ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ទៅអារ៉ាប់រួមនិងអារ៉ាប៊ីសាអ៊ូឌីត ខណៈប្រឹងទប់ស្កាត់ការរីកសាយសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់


រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken និង​​មេដឹកនាំ​កាតា Sheikh Tamim bin Hamad Al Thani​ ធ្វើ​សន្និសីទសារព័ត៌មាន​រួមគ្នា នៅ​ទីក្រុង Doha ប្រទេស​កាតា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken និង​​មេដឹកនាំ​កាតា Sheikh Tamim bin Hamad Al Thani​ ធ្វើ​សន្និសីទសារព័ត៌មាន​រួមគ្នា នៅ​ទីក្រុង Doha ប្រទេស​កាតា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Antony Blinken​ បាន​ជួប​ជាមួយ​មន្ត្រី​នៅក្នុង​ប្រទេស​អារ៉ាប់រួម ​និង​អារ៉ាប៊ីសាអូឌីត ​នៅ​ថ្ងៃចន្ទ​នេះ​ បន្ទាប់មក​លោក​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល ​ខណៈដែល​លោក​ជំរុញ​ឱ្យ​មាន​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ដល់​តំបន់​ហ្កាហ្សា​ ការការពារ​ជនស៊ីវិល​ និង​ធានា​ថា ​ជម្លោះ​មិន​រីករាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​តំបន់​នេះ។

ការឈប់សំចត​របស់ ​លោក ​Blinken ​នៅទីក្រុង Abu Dhabi​ រួមមាន​ជំនួប​ជាមួយ​ប្រធានាធិបតី​អារ៉ាប់រួម ​ព្រះអង្គម្ចាស់ ​Sheikh Mohammed bin Zayed Al Nahyan ​ខណៈ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ លោក​បាន​ជួបពិភាក្សា​ជាមួយ​ព្រះអង្គម្ចាស់​រជ្ជទាយាទ​ Mohammed bin Salman។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​ព្រះមហាក្សត្រ​ហ្ស៊កដានី ​Abdullah II ​និង​មេដឹកនាំ​កាតា Sheikh Tamim bin Hamad Al Thani​ អ្នកការទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​អំពី​តម្រូវការ​សម្រាប់​អ៊ីស្រាអែល​ក្នុង​ការទប់ស្កាត់​ការបាត់បង់​ជីវិត​ជនស៊ីវិល​ក្នុង​អំឡុង​សង្គ្រាម​អ៊ីស្រាអែលនិងក្រុម​ហាម៉ាស​នៅ​តំបន់​ហ្កា​ហ្សា ​និង​បង្កើន​ចំនួន​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា ​ដែល​កំពុង​រងគ្រោះ​យ៉ាងខ្លាំង​ដោយ​ទុរ្ភិក្ស។

ប្រទេស​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កងទ័ព​របស់​ខ្លួន​បាន​វាយ​ប្រហារ​ជាថ្មី​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ នៅ​ភាគ​កណ្ដាល​និង​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា ក៏​ដូចជា​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​លើ​ក្រុម​ហេសបូឡា (Hezbollah) នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​ផង​ដែរ។

ការ​វាយ​ប្រហារ​ទាំងនេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​មន្ត្រី​អ៊ីស្រាអែល​ត្រៀម​លក្ខណៈ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken។

លោក Blinken បាន​និយាយ​ថា លោក​នឹង​លើកឡើង​អំពី​រឿង​ដែល​អ៊ីស្រាអែល​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​ស្លាប់​និង​រង​របួស​របស់​ជន​ស៊ីវិល​ដោយសារ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ហ្កាហ្សា និង​អំពី​រឿង​សម្របស្រួល​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ទៅ​ដល់​ដៃ​ជន​ស៊ីវិល​ប៉ាឡេស្ទីន។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​សន្យា​បន្ត​ការ​ប្រយុទ្ធ​នៅ​ពេល​ដែល​លោក​ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្ដាហ៍​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ។

យុទ្ធនាការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នេះ​បាន​ធ្វើ​ឱ្យ​ផ្នែក​ភាគ​ច្រើន​នៃ​តំបន់​ហ្កាហ្សា​រង​ការ​បំផ្លិច​បំផ្លាញ។ ក្រសួង​សុខាភិបាល​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដែល​ត្រួតត្រា​ដោយ​ក្រុម​ហាម៉ាស់​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​ជាង ២២.៨០០ នាក់។ ក្រសួង​នេះ​មិន​បាន​បែងចែក​រវាង​ក្រុម​សកម្ម​ប្រយុទ្ធ​និង​ជន​ស៊ីវិល​នោះ​ទេ ប៉ុន្តែ​បាន​លើកឡើង​ថា ៧០% នៃ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​នេះ​គឺ​ជា​ស្ត្រី​និង​កុមារ។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​បាន​បញ្ជាក់​ថា មនុស្ស​ជិត ១,៩​ លាននាក់ ​ក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន ២,៣ ​លាន​នាក់​នៃ​តំបន់​ហ្កាហ្សា ​កំពុង​ជ្រកកោន​នៅ​ក្នុង​ឬ​នៅ​ជុំវិញ​ទីតាំង​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នេះ​នៅ​ក្នុង​តំបន់​ហ្កាហ្សា៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG