រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា លោកនឹងពិភាក្សាអំពី «វិធីឆ្ពោះទៅមុខ» នៅពេលលោកជួបជាមួយនឹងថ្នាក់ដឹកនាំអ៊ីស្រាអែលនៅក្នុងទីក្រុង Tel Aviv នៅថ្ងៃអង្គារនេះ។
លោកថ្លែងដូច្នេះនៅចំពេលដែលមានការជំរុញឱ្យបង្ការកុំឱ្យសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា (Gaza) រីករាលដាលនៅក្នុងតំបន់មជ្ឈិមបូព៌ានិងឱ្យមន្ត្រីអ៊ីស្រាអែលធ្វើបន្ថែមទៀត ដើម្បីការពារជនស៊ីវិលនិងការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា។
លោក Blinken បានថ្លែងដោយមានវត្តមានប្រធានាធិបតីអ៊ីស្រាអែលលោក Issac Herzog នៅក្បែរនោះថា លោកនឹងមានឱកាសជួបជាមួយក្រុមគ្រួសាររបស់ចំណាប់ខ្មាំងមួយចំនួនដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា ហើយនឹងមានឱកាសប្រាប់ថ្នាក់ដឹកនាំអ៊ីស្រាអែលនូវអ្វីដែលលោកបានឮពីមេដឹកនាំផ្សេងទៀតនៅក្នុងតំបន់ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចនៅប្រទេសតួកគី ក្រិក ហ្ស៊កដានី កាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។
លោក Herzog បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់ «ការគាំទ្រមិនប្រែប្រួលលើអ៊ីស្រាអែល» និងបាននិយាយថា សង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់គឺជាសង្គ្រាមដែល «ប៉ះពាល់ដល់គុណតម្លៃអន្តរជាតិនិងគុណតម្លៃរបស់ពិភពសេរី»។
លោក Herzog ក៏បានច្រានចោលផងដែរនូវបណ្ដឹងដាក់ជូនតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា ដោយលោកបានហៅការចោទប្រកាន់នោះថា «ហួសហេតុនិងមិនសមហេតុផល»។
មន្ត្រីសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីនជិត ២៣.០០០ នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយោធាអ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។
លោក Blinken បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំនានានៅតំបន់មជ្ឈិមបូព៌ាបានតាំងចិត្តបង្ការកុំឱ្យសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សារីករាលដាល និងថាមានការទទួលស្គាល់ជាទូទៅអំពីតម្រូវការនៅក្នុងការ «ត្រួសត្រាយមាគ៌ានយោបាយឆ្ពោះទៅមុខសម្រាប់ជនជាតិប៉ាឡេស្ទីន»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានផ្ដល់ឱ្យដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AP។
វេទិកាបញ្ចេញមតិ