ប្រទេសបុតស្វាណាដែលជាប្រទេសមានអត្រាអ្នកឆ្លងមេរោគអេដស៍រហូតដល់ទៅ២៥ភាគរយនៃចំនួនមនុស្សពេញវ័យសរុប បាននាំមុខប្រទេសនានា រួមទាំងប្រទេសលោកខាងលិច និងប្រទេសដែលមានសេដ្ឋកិច្ចខ្សត់ខ្សោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺអេដស៍។
កម្មវិធីរបស់ អ.ស.ប សម្រាប់មេរោគនិងជំងឺអេដស៍ បានអំពាវនាវឲ្យប្រទេសនានាប្រឹងប្រែងដើម្បីធានាបានថា ៩០ភាគរយនៃប្រជាជនរបស់ខ្លួនដឹងអំពីស្ថានភាពមេរោគអេដស៍របស់ខ្លួន ហើយ៩០ភាគរយនៃអ្នកទាំងនោះទទួលបានការព្យាបាលដោយវិធីសាស្ត្រពន្យារអាយុជីវិត ដើម្បីសម្រេចការទប់ស្កាត់ឲ្យបាន៩០ភាគរយនៃការឆ្លងជាប្រព័ន្ធ។
របាយការណ៍ថ្មីមួយដែលចេញផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវអំពីមេរោគអេដន៍ ឈ្មោះ The Lancet HIV បានរកឃើញថា ប្រទេសបុតស្វាណាសម្រេចលើសពីគោលដៅដែលបានកំណត់ គឺសម្រេចបានមុនគោលដៅឆ្នាំ២០២០។
ប្រទេសបុតស្វាណាបានឈានដល់អត្រាទប់ស្កាត់ការឆ្លងមេរោគជាប្រព័ន្ធនេះ ដល់ទៅ៩៦ភាគរយក្នុងចំណោមប្រជាជនដែលផ្ទុកមេរោគអេដស៍សរុប ដែលក្នុងនោះភាគច្រើនមានអាយុចាប់ពី១៥ទៅ ៤៩ឆ្នាំ។ នេះបើយោងតាមលោក Max Essex ប្រធាននៃគ្រឹះស្ថានសុខភាពសាធារណៈ T.H. Chan ផ្នែកគំនិតផ្តួចផ្តើមលើមេរោគអេដស៍នៃសាកលវិទ្យាល័យ Harvard។
តើហេតុអ្វីបានជាប្រទេសនេះសម្រេចបានយ៉ាងដូច្នេះ? លោក Essex មាននិយាថា ប្រទេសដែលមានប្រាក់ចំណូលមធ្យមមួយនេះ បានបើកទូលាយឲ្យមានអ្នកស្រាវជ្រាវអំពីជំងឺអេដស៍និងពេទ្យពិនិត្យជំងឺអន្តរជាតិមកជួយក្នុងការទប់ស្កាត់នេះ។
ប្រទេសនេះក៏បានចាប់ផ្តើមលឿនដែរក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ គឺចាប់តាំងពីដើមឆ្នាំ២០០១ ដោយមានគោលដៅធ្វើតេស្តប្រជាជនដែលប្រឈមមុខនឹងហានិភ័យខ្ពស់ និងធ្វើឲ្យប្រាកដថា ឱសថប្រឆាំងនឹងជំងឺអេដស៍អាចឲ្យមនុស្សគ្រប់គ្នាដែលមានតម្រូវការមានលទ្ធភាពទទួលបាន ទោះបីពួកគេនៅក្នុងភូមិដាច់ស្រយាលក៏ដោយ។
លោក Essex មានប្រសាសន៍ថា៖ «ដូច្នេះអ្នកមិនអាចនិយាយថា បញ្ហានេះមិនអាចដោះស្រាយបានទេ នៅក្នុងអនុតំបន់វាលខ្សាច់សាហារ៉ា ដែលជាតំបន់មានអត្រាឆ្លងរោគខ្ពស់ និងជាតំបន់ដែលមិនមានគ្រូពេទ្យជំនាញខាងជំងឺអេដស៍ច្រើនពីមុនមក»។
យោងតាមលោក Essex បណ្តាប្រទេសលោកខាងលិចដើរក្រោយប្រទេសបុតស្វាណាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដែលបង្កជំងឺអេដស៍នេះ ដោយសារពួកគេធ្វើបានប្រមាណត្រឹមតែ ៦០ភាគរយនៃចំនួនប្រជាជនដែលផ្ទុកមេរោគអេដស៍ក្នុងទ្វីបអឺរ៉ុប និងត្រឹមតែ៣០ភាគរយក្នុងសហរដ្ឋអាមេរិក។
លោក Essex បានបន្តថា នៅខណៈពេលដែលមិនទាន់មានការព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយ អ.ស.ប. បានប៉ាន់ស្មានថា ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍តាមរយៈការធ្វើតេស្តឈាម និងការព្យាបាលបច្ចុប្បន្ន អាចនឹងធ្វើឲ្យអត្រាចម្លងមេរោគនេះធ្លាក់ចុះយ៉ាងខ្លាំង។
«ក្នុងវិធីសាស្ត្រដែលអង្គការសុខភាពពិភពលោកកំណត់គោលដៅទាំងនោះ ពួកគេបានលើកឡើងថា បើសិនជាប្រទេសទាំងអស់ ឬក៏ពិភពលោកទាំងមូលអាចសម្រេចគោលដៅទាំងនោះនៅឆ្នាំ២០២០ នោះក្នុងរយៈពេល១០ឆ្នាំ អត្រានៃអ្នកឆ្លងមេរោគអេដស៍ថ្មីនឹងត្រូវធ្លាក់ចុះដល់ទៅ៩០ភាគរយនៅក្នុងពិភពលោក»។
បទពិសោធន៍របស់ប្រទេសបុតស្វាណាហាក់ដូចជាបង្ហាញពីសុពលភាពនៃវិធីសាស្ត្រនេះ ហើយលោក Essex មានប្រសាសន៍ថា លោកមានសុទិដ្ឋិនិយមចំពោះប្រទេសផ្សេងទៀតថា ពួកគេនឹងអនុវត្តបានទាន់ពេលវេលាដែលបានកំណត់។
«ខ្ញុំគិតថាប្រទេសផ្សេងទៀតនឹងចំណាយពេលច្រើនជាងនេះ ដើម្បីសម្រេចកិច្ចការនេះបាន ប៉ុន្តែខ្ញុំជឿជាក់ថា ប្រទេសភាគច្រើនអាចសម្រេចគោលដៅទាំងនេះបានប្រសិនបើពួកគេចង់ ហើយខ្ញុំសង្ឃឹមថាពួកគេចង់»។
ក្តីសង្ឃឹមនេះនៅតែបន្តសម្រាប់អ្នកស្រាវជ្រាវក្នុងការស្វែងរកវ៉ាក់សាំងប្រឆាំងនឹងមេរោគអេដស៍ដែលមានប្រសិទ្ធភាពមួយដើម្បីបញ្ឈប់ការចម្លងនៃមេរោគនេះ។
លោក Essex មានប្រសាសន៍ថា ប្រសិនបើគ្មានវ៉ាក់សាំងនោះទេ មានតែការដឹងពីចំនួនអ្នកឆ្លងមេរោគនេះតាមតែអាចធ្វើទៅបាន និងការព្យាបាលពួកគេដោយថ្នាំពន្យារជីវិតប៉ុណ្ណោះ ដែលផ្តល់ក្តីសង្ឃឹមខ្លាំងបំផុតក្នុងការបញ្ឈប់ការរីករាលដាលនៃមេរោគនេះ៕
ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច