ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បុតស្វាណា​បន្ថយ​អំណាច​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​លួច​ថត​សំឡេង​តាម​ទូរស័ព្ទ ​ក្រោយ​សាធារណជន​ប្រតិកម្ម


ផែនទី​ប្រទេស​បុតស្វាណា (Botswana - ពណ៌​លឿង) ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក​។

រដ្ឋាភិបាល​ប្រទេស​បុតស្វាណា ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក​ បាន​ដក​ចេញ​កថាខណ្ឌ​ដែល​មាន​ភាព​ចម្រូង​ចម្រាស​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី នីតិវិធី​ព្រហ្មទណ្ឌ និង​ភស្តុតាង ដែល​ត្រូវ​បាន​ដាក់​ជូន​រដ្ឋសភា​ដើម្បី​អនុម័ត កាល​ពី​ខែ​មករា។

សេចក្ដី​ព្រាង​ច្បាប់​ដើម​បាន​អនុញ្ញាត​ឲ្យ​អ្នក​ស៊ើប​អង្កេតដាក់​បង្កប់​ឧបករណ៍​ថត​សំឡេង​ដើម្បី​លួច​ថត​ការ​សន្ទនា ហើយ​បាន​ផ្ដល់​នូវ​អភ័យឯកសិទ្ធិ​ដល់​ភ្នាក់ងារ​ស៊ើប​អង្កេត​នោះ​ឲ្យ​រួច​ផុត​ពី​ការ​ផ្ដន្ទា​ទោស។

នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ដើម​នោះ គ្មាន​អង្គភាព​ណា​អាច​គ្រប់គ្រង​លើ​សកម្មភាព​លួច​ថត​សំឡេង​បែប​នេះ​ទេ ហើយ​មន្ត្រី​ដែល​ស៊ើប​អង្កេត​ថែម​ទាំង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​អត្តសញ្ញាណ​ក្លែង​បន្លំ​ដើម្បី​លួច​ថត​សំឡេង​ទៀត​ផង។

ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​ ៤ ខែ​កុម្ភៈ​នេះ រដ្ឋាភិបាល​បាន​ដាក់​ជូន​រដ្ឋសភា​នូវ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ដែល​បាន​ឆ្លង​កាត់​ការ​កែ​សម្រួល​មួយ​ចំនួន​ ដោយ​បាន​ចាត់​ទុការ​ការ​លួច​ថត​ការ​សន្ទនា​បែប​នេះ​ថា ​ជា​អំពើ​ល្មើស​ច្បាប់។ សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ​ក៏​តម្រូវ​ឲ្យ​មាន​អង្គភាព​គ្រប់​គ្រង​លើ​ការ​អនុវត្ត​ច្បាប់​នេះ​ដែរ ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋ​មន្ត្រី​មួយ​រូប។

លោក Dithapelo Keorapetse សមាជិក​រដ្ឋសភា​ មក​ពី​គណបក្ស​ប្រឆាំង​ បាន​ស្វាគមន៍​ការ​កែប្រែ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ប៉ុន្តែ​លោក​នៅ​មាន​ក្ដី​បារម្ភ​អំពី​សេចក្ដី​ព្រាង​ច្បាប់​នេះ។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «អ្វី​ដែល​រដ្ឋ​កំពុង​តែ​ព្យាយាម​ធ្វើ​តាម​រយៈ​ច្បាប់​នេះ​ បើ​យើង​មើលសេចក្ដី​ព្រាង​ច្បាប់​ដើម​ ដូច​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ ដាក់​លើ​តុ​ពិភាក្សា និង​ត្រូវ​បាន​អាន​លើក​ទី១ និង​ទី២ នោះ​គឺ​ថា​ច្បាប់​នេះ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​អំពើ​ភេរវកម្ម​របស់​រដ្ឋ​ក្លាយជា​អំពើ​ស្រប​ច្បាប់។ ​ចំណុច​នេះ​ហើយ​ដែល​យើង​ជំទាស់»។

លោក​បន្ត​ថា ដោយសារ​តែ​មាន​សម្ពាធ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទើប​រដ្ឋាភិបាល​ដក​ចេញ​នូវ​ចំណុច​ដែល​លោក​ចាត់​ទុក​ថា​ជា ជំពូក​ល្មើសច្បាស់​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ។

លោក​ថ្លែង​បន្ត​ថា៖ «យើង​គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាស់​អៀន​ទេ ដែល​យើង​ត្រូវ​តែ​អរគុណ​ដោយ​ស្មោះដល់​អង្គការ​សង្គម​ស៊ីវិល ដូចជា​អង្គការ​អ្នក​ច្បាប់​បុតស្វាណា (Law Society of Botswana) ប្រព័ន្ធ​ផ្សព្វផ្សាយ សហជីព​ការងារ និង​បក្ស​ប្រឆាំង​ ព្រម​ទាំង​អ្នក​ដែល​មាន​ឥទ្ធិពល​ផ្សេង​ទៀត​ ក៏​ដូចជា​ពលរដ្ឋ​បុតស្វាណា​ជាទូទៅ​ ដែល​បាន​បញ្ចេញ​សំឡេង​យ៉ាង​ខ្លាំង​ក្លា​ ព្រម​ទាំង​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ»។

អ្នកស្រី Cindy Kelemi នាយក​អង្គការ​ «បណ្ដាញ​ក្រម​សីលធម៌ ច្បាប់ និង​ជំងឺ​អេដស៍​បុតស្វាណា» ថ្លែង​ថា​ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​ការ​ការ​ពិភាក្សា​គ្នា​បន្ថែម​ទៀត។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ក្ដី​រំពឹង​របស់​យើង​គឺ​ថា សេចក្ដី​ព្រាង​ច្បាប់​ក្នុង​ទម្រង់​បែប​នេះ ដែល​មាន​ឥទ្ធិពល​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ គួរ​តែ​មាន​ការ​ពិភាក្សា​ និង ការ​ប្រឹក្សា​ឲ្យ​បាន​ទូលំទូលាយ»។

វិទ្យាស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្វ្រិក​ខាង​ត្បួង បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រធានាធិបតី លោក Mokgweetsi Masisi កាល​ពី​សប្ដាហ៍​មុន ដោយ​បាន​ជំរុញ​ឲ្យ​លោក​បញ្ឈប់​ការ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដោយ​ត្រូវ​រង់ចាំការ​ប្រឹក្សា​ពី​សាធារណជន​ជា​មុន​សិន។

លោក Nqaba Matshazi នៃ​អង្គការ MISA-Zimbabwe chapter ​បាន​ថ្លែង​ថា​ ពួកគេ​ស្វាគមន៍​ចំពោះ​ការ​កែ​សម្រួល​លើ​សេក្ដី​ព្រាង​ច្បាប់​នេះ ហើយ​នឹង​បន្ត​ធ្វើ​ការ​ជជែក​ជាមួយ​រដ្ឋាភិបាល​បុតស្វាណា​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខណៈ​ដែល​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​តែ​ជា​កង្វល់​របស់​យើង ខ្ញុំ​គិត​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ និង​អ្វី​ដែល​សភា​កំពុង​ធ្វើ គួរ​តែ​មាន​តុល្យភាព​រវាង​សិទ្ធិ​របស់​ពលរដ្ឋ និង​ តម្រូវ​ការ​របស់​រដ្ឋ​ក្នុង​ការ​រក្សា​សន្តិសុខ​ជាតិ ជាពិសេស​ពាក់​ព័ន្ធ​សិទ្ធិ​ឯកជនភាព​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​នេះ»។

នៅ​ពេល​ដែល​ការ​ជជែក​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​បញ្ចប់ សេច​ក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​អនុម័ត​ឲ្យ​ក្លាយ​ជា​ច្បាប់​ ដែល​មាន​ការ​កែប្រែ​បន្តិច​បន្តួច៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG