ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​ដីធ្លី​សហគមន៍​បឹង​កក់​ចេញ​តវ៉ា​ជាថ្មី​សុំ​ដោះលែង​លោកស្រី​យ៉ោម​ បុប្ផា

  • ម៉ែន​ គឹមសេង

Boengkak villagers protested for Yoam Bopha's release.
សកម្មជន​សិទ្ធិដីធ្លី​នៅ​សហគមន៍​បឹង​កក់​នឹង​ចេញ​ដើរ​តវ៉ា​ជាថ្មី​ទៀត​នៅ​ថ្ងៃ​ពុធនេះ​ដើម្បី​ទាម​ទារ​ឱ្យ​តុលាការ​ដោះលែង​អ្នកស្រី​យ៉ោម​ បុប្ផា​ ​សកម្មជន​ដីធ្លី​ដ៏ល្បី​ឈ្មោះ​ម្នាក់​ដែលត្រូវ​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​គត់។​

អ្នកស្រី​យ៉ោម ​បុប្ផា​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ដាក់​ពន្ធនាគា​រយៈ​ពេល​បី​ឆ្នាំ​ប៉ុន្តែ​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រាល​ទោស​មក​នៅ​ត្រឹម​ពីរ​ឆ្នាំ​វិញ​ពាក់​ព័ន្ធ​នឹង​ការចោទ​ប្រកាន់​ពី​«បទ​ហិង្សា​ដោយ​ចេតនា» ​ប្រព្រឹត្ត​មក​លើ​ជន​រងគ្រោះ ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ចំនួន​ពីរ​នាក់។​ សកម្មជន​ដីធ្លី ​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា​ឆ្នាំ​២០១២​ នៅ ​ក្បែរ​គេហដ្ឋាន​នៅ​តំបន់​បឹង​កក់​ រាជធានី​ភ្នំពេញ។

ក្រុម​អ្នកតវ៉ា​នឹ​ងមានកាន់​ធូបទាន ​បដានិង​ពាក់​អាវយឺត​រូប​លោកស្រី​យោម បុប្ផា​ចំនួន​៣៦៥​នាក់​តំណាង​ឱ្យ​រយៈ​ពេល​៣៦៥​ថ្ងៃ​នៃ​ការ​ជាប់​ពន្ធនាគារ​របស់​សហការី​ពួកគាត់​ ហើយ​ដើរ​ក្បួន​តវ៉ា​នៅទៅ​តុលាការ​កំពូល។

លោកស្រី​ ទេព វណ្ណី ​ជា​ជ័យ​លាភី​រង្វាន់​ភាព​ជា​អ្នកដឹកនាំ​ពិភព​លោក​របស់​អង្គការ​Vital Voices​និង​ជាអ្នក​ដឹកនាំ​ការតវ៉ា​នេះ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «យើង​ហែរ​ទៅ​តុលាការ​កំពូល​ដោយសារ​ថា​ដោយ​សារ​យើង​បាន​ដាក់​ពាក្យ​ទៅ​តុលាការ​កំពូល​បន្ថែម​ទៀត​ដោយ​សារ​មិន​សុខ​ចិត្ត​ករណី​តុលាការ​ដំបូង​និង​ឧទ្ធរណ៍​គាត់​កាត់​ក្តី​មិន​យុត្តិធម៌។ យើង​បាន​ដាក់​លិខិត​សារណា​ទៅ​តុលាការកំពូល​ហើយ​ដើម្បី​ប្តឹង​ ហើយ​ជាសារ​មួយ​ទៀត​ដើម្បី​ឱ្យ​តុលាការ​កំពូល​គាត់​ពន្លឿន​បើក​សវនាការ​ពីករណី​អ្នកស្រី​ យ៉ោម​ បុប្ផា​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​និង​ផ្តល់​យុត្តិធម៌​ជូន​គាត់​ឱ្យ​បាន​ឆាប់»។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ជំរុញ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ការ​ចោទប្រកាន់​លើ​អ្នក​ស្រី យ៉ោម បុប្ផា​ដោយ​លើក​ហេតុផល​ថា​ពុំ​មាន​មូលដ្ឋាន​ច្បាប់​ជាក់លាក់​ណា​ដើម្បី​ដាក់​បន្ទុក​អ្នក​ស្រី​ទេ។

លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃទី​៣​ខែ​កញ្ញា​ថា៖​ «ការដាក់​ពន្ធនាគារ​លើ​អ្នកស្រី​យ៉ោម បុប្ផា​បើ​ទោះ​ជា​កង្វះ​ភស្តុតាង​ពិតប្រាកដ​ចោទ​ប្រកាន់​លើ​អ្នកស្រី​ពិត​ជា​បង្ហាញ​ថា​ អ្នក​ស្រី​ពុំ​ទទួល​បាន​សិទ្ធិសន្មត​ថា​គ្មាន​ទោស​មុន​រក​ឃើញ​ថា​មាន​ទោស​ ហើយ​ដែល​ករណី​នេះ​ជា​ករណី​នយោបាយ​ដែល​សាលក្រម​ត្រូវ​បាន​តុលាការ​សម្រេច​ជាមុន»។

អ្នកស្រី​យ៉ោម បុប្ផា​ ​បាន​ចូលរួម​ការ​តវ៉ា​ប្រឆាំង​នឹង​ការបណ្តេញ​អ្នក​ភូមិ​បឹងកក់​ចេញ​ពី​លំនៅដ្ឋាន​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ដែល​បញ្ហា​ជម្លោះ​ដីធ្លី​មិន​ត្រូវ​បាន​អាជ្ញាធរ​ដោះ​ស្រាយហើយ​ការតវ៉ា​ចេះ​តែ​មាន​ការកើនឡើង​ជាបន្ត​បន្ទាប់។ ​

ប្តី​របស់​អ្នក​ស្រី​យ៉ោម បុប្ផា​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​គ្នា​នា​ពេល​នោះ​ដែរត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG