លោកស្រី Aung San Suu Kyi មេដឹកនាំចលនាប្រជាធិបតេយ្យនៅប្រទេសភូមា ចូលដល់អាយុ ៦៥ ឆ្នាំនៅថ្ងៃសៅរ៍នេះ។ ក៏ប៉ុន្តែ ដូចថ្ងៃខួបកំណើតជាច្រើនកន្លងមកដែរ ខួបកំណើតរបស់លោកស្រីធ្វើនៅក្នុងការឃុំឃាំង។ រដ្ឋាភិបាលយោធា ដែលមិនទទួលស្គាល់ជ័យជំនះ របស់គណបក្សលោកស្រីក្នុងការបោះឆ្នោតកាលពីឆ្នាំ១៩៩០ នោះ បានឃុំឃាំងលោកស្រីក្នុងផ្ទះជិត២ទសវត្សមកហើយ ហើយរារាំងមិនឱ្យលោកស្រីចូលរួមក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាស់ក្នុងឆ្នាំនេះទេ។ លោក Daniel Schearf អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ រាយការណ៍ពីទីក្រុងបាងកកមកថា លោកស្រី Aung San Suu Kyi ត្រូវបានគេគោរពទូទាំងពិភពលោកចំពោះការតាំងចិត្តរបស់លោកស្រីចង់ឱ្យមានលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសភូមា។
លោកពិន ស៊ីសុវណ្ណសូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖
បុណ្យខួបកំណើត ៦៥ ឆ្នាំរបស់លោកស្រី Aung San Suu Kyi ត្រូវគេប្រារព្ធទូទាំងពិភពលោក ដោយមានការជួបជុំគ្នា និងការថ្លែងសុន្ទរកថា តាំងពីទីក្រុងឡុងដ៍ទៅដល់ទីក្រុងម៉ានិល និងទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ ក៏ប៉ុន្តែពិធីនេះបង្ហាញពីសាមគ្គីភាពជាជាងការប្រារព្ធខួបកំណើត។
មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ National League for Democracy នេះ បានប្រារព្ធខួបកំណើតរបស់ខ្លួនចំនួន ១៤ លើកក្នុងស្ថានភាពជាប់ឃុំឃាំង ដោយមានការចូលរួមតិចតួចប៉ុណ្ណោះពីពិភពលោកខាងក្រៅ។
កាលពីខែសីហាឆ្នាំទៅ រដ្ឋាភិបាលបានបន្តពេលឃុំឃាំងលោកស្រី Aung San Suu Kyi រយៈ ពេល១៨ខែទៀត ចំពោះការខកខានមិនបានប្រាប់អាជ្ញាធរ អំពីជនជាតិអាមេរិកាំងម្នាក់ ដែលបានហែលទឹកចូលទៅក្នុងផ្ទះរបស់លោកស្រីនៅមាត់បឹង ដោយគ្មានការអញ្ជើញ។
អ្នករិះគន់និយាយថា បញ្ហានេះគ្រាន់តែជាលេសដើម្បីឃុំឃាំងលោកស្រីឱ្យហួសការបោះឆ្នោត ដ៏ចម្រូងចម្រាស់ដែលគេរំពឹងថា នឹងរៀបចំឡើងនាចុងឆ្នាំនេះប៉ុណ្ណោះ ។
សកម្មជន និងអ្នកគាំទ្រ បានថ្លែងនៅឯក្លឹបសារព័ត៌មាននាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យរដ្ឋាភិបាលក្រុងរ៉ង់ហ្គូនដោះលែងលោកស្រី Aung San Suu Kyi ហើយឱ្យរដ្ឋាភិបាលនេះ ព្រមចរចាជាមួយលោកស្រី និងក្រុមប្រឆាំង។
លោក Ron Hoffman ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំនៅប្រទេសថៃមានប្រសាសន៍ថា លោកស្រី Aung San Suu Kyi គឺ ជាជនបរទេសម្នាក់ក្នុងចំណោមជនបរទេសដ៏កម្រ ដែលត្រូវបានផ្តល់ឋានៈជាពលរដ្ឋកាណាដា ជាកិត្តិយសសម្រាប់កិច្ចការរបស់លោកស្រីដើម្បីលទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមា។
«ថ្ងៃនេះ យើងបញ្ជាក់ជាថ្មីនូវការតាំងចិត្តរបស់យើង ក្នុងការបន្តយុទ្ធសាស្ត្រនេះទៅមុខទៀត។ រដ្ឋាភិបាលកាណាដា នឹងបំពេញកិច្ចការរបស់ខ្លួនដើម្បីធានាថា យើងធ្វើសកម្មភាពតាមពាក្យសម្តីរបស់យើង ។ រហូតដល់ទីបញ្ចប់ ប្រទេសកាណាដា បានដាក់ទណ្ឌកម្ម និងបន្តដាក់ទណ្ឌកម្មតឹងតែងបំផុតក្នុងពិភពលោក ទៅលើរបបយោធារបស់ប្រទេសភូមា»។
សរអ និងសហភាពអឺរ៉ុប នៅក្នុងចំណោមប្រទេសផ្សេងៗទៀត ក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរទៅលើប្រទេសភូមាដែរ ចំពោះការខកខានរបស់ប្រទេសនេះ មិនបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបានប្រសើរឡើងនោះ។
មានអ្នកទោសនយោបាយជាង ២១០០ នាក់នៅក្នុងប្រទេសភូមា ដែលរួមមានលោកស្រី Aung San Suu Kyi ហើយក្រុមសិទ្ធិមនុស្សបានចងក្រងឯកសារថា មានការរំលោភបំពានដោយយោធារាលដាលឡើងៗ។
លោក George Kent អ្នកប្រឹក្សាផ្នែកនយោបាយនៃស្ថានទូតអាមេរិកនៅទីក្រុងបាងកក អានសេចក្តីថ្លែងការណ៍ក្នុងនាមរដ្ឋាភិបាលអាមេរិកយ៉ាងដូច្នេះថា៖
«ដូចលោក Nelson Mandela កាលពី២០មុន ពេលលោកដើរចេញពីពន្ធនាគារ ហើយឥឡូវនេះ ប្រទេសអាហ្វ្រិកខាងត្បូងនេះបានរីកចម្រើនរុងរឿង ហើយរៀបចំទទួលការប្រកួតបាល់ទាល់ពិភពលោក ដូច្នេះលោកស្រី Aung San Suu Kyi អាច ជាដៃគូដ៏អស្ចារ្យ ដើម្បីឱ្យរដ្ឋាភិបាលដឹកនាំប្រកបដោយជោគជ័យ ក្នុងតំណាក់កាលអន្តរកាលឆ្ពោះទៅរកអនាគតប្រសើរឡើង ដោយគ្មានការចោទប្រកាន់ ឬការសងសឹកគ្នា» ។
សេចក្តីថ្លែងការណ៍នេះក៏និយាយដែរថា សរអ សូមសម្តែងសាមគ្គីភាពជាមួយប្រជាពលរដ្ឋប្រទេសភូមា គោរពដល់ចលនាតស៊ូអហិង្សារបស់លោកស្រី Aung San Suu Kyi ដើម្បី លទ្ធិប្រជាធិបតេយ្យ ហើយវាជាសោកនាដកម្មមួយដែលរដ្ឋាភិបាលយោធារបស់ប្រទេសភូមាមើលមិន ឃើញថា លោកស្រីជាគន្លឹះទៅរកសន្តិភាព និងភាពសម្បូររុងរឿងទេ បែរជាយល់ថា លោកស្រីជាឧបសគ្គទៅវិញ។
គេជឿថា លោកស្រី Aung San Suu Kyi គឺ ជាឥស្សរជនម្នាក់ក្នុងចំណោមឥស្សរជនខ្លះប៉ុណ្ណោះ ក្នុងប្រទេសភូមា ដែលត្រូវបានគោរពដោយអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនិងដោយក្រុម ជនជាតិ ដែលប្រឆាំងរដ្ឋាភិបាល។
Zipporah Sein (zip-POR-uh sayn) គឺជាអគ្គលេខាធិការរបស់សហភាពជាតិការ៉ែន Karen National Union ដែលជាសាខានយោបាយរបស់ក្រុមជនជាតិធំបំផុតប្រយុទ្ធប្រឆាំងនឹងយោធានៅប្រទេសភូមា។
«ប្រជាជនភូមានឹងនៅតែមានគ្រោះថ្នាក់ លុះត្រាតែការបង្រួបបង្រួមជាតិ និងការចរចាពិតប្រាកដចាប់ផ្តើមដំណើរការ។បើរបបយោធាបន្តបដិសេធ ទាំងស្រុង នោះយើងអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រកាសប្រឆាំងការបោះឆ្នោតនេះ ហើយមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ»។
រដ្ឋាភិបាលនិយាយថា ការបោះឆ្នោតសភាតំណាងរាស្ត្រ ដែលមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយនោះ គឺជាផ្នែកមួយនៃផែនការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
ក៏ប៉ុន្តែអ្នកទិទៀននិយាយថា ការបោះឆ្នោតនេះរៀបចំឡើងដើម្បីធ្វើឱ្យការកាន់កាប់ដោយយោធានេះ មានរូបភាពស្របច្បាប់តែប៉ុណ្ណោះ។ រដ្ឋធម្មនុញ្ញដែលព្រាងឡើងដោយយោធា ធានាឱ្យផ្នែកកងទ័ពមានអាសនៈ១ភាគ៤នៃអាសនៈទាំងអស់នៅក្នុងសភា តាំងពីមុនមានការបោះឆ្នោតម៉្លេះ។
មេដឹកនាំយោធាបានដោះឯកសណ្ឋានរបស់ខ្លួន ចូលរួមជាជនស៊ីវិលប្រកួតក្នុងការបោះឆ្នោតយកអាសនៈដែលនៅសល់ ក៏ប៉ុន្តែត្រូវគេជឿជាទូទៅថា មន្ត្រីទាំងនេះនៅតែស្មោះត្រង់នឹងកងទ័ព។
ក្នុងខែឧសភារដ្ឋាភិបាលបានរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ National League for Democracy របស់លោកស្រី Aung San Suu Kyi ដោយលើកហេតុផលថា មកពីគណបក្សនេះមិនព្រមបណ្តេញលោកស្រី និងអ្នកទោសនយោបាយផ្សេងទៀតចេញពីគណបក្ស ហើយមិនព្រមចូលរួមក្នុងការបោះឆ្នោត។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានឈ្នះក្នុងការបោះឆ្នោត នៅប្រទេសភូមាកាលពីឆ្នាំ១៩៩០ ក៏ប៉ុន្តែផ្នែកយោធាមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ៕