ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ​និង​លោក​ Xi ​រំពឹង​ថា​ នឹង​និយាយ​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ


រូបឯកសារផ្គុំ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ និង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ទីក្រុង Brasília នៃ​ប្រទេស​ប្រេស៊ីល នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារផ្គុំ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ និង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ទីក្រុង Brasília នៃ​ប្រទេស​ប្រេស៊ីល នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ​និង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​ត្រូវ​គេ​រំពឹង​ថានឹង​និយាយ​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​អំពី​អ្វី​ដែល​សេតវិមាន​បាន​និយាយ​ថា​ ​មាន​បញ្ហា​ជាច្រើន​ រួម​ទាំង​បញ្ហា​សេដ្ឋកិច្ច ​ភាព​តាន​តឹង​អំពី​តៃវ៉ាន់ ​និង​សង្រ្គាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​សេតវិមាន​ លោក​ John Kirby ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា ​លោក​មិន​អាច​ផ្តល់​កាល​បរិច្ឆេទ ​និង​ពេល​វេលា​ហៅ​ទូរស័ព្ទ​រវាង​មេ​ដឹកនាំ​ទាំងពីរ​នោះ​ទេ ​ប៉ុន្តែ​លោក​រំពឹង​ថា នឹង​កើត​ឡើង«នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ»។​

លោក ​Kirby ​បាន​និយាយ​ថា​ លោក ​Biden​ «ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ទំនាក់​ទំនង​ជាមួយ​លោក​ប្រធានាធិបតី​ Xi ​នៅ​តែ​បើក​ចំហ ​ពីព្រោះ​វា​ចាំបាច់។​ មាន​បញ្ហា​ដែល​យើង​អាច​សហការ​ជាមួយ​ចិន​បាន ​ហើយ​ក៏​មាន​បញ្ហា​ដែល​ជាក់ស្តែង​មិន​ត្រូវ​គ្នា​ និង​មាន​ភាព​តានតឹង»។ ​លោក​បាន​និយាយ​ថា​ ភាព​តានតឹង​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង ​និង​អ្វី​ដែល​លោក​ហៅ​ថា ​«អាកប្បកិរិយា​បង្ខិត​បង្ខំ ​និង​គឃ្លើន»​ របស់​ចិន​ចំពោះ​ប្រទេស​នៅ​ក្នុង​តំបន់​នោះ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា​នោះ។​

ការ​ទាក់ទង​តាម​ទូរស័ព្ទ​នេះ​ធ្វើ​ឡើង​ចំពេល​មាន​គម្រោង​ដំណើរ​ទស្សនកិច្ច​ជា​សក្តានុពល​ដោយ​ប្រធាន​រដ្ឋ​សភា​អាមេរិក​លោកស្រី​ Nancy Pelosi ​ទៅ​កាន់​កោះ​តៃវ៉ាន់ ​ដែល​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក Zhao Lijian ​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា ​«នឹង​ត្រូវ​បាន​ឆ្លើយតប​ដោយ​បង្ខំ»។ ​លោក​ Kirby ​បាន​និយាយ​ថា ​មិន​មាន​ការ​ផ្លាស់ប្តូរ​ចំពោះ​គោល​នយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​ទទួល​ស្គាល់​ទីក្រុង​ប៉េកាំង ​មិនមែន​តៃប៉ិ​នោះ​ទេ។​

«ខ្ញុំ​ប្រាកដ​ថា ​ក្នុង​ទម្រង់​ណា​ក៏​ដោយ​ ​លោក​ប្រធានាធិបតី​នឹង​បញ្ជាក់​ជា​ថ្មី​ថា ​គ្មាន​ការ​ផ្លាស់​ប្តូរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ចំពោះ​គោល​នយោបាយ​ចិន​តែ​មួយ​ ហើយ​ថា​ យើង​បន្ត​មិន​ចង់​ឃើញ​បញ្ហា​ឆ្លង​ច្រក​សមុទ្រ​ ឬ​ភាព​តានតឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ឯកតោ​ភាគី​នោះ​ទេ​ ​ហើយ​ពិត​ណាស់​មិន​មែន​ដោយ​កម្លាំង​ទេ​ ហើយ​ក៏​គ្មាន​ហេតុ​ផល​ធ្វើ​ដូច្នេះ​ដែរ»៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press និង Reuters។

XS
SM
MD
LG