ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ភូមា​អាច​រៀនសូត្រ​ពី​បញ្ហា​បណ្តាល​មក​ពី​ជំនួយ​បរទេស​នៅ​កម្ពុជា


លោក Thein Sein ប្រធានាធិបតី​ភូមា​ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) នៅ​រដ្ឋធានី​ណៃពិដោ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៣។
លោក Thein Sein ប្រធានាធិបតី​ភូមា​ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) នៅ​រដ្ឋធានី​ណៃពិដោ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៣។
ការ​ផ្លាស់​ប្តូរ​ក្នុង​ប្រទេស​ភូមា​ និង​មេរៀន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​គេ​លើក​យក​មក​ធ្វើ​ជា​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អង្គារ។​ វាគ្មិន​និង​អ្នក​ចូលរួម​ខ្លះ​រំពឹង​ថា ​មេរៀន​ខ្លះ​ពី​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មិន​រំពឹង​ថា​ប្រទេស​ភូមា​ដែល​ហ៊ុំព័ទ្ធ​ដោយ​លោក​សេរី​ហើយ​នោះ​ នឹង​រៀន​តាម​ទេ​ ក្នុង​សម័យ​អន្តរកាល​នេះ។​

អង្គការ​តាក់តែង​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​មួយ​ឈ្មោះ​ក្រុមប្រឹក្សា​ស្តី​ពី​ទំនាក់ទំនង​ការ​បរទេស​ (Council on ​Foreign​ Relations) ​បាន​រៀបចំ​ការ​ពិភាក្សា​តុ​មូល​ស្តី​អំពី​អន្តរកាល​ក្នុង​ប្រទេស​ភូមា​និង​មេរៀន​នានា​ពី​ប្រទេស​កម្ពុជា​នៅ​ពេល​ប្រទេស​ភូមា​កំពុង​តែ​បើក​ចំហ​ផ្នែក​ប្រជាធិបតេយ្យ​ ហើយ​មាន​ការ​ទាក់ទាញ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​បរទេស​និង​មុខ​ជំនួញ​ជា​ច្រើន​ក្នុង​ពិភពលោក​ដូច​កម្ពុជា​កាល​ពី​អតីតកាល​ដែរ។

លោក​បណ្ឌិត​ អៀ សុផល ​សាស្ត្រាចារ្យ​អាមរិកាំង​ដើម​កំណើត​ខ្មែរ​ ជា​អ្នក​និពន្ធ​សៀវភៅ​ «របៀប​ដែល​ការ​ពឹង​ផ្អែក​ជំនួយ​បរទេស​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រជាធិបតេយ្យ​កម្ពុជា» (How ​Aid ​Dependence ​Undermines ​Cambodian ​Democracy)​ និង សៀវភៅ​ «នាគ​អត់​ឃ្លាន» (The Hungry Dragon)​ ជា​វាគ្មិន​តែ​ម្នាក់​គត់។​ លោក​ថ្លែង​ថា​ មាន​មេរៀន​ខ្លះ​ដែល​ភូមា​មិន​គួរ​រៀន​ពី​កម្ពុជា​នោះ​ទេ។

«លោក​អ្នក​ដឹង​ទេ ​ប្រទេស​មីយ៉ានមា (ភូមា)​ សង្សឹម​ថា​ បាន​ឃើញ​បទពិសោធន៍​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​នឹង​មិន​ធ្វើ​តាម​នោះទេ។​ តែ​ជា​ការណ៍​ពិត​ ឧទាហរណ៍​វា​មាន​រួច​ស្រេច​ទៅ​ហើយ​នៅ​កម្ពុជា​នោះ​ ដូច​ជា​ថា​ តើ​ធ្វើ​យ៉ាងម៉េច​ដើម្បី​បំភ័ន្ត​ក្រុម​ម្ចាស់​ជំនួយ​ តើ​ប្រើប្រាស់​សមត្ថភាព​យ៉ាងណា​ដើម្បី​មើល​ឃើញ​កង្វះ​ខាត​ការ​សម្រប​សម្រួល​ ដើម្បីទាញ​យក​ធនធាន​ជំនួយ​ថែម​ទៀត​ ហើយ​ការពារ​មិន​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​មាន​ឥទ្ធិពល​លើ​ខ្លួន​(មីយ៉ានម៉ា)​បាន»។

លោក​បាន​បន្ថែម​ទៀត​ដែរ​ថា ​បញ្ហា​មួយ​ទៀត​ដែល​ជា​ក្តី​បារម្ភ​ដែរ​នោះ​ គឺ​ការ​រិត​ ត្បិត​ដល់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ការ​ ចុះ​ឈ្មោះ​ រិតត្បិត​សកម្មភាព​ផ្សេងៗ​ និង​ការ​បំភិតបំភ័យ​ដោយ​រូបភាព​ផ្សេង​ទៀត​ជាដើម។

«សង្ឃឹម​ថា​ រឿង​នេះ​នឹង​មិន​កើត​មាន​ទេ។​ រឿង​នេះ​មិន​អាច​ទៅ​ជា​ការ​ព្យាយាម​ កម្រិត​តួនាទី​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​ភូមា​ទេ​ តែ​ជា​សំខាន់​ក្រុម​អង្គការ​សង្គម ស៊ីវិល​នឹង​អាច​ប្រតិបត្តិការ​ដោយ​គ្មាន​ការ​តាម​ដាន​ជានិច្ចកាល​ពី​ក្រុម​អាជ្ញាធរ»។

កិច្ច​ពិភាក្សា​រយៈពេល​១ម៉ោង​កាល​ពី​ព្រលប់​ថ្ងៃ​អង្គារ​នោះ ​បាន​ធ្វើ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​ ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី​ស្ថាប័ន​ផ្តល់​ជំនួយ​ធំៗ ​ធនាគារ​ពិភពលោក ​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ស.រ.អា. (USAID) ​មន្ត្រី​រដ្ឋាភិបាល​ស.រ.អា.​ មន្ត្រី​សភា​ស.រ.អា. ​និងក្រុម​អ្នក​តាក់តែង​គោល​នយោបាយ​ស.រ.អា.​ជាង​៣០នាក់។

លោក ​អៀ សុផល​បាន​ធ្វើ​បទបង្ហាញ​អំពី​បទ​ពិសោធន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​បញ្ហា​វិវត្តន៍​នយោបាយ​ សេដ្ឋកិច្ច ​សិទ្ធិមនុស្ស​ និង​ការ​ផ្លាស់ប្តូរ​ក្នុង​កម្ពុជា​ តាំង​ពី​ទសវត្ស​១៩៥០​និង​ឆ្នាំ១៩៩៣​ ហើយ​នឹង​ការ​វិវត្ត​មក​ទល់​បច្ចុប្បន្ន។

លោក​បាន​ថ្លែង​អំពី​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ការ​រំលោភ​សិទ្ធិ​និង​បណ្តេញ​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ចេញ​ពី​លំនៅដ្ឋាន ​បញ្ហា​ចម្លង​មេរោគ​គ្រុនផ្តាសាយ ​Avian ​Influenza​ ដែល​ស្គាល់​នយោបាយ​កម្ពុជា​ ឬ​មាន​ន័យ​ថា​មេរោគ​នេះ​មិន​បាន​កើត​រីករាល​ដាល​នៅ​មុន​ពេល​បោះឆ្នោត​ ហើយ​នឹង​បញ្ហា​កាត់ដេរ​សម្លៀក​បំពាក់​ដែល​ជា​វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ច​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ ហើយ​បង្កើត​ការងារ​ដល់​កម្មករ​កម្មារិនី​ដល់​ទៅ​ជាង​៣៥​ម៉ឺន​នាក់។​ បញ្ហា​ប្រជាធិបតេយ្យ​ទាក់ទង​នឹង​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌​ អភិបាលកិច្ច​ល្អ​ អំពើ​រំលោភ​សិទ្ធិមនុស្ស​ ការ​នៅ​បន្ត​ជំនួយ​ដល់​ប្រទេស​កម្ពុជា​និង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​ភូមា​និង​កម្ពុជា​ជាដើម​នោះ​ បាន​ក្លាយ​ជា​ការ​បារម្ភ​និង​មាន​ការ​ដាក់​សំណួរ​យ៉ាង​ច្រើន​ពី​អ្នក​ចូលរួម​ផងដែរ។

លោក​ក៏​បាន​បង្ហាញ​អំពី​ប្រទេស​ភូមា​ដែល​ទើបតែ​ចាប់ផ្តើម​បើក​ចំហ​ផ្នែក​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​ទៅ​ក្រោយ​ពី​មាន​ការ​គ្រប់គ្រង​ដោយ​របប​យោធា​ប្រាំ​ទសវត្សរ៍​ ហើយ​ត្រូវ​មាន​ការ​លំបាក​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​និង​ការ​ ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ​ផង​ដែរ។​

អ្នក​សម្រប​សម្រួល​គឺ​លោក ​យូស្វេ​ ឃឺឡែនហ្ស៉ីក​ (Joshua ​Kurlantzick)​ អ្នក​ ស្រាវជ្រាវ​ជាន់ខ្ពស់​អំពី​តំបន់​អាស៊ី​នៃ​អង្គការ​ក្រុមប្រឹក្សា​ទំនាក់​ទំនង​អន្តរជាតិ។

ថ្លែង​ប្រាប់​វីអូអេ​ក្រោយ​ពី​បញ្ចប់​កិច្ចពិភាក្សា​នោះ​ លោក ​យូស្វេ ​ឃឺឡែនហ្ស៉ីក បាន​អះអាង​ថា​ គោល​បំណងក្នុង​អញ្ជើញ​លោក​ អៀ សុផល​ចូល​មក​ពិភាក្សា​នេះ​ ដោយ​ព្រោះ​ពុំ​សូវ​មាន​កម្មវិធី​ស្តី​ពី​កម្ពុជា​ទេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

«ជា​ការណ៍​ពិត​ មិន​មាន​មនុស្ស​ច្រើន​ទេ​ ដែល​ធ្វើ​ការ​អំពី​ប្រទេស​កម្ពុជា។​ ដូច្នេះ​ ជា​ការ​ល្អ​ដែល​លោក ​អៀ សុផល​ អាច​ពិភាក្សា​ជាមួយ​មនុស្ស​នៅ​ទីនេះ​បាន​យ៉ាង​ទូលំទូលាយ»។
លោក​អៀ សុផល​ បាន​អះអាង​ដែរ​ថា ​ការ​គំរាម​កាត់​ជំនួយ​ពី​សភា​ស.រ.អា.​ក៏​ធ្វើ​ ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ អរ​សប្បាយ​ដែរ​ដោយសារ​ជំនួយ​ទាំង​នោះ អាច​កាត់​ប៉ះ​ចំ​លើ​តែ​ជំនួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​លោក​សុផល​អះអាង​ ថា​លោក​ហ៊ុន​សែន​ចាត់​ទុក​ជា​សត្រូវ​របស់​គាត់​នោះ។

លោក​បាន​អះអាង​បន្ថែម​ថា ​ប្រទេស​ភូមា​ត្រូវ​គេ​មើល​ឃើញ​ថា​ បាន​ងាក​ចេញ​ពី​ចិន​កុំម្មុយនីស្ត​ ហើយ​ចាប់​យក​ស.រ.អា.​និង​ប្រទេស​លោក​សេរី។ ​ប្រទេស​ជប៉ុន​ដែល​កំពុង​ប្រកួត​ប្រជែង​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ី​ជាមួយ​ចិន​ បានផ្តល់​ថវិកា​១.៥០០​លាន​ដុល្លារ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ភូមា។​ ហើយ​នៅ​សប្តាហ៍​នេះ​ជប៉ុន​បាន​ផ្តល់​ជំនួយ​ជាង​៦១០​រយ​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ភូមា។​ ជប៉ុន​ក៏​បាន​លុប​ចោល​បំណុល​ជិត​៣.០០០​លាន​ដុល្លារ​ផង​ដែរ៕
XS
SM
MD
LG