ម៉ៃឃល អារីស (Michael Aris) អ្នក​សិក្សាស្រាវជ្រាវជាតិ​អង់​គ្លេស, ហើយ​មាន​កូន​ប្រុស​ពីរ​នាក់។

នៅ​ពេល​ស្វាមី​របស់​លោក​ស្រី​នៅ​ឯ​ប្រទេស​អង់​គ្លេស ធ្លាក់ខ្លួនឈឺ​ដោយសារ​ជម្ងឺ​មហារីក លោកស្រីបាន​ជ្រើស​រើស​មិន​ទៅ​សួរ​សុខ​ទុក្ខ​លោក​ទេ ដោយ​សារ​ភ័យ​ខ្លាច​ថា គេ​មិន​ឲ្យ​លោក​ស្រីចូលក្នុងប្រទេស​ភូមា​វិញ។ ​យោធាមិន​ផ្តល់​ទិដ្ឋាការឲ្យស្វាមី​របស់​លោក​ស្រីទៅ​សួរ​សុខ​ទុក្ខ​លោក​ស្រី​ទេ។

ស្វាមីលោកស្រី​បានទទួល​មរណភាពកាល​ពីឆ្នាំ​១៩៩៩​ បន្ទាប់​ពី​មិន​បាន​ជួបភរិយាអស់​រយៈ​ពេល​ជាច្រើនឆ្នាំ៕

ប្រែសម្រួល​ដោយ​ លី សុខ​ឃាង

XS
SM
MD
LG