ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីតាំង​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​ផ្ទេរ​មក​ឱ្យ​កង​ទ័ព​វិញ ​ខណៈ​លោក​ខៀវ សំផន ​រង់ចាំ​ការ​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កណ្តាល


រូបឯកសារ៖ ព្រះសង្ឃរង់ចាំចូលរួមសវនាការរបស់តុលាការខ្មែរក្រហមនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។

ទីតាំង​សាលាក្តី​ខ្មែរ​ក្រហម​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការងារ​កាត់​ក្តី​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​រយៈពេល​ប្រមាណ​ ១៦ ​ឆ្នាំ​មក​ហើយ​នោះ​ ត្រូវ​បាន​ផ្ទេរ​មក​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បញ្ជា​ការ​ដ្ឋាន​កងទ័ព​ជើង​គោក​វិញ។ ​ប៉ុន្តែ​លោក​ ខៀវ សំផន ​អាយុ​ ៩១ ​ឆ្នាំ អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ នៅ​បន្ត​ស្នាក់​នៅ​មន្ទីរ​ឃុំឃាំង​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ ដោយ​រង់ចាំ​ការ​ផ្ទេរ​ទៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។​

ពិធី​ផ្ទេរ-ទទួល​ទីតាំង​អតីត​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៤ ​ក្នុង​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ ​ត្រូវ​បាន​ធ្វើ​ឡើង ​កាល​ពី​ថ្ងៃ​ពុធ​ ទី​ ២៨​ ខែ​ធ្នូ ​ឆ្នាំ​ ២០២២ ​ក្រោម​អធិបតី​ភាព​របស់​លោក ​ហ៊ុន ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ។​

លោក ​ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​ ការ​ផ្ទេរ-ទទួល​អគារ​គឺ​ជា​សក្ខីភាព​នៃ​ការ​បិទ​បញ្ចប់​ទាំង​ស្រុង​នៃ​ដំណើរ​ការ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដោយ​ប្រែ​ក្លាយ​ពី​ទី​កន្លែង​ផ្តល់​យុត្តិធម៌​ទៅ​ជា​ទីកន្លែង​សម្រាប់​បន្ត​ការងារ​ការពារ​ជាតិ​វិញ​ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​បាន​ប្រគល់​មួយ​ផ្នែក​នៃ​ទីតាំង​យោធា​នេះ​សម្រាប់​បម្រើ​ឱ្យ​ដំណើរ​ការ​កាត់​ក្តី​ខ្មែរ​ក្រហម​ ចាប់​តាំ​ងពី​ឆ្នាំ​ ២០០៦ ​មក។​

លោក​ នេត្រ ភក្រ្តា ​អ្នក​នាំពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សាលាក្តី​ខ្មែរ​ក្រហម​នៅ​មាន​ការងារ​សេស​សល់​ដែល​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល ៣​ ឆ្នាំ​ខាង​មុខ​ទៀត ​គឺ​ចាប់​ពី​ឆ្នាំ​ ២០២៣ ​ដល់​ឆ្នាំ ២០២៥ ​ដែល​ការងារ​ទាំង​នោះ​ រួម​មាន​ការ​គ្រប់​គ្រង​ និង​ការ​ផ្សព្វ​ផ្សាយ​បណ្ណ​សារ​ស្តីពី​សំណុំ​រឿង​របស់​សាលាក្តីនេះ​ឱ្យ​បាន​ទូលំ​ទូលាយ​ និង​ការ​អប់រំ ​និង​ការ​ផ្សព្វផ្សាយ​ស្តីពី​សមិទ្ធផល ​និង​កេរ​ដំណែល​របស់​សាលាក្តី ​និង​ការ​ពិនិត្យ​តាម​ដាន​ការ​អនុវត្ត​សំណង ​ដែល​មាន​លក្ខណៈ​ផ្លូវ​ចិត្ត ​និង​សមូហភាព​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី។​

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០២២ ​អង្គ​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​សាលាក្តី​ខ្មែរ​ក្រហម ​បាន​ប្រកាស​រក្សា​សាលក្រម​របស់​សាលាដំបូង ​ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​លើ​លោក ​ខៀវ សំផន។​ នេះ​ជា​សេចក្តី​សម្រេច​ចុង​ក្រោយ​លើ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​តែ​ម្នាក់​គត់​ ដែល​នៅ​រស់​រាន​មាន​ជីវិត ​និង​ជា​ការ​ឈាន​ទៅ​ដល់​ការ​បិទ​បញ្ចប់​នៃ​ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់ ​ដែល​បាន​ដំណើរ​ការ​ក្នុង​រយៈពេល​ប្រមាណ​ ១៦ ​ឆ្នាំ។​


ដោយ​សារ​លោក ​ខៀវ សំផន ​មាន​ភាព​ចាស់​ជរា ​និង​សុខ​ភាព​ទ្រុឌ​ទ្រោម​ខ្លាំង ​មេធាវី​របស់​លោក​បាន​ស្នើ​សុំ​កន្លែង​ដាច់​ដោយ​ឡែក​ និង​មាន​អ្នក​មើល​ថែ​រូប​លោក​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។​

លោក ​នេត្រ ភក្រ្តា ​អ្នក​នាំពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ បញ្ជាក់​ថា៖ ​«សំណើ​នេះ​ស្ថិត​ក្នុង​ការ​ពិចារណា»នៅ​ឡើយ ​រហូត​មក​ដល់​ពេល​នេះ៕

XS
SM
MD
LG