ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden នឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលលើកទី២ និងជាលើកចុងក្រោយរបស់ក្រុមប្រទេស៤ឬQuad នៅថ្ងៃទី២១ ខែកញ្ញានេះ នៅក្នុងរដ្ឋ Delaware ដែលជាទីកន្លែងគេហដ្ឋានរបស់លោក។ នេះបើតាមការប្រកាសរបស់សេតវិមានកាលពីថ្ងៃព្រហស្បតិ៍។
លោកប្រធានាធិបតី Biden កំពុងរៀបចំផែនការធ្វើជាម្ចាស់ផ្ទះមេដឹកនាំ៣ប្រទេសផ្សេងទៀតរបស់ក្រុមនោះ ដែលមាននាយករដ្ឋមន្ត្រីអូស្ត្រាលីលោកAnthony Albanese នាយករដ្ឋមន្ត្រីឥណ្ឌា លោកNarendra Modi និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។ ជំនួបកំពូលនេះ នឹងត្រូវធ្វើឡើងនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកើតឡើងដំណាលគ្នានៅក្នុងបូរីញូវយ៉ក។
ពួកមេដឹកនាំត្រូវគេរំពឹងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការ រួមមានការយល់ដឹងភាពជាដៃគូនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់ផ្លូវនាវាចរ ជាកិច្ចផ្តួចផ្តើមដ៏សំខាន់មួយដែលមានគោលបំណងទប់ទល់នឹងភាពគគ្លើនរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យរបស់សេតវិមាន អ្នកស្រី Karine Jean-Pierreបញ្ជាក់នៅក្នុងសេចក្តីថ្លែង ការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា«ជំនួបកំពូលរបស់ពួកមេដឹកនាំ៤ប្រទេសឬQuad នឹងផ្តោតលើការបង្កើនការជួបគ្នាជាយុទ្ធសាស្ត្រក្នុងចំណោមប្រទេសរបស់យើង ធ្វើឱ្យជឿនលឿនទស្សនៈវិស័យរួមនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរ ហើយនឹងផ្តល់អត្ថប្រយោជន៍ដ៏សុក្រិត្យសម្រាប់ដៃគូនានានៅក្នុងតំបន់សំខាន់ៗក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
លោក Biden បានធ្វើជាម្ចាស់ផ្ទះជំនួបកំពូលរបស់មេដឹកនាំ Quad នៅឯសេតវិមាននៅឆ្នាំ២០២១។ ចាប់តាំងពីនោះមក ក្រុមនោះបានជួបគ្នាដោយផ្ទាល់២ដងនៅក្នុងប្រទេសជប៉ុន។ ក្នុងការឆ្លុះបញ្ចាំងនៃសារៈសំខាន់របស់ក្រុមនោះ លោក Biden បានធ្វើជាម្ចាស់ផ្ទះរៀបចំទទួលមេដឹកនាំទាំងអស់សម្រាប់ដំណើរទស្សនកិច្ចក្រោយមកជាផ្លូវរដ្ឋនៅសេតវិមាន។
ប្រទេសឥណ្ឌាមានគម្រោងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលនៅឆ្នាំនេះ ក៏ប៉ុន្តែ មេដឹកនាំទាំង ៤ប្រទេសបានព្រមព្រៀងគ្នាថា រដ្ឋាភិបាលឥណ្ឌា នឹងរៀបចំជំនួបកំពូលនោះនៅឆ្នាំ២០២៥ ជំនួសវិញ៕