នាវាចំបាំងដ៏ធំមួយរបស់ចក្រភពអង់គ្លេសបានឆ្លងកាត់សមុទ្រចិនខាងត្បូងកាលពីខែសីហា ឆ្នាំទៅហើយចិនដែលជាមហាអំណាចខាងយោធាដ៏ខ្លាំងបំផុតមួយនៅតំបន់អាស៊ីដែលបានទាមទារសមុទ្រនោះស្ទើរតែទាំងអស់នោះ បានបណ្តេញនាវានោះចេញពីដែនទឹក។ ឥឡូវនេះ ប្រទេសនៅអឺរ៉ុបមួយនេះដែលកាលពីពេលមុនជាប្រទេសអណានិគមដ៏មានអំណាចមួយនៅក្នុងទ្វីបអាស៊ីចង់បង្កើតទីតាំងយោធាថ្មីមួយនៅក្នុងតំបន់ នេះតាមរបាយការណ៍ព័ត៌មានដែលបានដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការពារប្រទេសចក្រភពអង់គ្លេស។
ទីតាំងយោធាចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនៅទីនោះប្រទេស៤មានជម្លោះទាមទារដែនសមុទ្រជាមួយចិន នឹងអនុញ្ញាតឲ្យនាវាចេញចូលកាន់តែរហ័សឡើងសម្រាប់បេសកកម្មណាមួយដូចជាបេសកកម្មកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំទៅ។
ពួកអ្នកជំនាញខាងនយោបាយអាស៊ី និយាយថា ការណ៍នេះ នឹងអនុញ្ញាតឲ្យចក្រភពអង់គ្លេសប្រឆាំងនឹងឥទ្ធិពលរបស់ចិន ហើយនឹងអនុញ្ញាតឲ្យចិនប្រឆាំងនឹងឥទ្ធិពលរបស់អង់គ្លេសវិញនៅក្នុងសមុទ្រដែលសម្បូរទៅដោយប្រភពធនធានដោយការជួយនាវាអង់គ្លេសឲ្យចូលរួមជាមួយនាវាសម្ព័ន្ធមិត្តអាមេរិកាំងសម្រាប់ការធ្វើសមយុទ្ធម្តងៗ។ ពួកអ្នកជំនាញខាងនយោបាយនិយាយទៀតថា អង់គ្លេសតែម្នាក់ឯងខ្វះខាតប្រាក់កាសហើយត្រូវតែមានទំនាក់ទំនងជាមួយអតីតអណានិគមរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Eduardo Araral ជាសាស្រ្តាចារ្យជំនួយនៅឯសាលាគោលនយោបាយសាធារណៈរបស់សាកលវិទ្យាល័យជាតិនៃប្រទេសសិង្ហបុរីនិយាយថា៖ «អង់គ្លេស នឹងត្រូវចូលរួមជាមួយសហរដ្ឋអាមេរិក។ បើពុំដូច្នេះទេ វាជាការអត់ប្រយោជន៍។ ពួកគេនឹងចូលរួមជាមួយសហរដ្ឋអាមេរិកនៅក្នុងអ្វីដែលហៅថា សេរីភាពនៃកិច្ចប្រតិបត្តិការនៃការធ្វើនាវាចរណ៍»។
លោក Gavin Williamson រដ្ឋមន្រ្តីការពារប្រទេស បានប្រាប់បណ្តាញផ្សាយព័ត៌មានអង់គ្លេស The Telegraph កាលពីខែធ្នូ ឆ្នាំទៅថា ប្រទេសរបស់លោកបានស្វែងរកទីតាំងយោធាថ្មីមួយនៅតំបន់អាស៊ីអាគ្នេយ៍។
ប្រទេសព្រុយណេ ហ្វីលីពីន កោះតៃវ៉ាន់និងប្រទេសវៀតណាម បានប្រកួតប្រជែងក្នុងការទាមទារអធិបតេយ្យភាពដែនសមុទ្រជាមួយចិន ប៉ុន្តែ បានបន្តចាញ់ប្រៀបចាប់តាំងពីឆ្នាំ២០១០មក នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងប្រើអត្ថៈប្រយោជន៍ខាងបច្ចេកវិទ្យានិងសេដ្ឋកិច្ចដើម្បីពង្រីកការវាតទីនៅសមុទ្រ។ ចិនបានចាក់ដីពង្រីកកោះតូចៗ ដែលកោះខ្លះបានត្រូវប្រើសម្រាប់គោលបំណងខាងយោធា។
ចិនបានទាមទារសមុទ្រប្រហែល៩០ភាគរយដែលលាតសន្ធឹងពីកោះហុងកុងដល់កោះ Borneo ដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េ។ ចិននិងគូប្រកួតប្រជែងឯទៀតក្នុងតំបន់អាស៊ីចាត់ទុកសមុទ្រនោះសម្បូរត្រីនិងអណ្តូងប្រេង។ រដ្ឋាភិបាលអង់គ្លេស មិនបានទាមទារសមុទ្រនោះទេ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាទូទៅ បានបញ្ជូននាវាទៅកាន់សមុទ្រនោះដើម្បីដាក់ការគាបសង្កត់លើប្រទេសចិន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហៅបេសកកម្មនេះថា«ជាសេរីភាពនៃកិច្ចប្រតិបត្តិនាវាចរណ៍»។ នៅដើមខែមករានេះ នាវាចំបាំងសហរដ្ឋអាមេរិក បានឆ្លងកាត់ផ្ទៃទឹកទល់មុខប្រជុំកោះ Paracelរបស់សមុទ្រនោះ ដែលចិនត្រួតត្រា ថ្វីបើមានការទាមទារពីប្រទេសវៀតណាមក៏ដោយ។
អ្នកសិក្សាស្រាវជ្រាវបាននិយាយថា ប្រទេសជប៉ុននិងអូស្រ្តាលី បានបញ្ជូននាវាផ្ទាល់របស់ខ្លួនដើម្បីបញ្ឈប់ចិន តែមិនសូវញឹកញាប់ទេ។ ចក្រភពអង់គ្លេស នឹងធ្វើឲ្យចិនខឹងសម្បារ ប្រសិនបើ ខ្លួនធ្វើដូចគ្នានោះដែរ។
លោក Oh Ei Sun អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិក្នុងប្រទេសសិង្ហបុរី បាននិយាយថា «ចិនពិតជាជំទាស់ប្រឆាំងយ៉ាងខ្លាំង ក៏ប៉ុន្តែ ខ្ញុំគិតថា សម្រាប់ប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ការណ៍នេះមិនមែនជារឿងថ្មីទេ»។
កាលពីខែកញ្ញា ឆ្នាំទៅ រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកនាវាHMS Albion របស់ចក្រភពអង់គ្លេសថា បានរំលោភចូលក្នុងអធិបតេយ្យភាពរបស់ចិន។បណ្តាញ Gbtimes.comដែលកាន់កាប់ដោយរដ្ឋចិន បានរាយការណ៍ ដោយដកស្រង់សម្តីលោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនមកចុះផ្សាយថា នាវានោះបានចូលក្នុងដែនសមុទ្ររបស់ចិនដោយមិនមានការយល់ព្រមពីរដ្ឋាភិបាលចិន។
លោកOh និយាយទៀតថា ចក្រភពអង់គ្លេស ប្រហែលខ្វះថវិកាសម្រាប់កិច្ចផ្តួចផ្តើមដ៏សំខាន់នៅសមុទ្រចិនខាងត្បូង។លោកបាននិយាយទៀតថា «ខ្ញុំគិតថា យើងត្រូវតែមានទស្សនៈប្រាកដនិយមអំពីរឿងនេះ។កងនាវាអង់គ្លេសមិនដូចក្នុងអំឡុងនៃអាណាចក្រអង់គ្លេសទេ»។
លោក Carl Thayer សាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យNew South Wales ក្នុងទីក្រុង Canberra នៃប្រទេសអូស្រ្តាលី និយាយថា អង់គ្លេស អាចកំពុងរៀបចំផែនការដើម្បីបង្កើតទីតាំងយោធាដើម្បីពង្រីកយុទ្ធសាស្រ្តនិងសេដ្ឋកិច្ចនៅតំបន់អាស៊ី «ជាតួឯកឯករាជ្យ»បន្ទាប់ពីការចាកចេញពីសហភាពអឺរ៉ុប។
លោកThayerនិយាយទៀតថា នៅឆ្នាំ២០១៦ លោកស្រីTheresa May នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសនិងអតីតរដ្ឋមន្រ្តីការបរទេស «បានចាប់ផ្តើមបំផុសគំនិតសាកល របស់អង់គ្លេសក្នុងសករាជក្រោយពីការចាកចេញពីសហភាពអឺរ៉ុប»។
ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ប្រហែលជាពិបាកទទួលយកទីតាំងយោធារបស់អង់គ្លេសនេះ។
កាសែត Telegraph បានប្រាប់ឲ្យដឹងថា ចក្រភពអង់គ្លេស មើលឃើញប្រទេសសិង្ហបុរីនិងប៊ុ្រយណេជាបេក្ខជនសម្រាប់ទីតាំងយោធានេះ។
អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ និយាយថា ពួកមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍ នឹងព្រួយបារម្ភថា ការអនុញ្ញាតឲ្យមានទីតាំងយោធានោះធ្វើឲ្យនឹកឃើញឡើងវិញពីអាណានិគមនិយមឬការត្រួតត្រាផ្សេងទៀតរបស់បរទេស។ ប្រទេសព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ានិងប្រទេសសិង្ហបុរី ជាអតីតអណានិគមអង់គ្លេសក្នុងតំបន់អាស៊ីអា គ្នេយ៍។
លោក Collin Koh ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ខាងសន្តិសុខសមុទ្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរីបាននិយាយថា៖ «ជានិច្ចកាល មានហេតុផលក្នុងស្រុករបស់ប្រទេសដែលទទួលមូលដ្ឋានយោធានោះ»។
លោកបាននិយាយទៀតថា៖ «ឧទាហរណ៍ ជាទូទៅ ការណ៍នេះ នឹងមានផលប៉ះពាល់មិនល្អដល់អធិបតេយ្យភាព ហើយជាការពិត ពលរដ្ឋ នឹងចាប់ផ្តើមសួរថាតើរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យមានបរទេសធ្វើវិទ្ធង្សនាគោលនយោបាយការបរទេសរបស់យើងដែរឬទេ»។
លោកនិយាយបន្ថែមទៀតថា ប្រទេសនានាដូចជា ប៊្រុយណេ ក៏ត្រូវគិតពីចំណងទាក់ទងដ៏សំខាន់ដែលកំពុងរីកកាន់តែធំឡើងខាងសេដ្ឋកិច្ចជាមួយចិន មុនពេលធ្វើកិច្ចព្រមព្រៀងខាងយោធាដែលជំទាស់ប្រឆាំងដោយរដ្ឋាភិបាលក្រុងប៉េកាំងនោះ។
ចក្រភពអង់គ្លេសឥឡូវនេះ មានទីតាំងភស្តភានៅឯទីតាំងនាវាSembawang ក្នុងប្រទេសសិង្ហបុរី។
នៅកោះតៃវ៉ាន់ លោកស្រីប្រធានាធិបតី Tsai – Ing-wenបានបង្ហាញនូវការគាំទ្រកាលពីថ្ងៃសៅរ៍ដល់វត្តមានរបស់អង់គ្លេសនៅជិតសមុទ្រចិនខាងត្បូង។ កោះតៃវ៉ាន់ បានទាមទារសមុទ្រទាំងមូល ក៏ប៉ុន្តែ កាន់កាប់កោះតូចៗចំនួនតែ២ប៉ុណ្ណោះក្នុងចំណោមកោះតូចៗរាប់រយដែលមានជម្លោះ។ កោះតៃវ៉ាន់ មានបញ្ហាទឹកដីរបស់ខ្លួនផ្ទាល់ជាមួយចិនហើយលោកស្រីប្រធានាធិបតី Tsai បានសុំឲ្យប្រទេសផ្សេងៗទៀតជួយទប់ទល់នឹងចិន។
លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា៖ «យើងគោរពប្រទេសណាដែលអនុវត្តនូវសិទ្ធិនៃសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងប្រទេសសមុទ្រចិនខាងត្បូង ហើយយើង យកចិត្តទុកដាក់បញ្ហាទាំងនេះដរាបណា វា ជួយថែរក្សាសន្តិភាពនៅក្នុងតំបន់នោះ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន