ក្រុមអ្នកធ្វើ «យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ» បានបន្តផ្អាកយុទ្ធនាការរបស់ខ្លួន ក្នុងពេលដែលការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានចាប់ផ្តើម។
ជាមួយគ្នានោះដែរ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានគំរាមកម្ចាត់ចោល រាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ណាមួយ ក្នុងការផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ចាន់ ពុទ្ធិស័ក្ត អ្នកចូលរួមការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះ ថា យុទ្ធនាការនេះ ត្រូវបានផ្អាកបន្តទៀត ដោយហេតុថា ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់កំពុងដំណើរការ។
លោកថា ស្ថានភាពរឹតត្បិតខ្លាំងលើសិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំ និងបញ្ចេញមតិ ក៏បានញ៉ាំងឲ្យផ្អាកយុទ្ធនាការដែលមានបំណងទាមទារយុត្តិធម៌ដល់ក្រុមមន្ត្រីសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប ក៏ដូចជាសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី ដែលកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង។
លោក ចាន់ ពុទ្ធិស័ក្ត ដែលជាសកម្មជនបឹងកក់ ថ្លែងថា៖
«ដោយសារស្ថានភាពនៃការឃោសនាបោះឆ្នោតយើងចូលមកហើយ អញ្ចឹងប្រជាពលរដ្ឋវក់វីក្នុងការចូលរួមក្នុងការឃោសនាបោះឆ្នោតអីអញ្ចឹងទៅ។ ហើយមួយទៀត ដោយសារថាយើងចង់បន្ថយស្ថានភាពនៃការតានតឹងនៅក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ដើម្បីបន្ធូរបន្ថយស្ថានភាពមួយទៀតដល់អ្នកទោសនៅក្នុងហ្នឹងដើម្បីឲ្យថ្នាក់ដឹកនាំហ្នឹងរាងធូរ អារម្មណ៍បន្តិច ក្រែងលោកងាកមកមានចិត្តចង់ដោះលែងអ្នកនៅក្នុងពន្ធនាគារ»។
អ្នកស្រី បូវ សោភា អ្នកចូលរួមក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដ៏សកម្មម្នាក់ទៀត និយាយថា ការឃោសនាបោះឆ្នោតជាតិមានសារៈសំខាន់សម្រាប់រាស្ត្រ និងប្រទេស ដូច្នេះ អ្នកចូលរួមក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះផ្សេងទៀត សម្រេចផ្អាកយុទ្ធនាការនេះមួយរយៈសិន។
«ខ្ញុំពីរឿងការបោះឆ្នោត វាជារឿងថ្នាក់ជាតិមួយសំខាន់ ហើយទីមួយ គឺយើងចង់ឲ្យមានការឃោសនាបោះឆ្នោតឃុំ-សង្កាត់ហ្នឹងឲ្យវាមាន គេហៅថា ជាលក្ខណៈមួយឲ្យប្រជាពលរដ្ឋ គាត់ចាប់អារម្មណ៍ខ្លាំង ជាជាងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ មួយទៀត គឺខ្ញុំគិតថា បើសិនជាគណបក្សណាមួយដែលគាត់ឈ្នះឆ្នោត ធ្វើការបម្រើប្រជាពលរដ្ឋពិតប្រាកដ គឺពួកគាត់នឹងមានសេរីភាពដោយឯកឯង និងមានយុត្តិធម៌ដោយឯកឯង»។
ក្រុមមន្ត្រីសិទ្ធិមនុស្សជាប់ឃុំបួនរូបរួមមាន អ្នកស្រី លឹម មុន្នី លោក យី សុខសាន លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នកទាំងបួន ត្រូវបានចោទប្រកាន់ក្នុងករណីសូកប៉ាន់សាក្សី។ ចំណែកឯមន្ត្រី គ.ជ.ប គឺ លោក នី ចរិយា ក៏ត្រូវបានចោទប្រកាន់ក្នុងករណីស្រដៀងគ្នានេះដែរ។ ដោយឡែក អ្នកស្រី ទេព វន្នី ត្រូវបានកាត់ទោស និងចោទប្រកាន់ ក្នុងសំណុំផ្សេងៗគ្នាពាក់ព័ន្ធការជេរប្រមាថមន្ត្រីរាជការសាធារណៈ និងការបង្កហិង្សា។
នៅចំពេលដែល«យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ»នេះ ត្រូវបានផ្អាក នាយឧត្ដមសេនីយ៍ ប៉ុល សារឿន មេទ័ពកម្ពុជា បានប្រកាសនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ កាលពីថ្ងៃចន្ទ ឲ្យកងទ័ពបន្តថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍ ហើយត្រូវទប់ស្កាត់ចលនាបដិវត្តន៍។ នេះបើតាមទំព័រហ្វេសប៊ុករបស់នាយឧត្ដមសេនីយ៍រូបនេះ។
ទំព័រហ្វេសប៊ុករបស់នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានសរសេរក្នុងន័យដើមថា៖
«កងទ័ពត្រូវប្រឆាំងដាច់ខាតបដិវត្តពណ៌ មិនឲ្យកើតមាននៅលើទឹកដីកម្ពុជានោះឡើយ។ ត្រូវរួមសហការជាមួយបណ្ដាស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងពេលបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ កងទ័ពត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់»។
ក្រុមអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ បានប្រតិកម្មថា មេទ័ពកម្ពុជា យល់ខុសចំពោះស្ថានភាពប្រទេសរបស់ខ្លួន ដែលកំពុងអនុវត្តលទ្ធិប្រជាធិបតេយ្យ ហើយការផ្លាស់ប្ដូរមេដឹកនាំរដ្ឋាភិបាល គឺធ្វើតែតាមការបោះឆ្នោត មិនមែនតាមការធ្វើបដិវត្តន៍នោះទេ។
លោក ចាន់ ពុទ្ធិសក្តិ និយាយថា៖
«អ្នកនិយាយភាសាហ្នឹង ហាក់ដូចអត់ស្គាល់ខ្លួនឯង អត់ស្គាល់របបខ្លួនឯង ថាកំពុងតែស្ថិតនៅក្នុងការដឹកនាំអ្វី របបអ្វី ប៉ុន្តែខ្ញុំគិតថា ពួកគាត់មិនស្គាល់ ប៉ុន្តែខ្ញុំគិតថា ប្រជាពលរដ្ឋស្គាល់ គឺថា សង្គមខ្មែរកំពុងតែស្ថិតហៅថា នីតិរដ្ឋ របបលទ្ធិប្រជាធិបតេយ្យ។ អញ្ចឹងទេ របបលទ្ធិប្រជាធិបតេយ្យ គឺជារបបមួយដែលធ្វើការផ្លាស់ប្ដូរតាមរយៈនៃការបោះឆ្នោត។ អញ្ចឹងហើយការបោះឆ្នោតមិននៅឆ្ងាយទេ នៅជិតហ្នឹងហើយបាទ»។
ចំណែកឯអ្នកស្រី បូវ សោភា យល់ថា រដ្ឋាភិបាលកំពុងខ្លាចស្រមោលអតីតកាល ដែលធ្លាប់ឆ្លងកាត់ចលនាបដិវត្តន៍។
«អញ្ចឹងសម្រាប់ពួកគាត់ ដែលគាត់ប្រឹងនិយាយហ្នឹង បានន័យថា គាត់កំពុងតែខ្លាច កំពុងតែខ្លាចខ្លួនឯង កំពុងតែខ្លាច កំពុងតែទាញយកអតីតកាល បញ្ហាដែលគេធ្វើបដិវត្តន៍ ឬមួយពួកគាត់ធ្លាប់រងចូលធ្វើ អាគេហៅថា ក្នុងសម័យកាលអស់ទាំងនោះមក គាត់ចាប់ផ្ដើមរំលឹកមេរៀនរបស់គាត់ឡើងវិញ។ អាហ្នឹងជារឿងរបស់គាត់ តែបើសម្រាប់ពួកខ្ញុំ ដែលជាប្រជាពលរដ្ឋនៅតំបន់បឹងកក់ គឺពួកខ្ញុំធ្វើការតស៊ូមតិ ទាមទារឲ្យមានការដោះលែងសង្គមស៊ីវិល ផ្ដល់យុត្តិធម៌សម្រាប់អ្នកស្រី ទេព វន្នី ហើយនិងផ្ដល់សេរីភាពឲ្យគាត់ មានសេរីភាពជួបជុំក្រុមគ្រួសារឲ្យវិញមក គឺចប់»។
អ្នកស្រី បូវ សោភា បានបន្ថែមថា មានតែក្រុមយោធាទេ តែដឹងពីរបៀបធ្វើបដិវត្តន៍នោះ។ ប្រជាពលរដ្ឋស្លូតត្រង់មិនយល់ និងដឹងពីតាក់តិចក្នុងការបង្កើតចលនាបដិវត្តន៍នោះឡើយ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បាននិយាយថា កម្ពុជាមិនមានសញ្ញាណនៃការបំផុសបំផុលឲ្យធ្វើបដិវត្តន៍នោះទេ នៅគ្រាដែលស្ថានភាពសេដ្ឋកិច្ចមិនបានធ្លាក់ចុះដុនដាបខ្លាំងនោះ។
ទាក់ទិនការឃុំខ្លួន អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងមន្ត្រី គ.ជ.ប សហគមន៍អន្តរជាតិនានា រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ធ្លាប់បានសម្ដែងក្ដីបារម្ភចំពោះការធ្វើទុក្ខបុកម្នេញតាមចំណាត់ការរបស់តុលាការ ដែលត្រូវគេជឿថា មិនមានឯករាជ្យពេញលេញក្នុងការកាត់សេចក្ដី។ ពួកគេថា ការណ៍នេះកំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា កាន់តែចុះថមថយទៅផងដែរ។
យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ បានផ្អាកអស់ជាច្រើនសប្ដាហ៍មកហើយ គិតចាប់តាំងពីមុនពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ យុទ្ធនាការនេះ ត្រូវបានធ្វើឡើងអស់រយៈពេលជាង៣០ សប្ដាហ៍ ក្រោយការចាប់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប.។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នកធ្វើយុទ្ធនាការនេះ។
ពួកគេមិនទាន់អាចបញ្ជាក់ថា តើយុទ្ធនាការនេះ នឹងត្រូវបន្តធ្វើទៀត ឬយ៉ាងនោះឡើយទេ ក្រោយការបោះឆ្នោតឃុំ-សង្កាត់៕