ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Biden ស្វាគមន៍​លោក Suga នាយករដ្ឋមន្ត្រី​ជប៉ុន​ជា​ភ្ញៀវ​ទីមួយ​ និង​ជា​សម្ព័ន្ធមិត្ត​សំខាន់


រូបផ្គុំ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ថ្លែង​នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២០ និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ថ្លែង​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ 

លោក​ប្រធានាធិបតី Joe Biden ស្វាគមន៍​លោក Yoshihide Suga នាយក​រដ្ឋមន្រ្តីជប៉ុន​នៅថ្ងៃ​សុក្រ​នេះ​ ដែល​ជា​មេដឹកនាំ​បរទេស​ដំបូងគេ​ធ្វើ​ទស្សនកិច្ច​នៅ​សេតវិមាន​ដោយគូស​បញ្ជាក់​ តួនាទី​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ​នៅក្នុង​យុទ្ធសាស្រ្ត​សហ​រដ្ឋ​អាមេរិក ​ទប់ទល់​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង​ពី​ប្រទេស​ចិន។

មន្ត្រី​សហ​រដ្ឋអាមេរិក​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​ថា គេ​រំពឹង​ថា​ លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​មួយ​ថ្ងៃ​នេះ ​មាន​ដូចជា​វិធាន​ការ​បង្វែរ​បណ្តាញ​ផ្គត់ផ្គង់​ដែល​ពឹងផ្អែក​លើ​ប្រទេស​ចិន​ខ្លាំងពេក ​និង​ការ​តាំងចិត្ត​របស់​ប្រទេស​ជប៉ុន​ដាក់​ទុន​មាន​ទឹក​ប្រាក់​២​ពាន់លាន​ដុល្លារ​ធ្វើការ​ជា​មួយ​សហ​រដ្ឋ​អាមេរិក​បង្កើត​ជម្រើស​ថ្មី​ក្រៅពី​បណ្តាញ​ 5G ​របស់​ក្រុមហ៊ុន Huawei របស់​ចិន។

មន្ត្រី​រូប​នោះ​បាន​និយាយ​ថា គេក៏​រំពឹង​ដែរ​ថា​ លោក Biden និង​លោក Suga នឹង​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​ប្រទេស​ចិន​ផង​ដែរ រួមទាំង​ស្ថានភាព​នៅ​ក្រុង​ហុងកុង​និង​តំបន់​ស៊ីនជាង។ មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ ​បាន​បន្ត​ទៀត​ថា​ កិច្ចប្រជុំ​កំពូល​រំពឹង​ថា​ នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជាផ្លូវការ​មួយ​អំពី​កោះតៃវ៉ាន់​ដែល​កំពុងរង​សម្ពាធ​ខាង​យោធា​ពី​ប្រទេសចិន។

វានឹង​ក្លាយ​ជា​សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​មេដឹកនាំ​សហ​រដ្ឋ​អាមេរិក​និងមេដឹកនាំ​ជប៉ុន​លើក​ដំបូង​ស្តីពី​តៃវ៉ាន់​ តាំងពី​ឆ្នាំ​១៩៦៩។ ប៉ុន្តែ​វា​មិនទំនង​ជា​អ្វីដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​ថា នឹង​ទទួល​បាន​ពី​លោក Suga ទេ​ ព្រោះ​លោក​បន្ត​មរតក​គោល​នយោបាយ​ស្វែង​រក​តុល្យភាព​សន្តិសុខ​ជាមួយ​ទំនាក់​ទំនង​សេដ្ឋកិច្ច​នៅពេល​លោក​ឡើង​កាន់តំណែង​ជានាយក​រដ្ឋមន្រ្តី​ កាលពី​ខែ​កញ្ញា។ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​បន្ទាប់ពី​កិច្ច​ប្រជុំ​កាលពី​ខែមីនា​វវាង​សហ​រដ្ឋ​អាមេរិក​និង​ជប៉ុន​ មន្រ្តី​ភាគីទាំង​ពីរ ​បាន​គូស​បញ្ជាក់​ពីសារៈ​សំខាន់​នៃ​សន្តិភាព ​និង​ស្ថិរភាព​នៅច្រក​សមុទ្រ​តៃវ៉ាន់​ បង្ហាញ​ការ​ព្រួយ​បារម្ភរួម​អំពី​សិទ្ធិ​មនុស្ស​នៅហុងកុង​និង​តំបន់​ស៊ីងជាង៕​

XS
SM
MD
LG