លោក ស៊ាន ប៉េងសែ អ្នកជំនាញកិច្ចការព្រំដែនកម្ពុជាបានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងជន្មាយុ៨២ឆ្នាំដោយរោគាពាធនៅប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ប្រាប់របស់អតីតសហការីរបស់លោក។
លោក ឌី ការ៉េត អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថា៖
«នេះគឺជាការបាត់បង់មួយដ៏ធំណាស់ចំពោះសមាជិកសមាជិកាទាំងអស់នៃគណៈកម្មាធិការព្រំដែនកម្ពុជា»។
លោក ស៊ាន ប៉េងសែ បានបង្កើតគណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំងនិងពិភពលោកក្នុងឆ្នាំ១៩៩៩ ដើម្បីតាមដានមើលបញ្ហាព្រំដែនកម្ពុជាដែលលោកយល់ថានៅមានការរំលោភបំពានពីប្រទេសជិតខាង។ លោកបានធ្វើជាប្រធានរហូតដល់ពេលលោកទទួលមរណភាព។
លោក ស៊ាន ប៉េងសែ ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្មក្នុងរបបសាធារណរដ្ឋខ្មែរហើយក៏ធ្លាប់ជាប្រធានគណៈប្រតិភូកម្ពុជាសម្រាប់ការចរចាអំពីបញ្ហាព្រំដែនជាមួយនឹងប្រទេសវៀតណាមនៅក្នុងឆ្នាំ១៩៧៤។ លោកបានរស់នៅក្នុងប្រទេសបារាំងតាំងពីមុនពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥។
លោក ឌី ការ៉េត បានរំលឹកពីស្នាដៃរបស់លោកស៊ានប៉េងសែថា៖
«គាត់ជាអ្នកជំនាញការយ៉ាងសំខាន់បំផុតអំពីរឿងផែនទីទាំងផែនទីដីគោកនិងផែនទីសមុទ្រដែលខ្លួនគាត់បានរៀបចំធ្វើសឹងតែម្នាក់ឯងដោយមានការចូលរួមខ្លះពីអ្នកឯកទេសមកពីប្រទេសបារាំង។ មានការចូលរួមអំពីមន្ត្រីធំៗរដ្ឋមន្ត្រីរដ្ឋាភិបាលកម្ពុជាដែរប៉ុន្តែគាត់រៀបចំខ្លួនឯងច្រើនណាស់»។
កាលពីនៅរស់រានមានជីវិត លោកស៊ានប៉េងសែតែងតែរិះគន់ថាការវាស់វែងកំណត់ព្រំដែននាពេលបច្ចុប្បន្នផ្តល់ផលប្រយោជន៍ទៅដល់ប្រទេសវៀតណាមដោយសារតែរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលតម្រូវឱ្យកម្ពុជាលុបចោលកិច្ចព្រមព្រៀងទាំងឡាយណាដែលវៀតណាមបានចុះហត្ថលេខាក្នុងពេលដែលខ្លួនគ្រប់គ្រងលើប្រទេសកម្ពុជារយៈពេល១០ឆ្នាំតាំងពីឆ្នាំ១៩៧៩។ ជាពិសេសកិច្ចព្រមព្រៀងរវាងកម្ពុជានិងវៀតណាមដែលបានចុះហត្ថលេខា ឆ្នាំ១៩៨២និង១៩៨៥។
លោក ឌី ការ៉េត បានបន្ថែមថា៖
«ដូច្នេះគាត់ថាត្រូវតែបន្តការងារហ្នឹងធ្វើយ៉ាងណាកុំឱ្យមានការទទួលស្គាល់នូវសន្ធិសញ្ញាទាំងអស់ហ្នុង»។
លោក ឌី ការ៉េត បានប្តេជ្ញាបន្តកិច្ចការព្រំដែនកម្ពុជា៖
«ដរាបណាខ្ញុំនៅរស់ខ្ញុំនៅតែបន្តកិច្ចការហ្នឹង។ ខ្ញុំអត់មានបោះបង់ចោលទេហើយមិត្តភក្តិដែលនៅជួយធ្វើការទាំងអស់ទាំងប៉ុន្មានក៏មានការប្តេជ្ញាចិត្តដូចខ្ញុំអីចឹងដែរហើយយើងខ្ញុំកំពុងតែស៊ើបសួរស្នើឱ្យយុវជនអ្នកក្មេងៗអាយុក្រោម៥០ឆ្នាំ ក្រោម៤០ឆ្នាំឱ្យចូលមករួមទៀតជាអ្នកបច្ចេកទេសក្តីជាអ្នកធ្វើវិភាគតាមផ្លូវច្បាប់និងផ្លូវបច្ចេកទេសក្តី»។
លោក ស៊ាន ប៉េងសែ កើតនៅថ្ងៃទី១ខែមករាឆ្នាំ១៩៣៦នៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ លោកមានបងប្អូនប្រុសពីរនាក់និងបងប្អូនស្រីពីរនាក់។ លោកបានរៀបការជាមួយនឹងភរិយាគឺលោក ស្រីវណ្ណ ដារ៉េត នៅឆ្នាំ១៩៦៦ហើយមានបុត្រចំនួនបួននាក់ស្រីម្នាក់និងប្រុសបីនាក់។
លោក ស៊ាន ប៉េងសែ ទទួលសញ្ញាបត្រវិស្វករពីសាលា Ecole des Mines d’Alèsនៃប្រទេសបារាំងក្នុងឆ្នាំ១៩៦៥។ នេះបើតាមប្រវត្តិរូបសង្ខេបដែលគណៈកម្មាធិការព្រំដែនកម្ពុជាបានចែកចាយដល់បណ្តាញសារព័ត៌មាន។
លោកបានសរសេរអត្ថបទស្រាវជ្រាវជាច្រើនពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មនិងរ៉ែក្នុងនោះមានសំណេរ «ការស្រាវជ្រាវរកប្រេងនៅលើដីគោកនិងក្នុងសមុទ្រនៅកម្ពុជា (ប្រេងនិងនយោបាយនៅកម្ពុជា)» «ព្រំដែនដីគោកនិងដែនសមុទ្ររបស់កម្ពុជា»និង«បន្ទាត់មូលដ្ឋាននិងផែនទីនៃខ្ពង់រាបបាតសមុទ្ររបស់កម្ពុជា»។
ពិធីបុណ្យសពរបស់លោក ស៊ាន ប៉េងសែ នឹងរៀបចំនៅថ្ងៃទី ២៩ ខែមករាខាងមុខនេះនៅវត្តពោធិវង្ស នៅក្រុង សង់-សួរ-ម៉ាន៕